ឯកឧត្តម អ៊ាង សុផល្លែត លើកទឹកចិត្តផ្សព្វផ្សាយលទ្ធផលវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ឱ្យបានទូលំទូលាយ
សៀមរាប៖ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ដែលប្រារព្ធឡើង៣ថ្ងៃលើ ទឹកដីអង្គរ ខេត្តសៀមរាប បានបិទបញ្ចប់ហើយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាមួយការតាំងចិត្តខ្ពស់ឆ្ពោះទៅកាត់បន្ថយកាកសំណល់ ជាពិសេសប្លាស្ទិក ដែលជាបញ្ហាប្រឈមដ៏ធំសម្រាប់បរិស្ថាន និងភពផែនដី។
ពិធីបិទវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឱ្យឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ពិធីបិទនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន រដ្ឋបាលខេត្ត និងស្រុកទូទាំងប្រទេស អង្គការក្នុងស្រុក និងក្រុមហ៊ុនឯកជន និងអ្នកចូលរួមអន្តរជាតិជាតំណាងប្រទេសសមាជិក អង្គការអន្តរជាតិ និងគ្រឹះស្ថានសិក្សាផងដែរ។
វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា រយៈពេល ៣ថ្ងៃនេះ មានកិច្ចពិភាក្សាយ៉ាងផុលផុសទៅលើប្រធានបទសំខាន់ៗចំនួន៨។ ប្រធាន បទទាំង៨ ដែលបានលើកមកជជែក និងពិភាក្សានេះរួមមាន៖ ១) ការបង្កើតភាពរួបរួម គ្នាក្នុង ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងកិច្ចព្រម ព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុតាមរយៈសេដ្ឋកិច្ចចក្រា, ២) សេដ្ឋកិច្ច ចក្រាឆ្ពោះទៅរកទេសចរណ៍ប្រកបដោយនិរន្តរភាព, ៣) សេដ្ឋកិច្ចចក្រាឆ្ពោះទៅ រកនិរន្តរ ភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប, ៤) សេដ្ឋកិច្ចចក្រា និងសហគ្រាសខ្នាតតូច និងមធ្យម (SMEs), ៥) ការផ្សារភ្ជាប់ចន្លោះខ្វះខាត នៃហេដ្ឋារចនាសម្ព័ន្ធ 3R ឆ្ពោះទៅរកសង្គមគ្មានសំណល់, ៦) ការប្រើប្រាស់ផលិតផល មេត្រីភាពបរិស្ថានជំនួសឱ្យប្លាស្ទិកដែលអាចប្រើតែម្តង, ៧) ការពិគ្រោះយោបល់លើ សេចក្តីព្រាង New 3R and Circular Economy Declaration (2024-2034) និងទី៨) សេចក្ដីព្រាងចុងក្រោយនៃរបាយការណ៍លើកទី២ ស្ដីពីស្ថានភាព នៃ 3Rs នៅអាស៊ី និងប៉ាស៊ីហ្វិក ការជំរុញសេដ្ឋកិច្ចចក្រានៅអាស៊ី និងប៉ាស៊ីហ្វិក ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងកោតសរសើរគ្រប់កិច្ចពិភាក្សាខាងលើប្រកបដោយផ្លែផ្កា ការដកស្រង់បទពិសោធន៍ និងការយល់ដឹង។ ឯកឧត្តម ក៏បានអរគុណចំពោះការចូលរួម យ៉ាងសកម្ម និងការរួមចំណែកពីគណៈប្រតិភូ អ្នកតាក់តែងគោលនយោបាយ តំណាងវិស័យឯកជន អ្នកស្រាវជ្រាវ និងអ្នកជំនាញពីវិស័យនានា។
ឯកឧត្តម អ៊ាង សុផល្លែត ក៏បានបង្ហាញនូវក្តីរំភើបផងដែរចំពោះវេទិកាឆ្នាំនេះ ព្រោះចៅ ហ្វាយក្រុង និងរដ្ឋបាលក្រុងកាន់តែច្រើនឡើងនៅក្នុងតំបន់ បានចុះហត្ថលេខាលើ សេចក្តីប្រកាស ស្ដីពី Indore 3R របស់ចៅហ្វាយក្រុងអាស៊ី លើការសម្រេចបាននូវ ទឹកស្អាត ដីស្អាត និងខ្យល់ស្អាតនៅក្នុងទីក្រុង។ ឯកឧត្តមបានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រ ចំពោះប្រទេសហត្ថលេខីសម្រាប់ការប្តេជ្ញាចិត្ត យ៉ាងមុតមាំចំពោះបរិស្ថាន។
បើទោះបីជាយ៉ាងណាឯកឧត្តម អ៊ាង សុផល្លែត ក៏បានទាញចំណាប់អារម្មណ៍របស់អ្នក ចូលរួមឱ្យចាប់អារម្មណ៍ទៅលើភាពប្រឈមលើបញ្ហាបរិស្ថាន បណ្តាលមកពីការរាតត្បាតដ៏អាក្រក់នៃជំងឺកូវីដ១៩ និងស្ថានការណ៍សកល នៅតែស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏សំខាន់មួយ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលបានអនុម័តជិតប្រាំបីឆ្នាំមុន។ ដើម្បីសម្រេចគោលដៅនេះ គឺត្រូវប្រឹងឱ្យអស់ពីសមត្ថភាពដើម្បី ស្តារពេលវេលាដែលបាត់បង់ដោយសារវិបត្តិកូវីដ-១៩ និងដើម្បីត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពរបស់យើងឡើងវិញ។
«ការអនុវត្តកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ជាងមុននៃគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា មានប្រយោជន៍យ៉ាងខ្លាំង ជាពិសេសក្នុងន័យកាត់បន្ថយកាក សំណល់ ការលើកកម្ពស់ចរាចរណ៍សម្ភារៈ ប្រសិទ្ធភាពធនធាន និងសេដ្ឋកិច្ចតំបន់ ក៏ដូចជាស្ដារធម្មជាតិឡើងវិញ»។ នេះជាការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត។
ឯកឧត្តមបន្តថា «យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការលើកកម្ពស់គោលការណ៍ 3R និងសេដ្ឋកិច្ចចក្រាយ៉ាងសកម្មនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គមរបស់យើង បានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងសម្រេចបាននូវ SDGs»។
ក្នុងសុន្ទរកថាបិទវេទិកាតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១នេះ ឯកឧត្តម អ៊ាង សុផល្លែត បានជំរុញបន្ថែមទៀតនូវការអភិវឌ្ឍន៍ និងការអនុវត្តឯកសារណែនាំពាក់ព័ន្ធ សេចក្តីប្រកាស ស្ដីពី Indore 3R របស់ចៅហ្វាយក្រុងអាស៊ី លើការសម្រេចបាននូវទឹកស្អាត ដីស្អាត និងខ្យល់ស្អាតនៅក្នុងទីក្រុង, សេចក្តីព្រាងនៃសេចក្តីប្រកាសស្ដីពី 3R និងសេដ្ឋកិច្ចចក្រា រួមទាំងសារាចរ (2024-2034) និង Second State of 3Rs ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងប៉ាស៊ីហ្វិកឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តម សុផល្លែត ក៏បានលើកទឹកចិត្ត ឱ្យផ្សព្វផ្សាយបន្ថែមទៀតនូវលទ្ធផលនៃវេទិកា ទៅកាន់សាធារណជនឱ្យបានទូលំទូលាយ រួមទាំងអ្នកដឹកនាំនយោបាយ អ្នកតាក់តែងគោលនយោបាយ យុវជន សង្គមស៊ីវិល និងវិស័យឯកជន។
សម្រាប់ឯកឧត្តម សុផល្លែត ធ្វើដូច្នេះ គោលការណ៍ 3R និងសេដ្ឋចក្រា នឹងកាន់តែមាន ប្រសិទ្ធភាព ហើយអាចក្លាយទៅជាសកម្មភាពជាក់ស្តែង ដើម្បីបង្កើតលទ្ធផលល្អជា អតិបរមា និងបម្រើជាមូលដ្ឋានគ្រឹះសម្រាប់មារដោះស្រាយយ៉ាងទូលំ ទូលាយនូវបញ្ហាបរិស្ថាន។
ឯកឧត្តម អ៊ាង សុផល្លែត បានបង្ហាញការជឿជាក់ថា តាមរយៈការរួបរួមគ្នាពីគ្រប់ភាគី នឹងធ្វើការផ្លាស់ប្តូរ ឆ្ពោះទៅសម្រេចបានគោលដៅសង្គមគ្មានកាកសំណល់ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើង និងតំបន់ដទៃ។
សូមបញ្ជាក់ថា ទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី 3R សេដ្ឋកិច្ចចក្រា ត្រូវបានធ្វើឡើងក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព»។ វេទិកាដែលប្រារព្ធឡើងជាលើកដំបូងនៅកម្ពុជា បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។
ពិធីបានបើកក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីក្រសួងស្ថាប័ន រដ្ឋបាលខេត្ត និងស្រុកទូទាំងប្រទេស អង្គការក្នុងស្រុក និងក្រុមហ៊ុនឯកជន និងអ្នកចូលរួមអន្តរជាតិប្រមាណ ៥០០នាក់ មកពី៣៩ប្រទេស ហើយក៏មានរដ្ឋមន្ត្រីចំនួន ៣ រួប ដែលមកពីប្រទេសជប៉ុន ម៉ាល់ឌីវ និងទូវ៉ាលូ ផងដែរ។
វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ មានគោលបំណងពិភាក្សាអំពីការជំរុញការអនុវត្ត 3R និងសេដ្ឋកិច្ចចក្រាក្នុងវិស័យសំខាន់ៗ និងផ្សារភ្ជាប់នឹងការសម្រេចនូវគោលដៅ អភិវឌ្ឍប្រកបដោយចិរភាព និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងជីវចម្រុះ។
វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅកម្ពុជារយៈពេល៣ថ្ងៃ បានផ្តោតលើសំខាន់លើការកាត់បន្ថយ ការប្រើឡើងវិញ និងកែច្នៃសំណល់ ជាពិសេសប្លាស្ទិក៕
















