សហរដ្ឋអាមេរិកដាក់បញ្ចូលអង្គភាពចិនចំនួន ៦ ទៅក្នុងបញ្ជីខ្មៅ ជុំវិញសំណុំរឿងបាឡុងចិន
វ៉ាស៊ីនតោន៖ ក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះបញ្ជាក់ថា ខ្លួនបានដាក់បញ្ចូលអង្គភាពរបស់ចិនចំនួន ៦ ទៅក្នុងបញ្ជីខ្មៅ សម្រាប់ការគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ទីក្រុងប៉េកាំង ជាពិសេសទាក់ទងនឹងកម្មវិធីអវកាស រួមទាំងយានអាកាស និងបាឡុង។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ទទួលបន្ទុកឧស្សាហកម្ម និងសន្តិសុខ លោក អាឡាន អេស្តេវេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រើប្រាស់បាឡុងកម្ពស់ខ្ពស់របស់ចិន គឺរំលោភលើអធិបតេយ្យភាពរបស់យើង និងគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។
លោកថា សកម្មភាពថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ថា អង្គភាពដែលព្យាយាមធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក នឹងត្រូវកាត់ផ្តាច់ពីការចូលប្រើបច្ចេកវិជ្ជារបស់សហរដ្ឋអាមេរិក។អង្គភាពដែលដាក់ចូលទៅក្នុងបញ្ជីខ្មៅ ត្រូវបានរឹតត្បិតពីការទទួលបានទំនិញ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល។
ចំណាត់ការខាងលើនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីសមាជិកសភាអាមេរិកបានថ្កោលទោសជាឯកច្ឆ័ន្ទ ចំពោះការប្រើប្រាស់បាឡុងរបស់ចិន ដែលមន្រ្តីអាមេរិកសង្ស័យថា ជា “បាឡុងចារកម្ម” ដែលបានហោះអណ្តែតលើដែនអាកាសអាមេរិកខាងជើងកាលពីសប្តាហ៍មុន។
ការហោះរយៈពេលជាច្រើនរបស់បាឡុងរបស់ចិនពីរដ្ឋ Alaska ទៅកាន់រដ្ឋ South Carolina បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន និងមន្ត្រីអាមេរិក មុនពេលដែលយោធាអាមេរិកបាញ់ទម្លាក់វានៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា



