ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគទៅលើដំណាំស្វាយចន្ទី នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុមហ៊ុនរបស់ជប៉ុន គ្រោងនឹងពង្រីកការវិនិយោគទៅលើដំណាំ”ស្វាយចន្ទី” នៅតំបន់អតីតចម្ការមីន ដែលស្ថិតក្នុងខេត្តបាត់ដំបង និងដើម្បីនាំចេញយកទៅកាន់ទីផ្សារក្រៅប្រទេស និងចម្រាញ់ធ្វើជាប្រេងឥន្ធនៈ ។ នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុន Top Planning Japan Co.,LTD នៃ ប្រទេសជប៉ុន ក្នុងកិច្ចជំនួប រវាងឯកឧត្តម ហេងរតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង លោក Tetsuo MURAYAMA អគ្គនាយកក្រុមហ៊ុន Top Plann-ing Japan Co.,LTD។ លោក Tetsuo បានលើកឡើងថា បច្ចុប្បន្ននៅកម្ពុជា”ដំណាំស្វាយចន្ទី”ក្នុងមួយឆ្នាំអាចទទួលផលបានជាង១លានតោនដែលនេះចាត់ទុកថា៖ជាប្រទេសដាំបានច្រើនក្នុងចំណោមប្រទេសមួយចំនួនក្នុងពិភពលោក។ ហើយក្នុងនោះ បានលក់ក្នុងតម្លៃស្រស់ បានប្រមាណ១ពាន់លានដុល្លារទៀតផង។ដូចនេះក្រុមហ៊ុនរបស់លោក គ្រោងបោះទុនវិនិយោគនឹងកែច្នៃអាចលក់បានរហូតដល់ ៣ពាន់លានដុល្លារ ។

លោកអគ្គនាយកក្រុមហ៊ុនបន្តថា ក្រុមហ៊ុនក៏ចង់ពង្រីកការវិនិយោគបន្ថែមផងដែរនៅក្នុងខេត្តបាត់ដំបងលើទីតាំងដែលត្រូវបានបោសសម្អាតមីន រួចរាល់។ ដោយក្នុងនោះ មានទាំងការកែច្នៃផ្លែស្វាយចន្ទីនាំចេញ និងចម្រាញ់ធ្វើជាប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ផងដែរ។លោកបានប្ញ្ជាក់បន្ថែមថា៖ការវិយោគបែបនេះ នឹងជួយធ្វើឲ្យស្វាយចន្ទីរនៅកម្ពុជាមានទីផ្សារនិង កាន់តែមានតម្លៃ ជួយធ្វើឲ្យសេដ្ឋកិច្ចបងប្អូនប្រជាកសិករដាំដុះដំណាំស្វាយចន្ទីនេះ បានកាន់តែល្អប្រសើរឡើងថែមទៀត ។

តាមរយៈកិច្ចជំនួបនេះ លោក MURAYAMA ក៏បានស្នើដល់ស៊ីម៉ាក់ឲ្យជួយគាំទ្រ និងសហការ លើការងារបោសសំអាតមីន និងដើម្បីឲ្យគម្រោងនេះអាចអនុវត្តទៅបានខណៈដែលភាគីក្រុមហ៊ុន ក៏មានដៃគូក្រុមហ៊ុនដែលមានឧបករណ៍បោសសំអាតមីនទំនើបៗ សម្រាប់ធ្វើការបោសសម្អាតមីន ដើម្បីចូលរួមលើការអនុវត្តគម្រោងនេះផងដែរ ។

ឯកឧត្តម ហេង រតនា បានសម្ដែងនូវការគាំទ្រពេញទំហឹង ដោយបានផ្តោតនូវការវាយតម្លៃពីគម្រោងដែលបានលើកឡើងខាងលើព្រោះវាពិតជានឹងផ្ដល់នូវផលប្រយោជន៍ជាច្រើនដល់កសិករកម្ពុជា រំពឹងថា ៖ប្រជាកសិករ និងពលរដ្ឋកម្ពុជា នឹងអាចទទួលបាននូវចំណេះដឹងបន្ថែមទៀតពាក់ព័ន្ធទៅនឹងការកែច្នៃផលិតផលកសិកម្មពីប្រទេសជប៉ុននិងពីអ្នកជំនាញផ្ទាល់។

ឯកឧត្តម អគ្គនាយកCMAC ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុនដែលបានបោះទុនធ្វើការវិនិយោគជាបន្តបន្ទាប់ នូវគម្រោងនានាក្នុងប្រទេសកម្ពុជា តាមរយៈរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋជប៉ុន ដែលតែងតែផ្ដល់នូវជំនួយជាច្រើនដល់កម្ពុជាដោយបានផ្តោតសំខាន់ នូវ ក្នុងការគាំទ្រ លើវិស័យមីនផងដែរ ។

សូមបញ្ជាក់ថា៖ កន្លងទៅ ក្រុមហ៊ុន Top Planning Japan(TPJ) មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី”ជ័យសំបូរ” ដែលត្រូវបានធ្វើឡើង ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ខ្នាតតូច និងជាការសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ហើយគ្រាប់ស្វាយចន្ទីកែច្នៃរួច ជាកសិផលនាំចេញ ដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ។ គិតចាប់ពីឆ្នាំ២០១៩ ដល់ ២០២២ គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា បាននាំចេញទៅប្រទេសជប៉ុន ប្រមាណជាង ១៨៤តោន ។ ក្នុងនោះឆ្នាំ២០២២កន្លងទៅ មានចំនួនប្រមាណជាង ១២៦តោន ៕ ./.អ៊ុក សំអាន បប

ads banner