សហគមន៍កសិកម្មលើកកម្ពស់កសិករ នៅខេត្តព្រះវិហារ ទទួលបាន ហិរញ្ញប្បទានឥតសំណងដើម្បីធ្វើជាទុនទិញ-លក់ដំឡូងមី
ភ្នំពេញ៖សហគមន៍កសិកម្មលើកកម្ពស់កសិករនៅខេត្តព្រះវិហារ កាលពី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះហត្ថលេខាទទួលហិរញ្ញប្បទាន ឥត សំណង៤០ភាគរយ ដែលបានផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដែល ស្មើនឹង ៣៧ ៤៦០ ដុល្លារអាមេរិក ដើម្បីធ្វើជាទុនបង្វិលទិញ-លក់ដំឡូង មីស្រស់ និងស្ងួតពីសមាជិកជាអ្នកផលិត។

លោក ដៀប ចោម តំណាងសហគមន៍លើកកម្ពស់កសិករ បានឱ្យដឹងថា កិច្ចព្រមព្រៀងនៅថ្ងៃនេះ អាចជួយដោះស្រាយបញ្ហាមួយចំនួនដែល សហគមន៍ កំពុងជួបប្រទះដូចជាខ្វះឃ្លាំងស្តុកដំឡូងមីស្ងួត ជញ្ជីងថ្លឹង ការគ្រប់គ្រងហិរញ្ញវត្ថុសហគមន៍កសិកម្ម ការបណ្តុះបណ្តាលបច្ចេក ទេសកសិកម្ម ទុនបង្វិលទិញសម្រាប់លក់ដំឡូងមី ជួយធានាតំលៃទីផ្សារ ដំឡូងមី។

ពាក់ព័ន្ធតម្លៃវិញ តំណាងសហគមន៍រូបនេះបានបញ្ជាក់ថា៖« ការទទួល ទិញ ដំឡូងមីស្រស់នាពេលបច្ចុប្បន្ន ខាងក្រុមហ៊ុនទទួលទិញក្នុងតម្លៃ ៣៨៥ រៀល ក្នុងមួយគីឡូក្រាមដែលជាតម្លៃទិញនៅទីផ្សារក្នុងស្រុក »។
លោកបានបន្ថែមថា តាមផែនការរបស់សហគមន៍កសិកម្មលើកកម្ពស់ កសិករ កិច្ចព្រមព្រៀងនៅថ្ងៃនេះនឹងចាប់ផ្តើមអនុវត្តផែនការអាជីវកម្ម របស់ខ្លួនរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដើម្បីកែលម្អខ្សែច្រវាក់ ផលិតកម្ម និងពង្រីកទំហំផលិតកម្មដំឡូងមីសរីរាង្គស្រស់ជាមធ្យមចំនួន ៦៥៦ ២៥០ ដុល្លារក្នុងមួយឆ្នាំ និងពង្រីកទំហំផលិតកម្មដំឡូងមីស្ងួត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកក្នុងបរិមាណ ២ ៨៩២ តោនក្នុង១ឆ្នាំ ឬ ៩ ៥៧៦ តោន រយៈពេលបីឆ្នាំ ដែលអាចបង្កើនប្រាក់ចំណូលជា មធ្យម ចំនួន៦១១ ៦៥៨ដុល្លារ។
បើតាមក្រសួងកសិកម្ម ក្រៅពីសហគមន៍កសិកម្មលើកកម្ពស់កសិករហើយ សហគមន៍កសិកម្មស្ត្រីរតនៈ និងសហគមន៍កសិកម្មតស៊ូសែនជ័យ ស្រុកជ័យសែន ខេត្តព្រះវិហារដដែល ក៏បានទទួលការគាំទ្រហិរញ្ញទាន ឥតសំណងបំពេញបន្ថែមទុនវិនិយោគពីគម្រោង CASDP ផងដែរ កាលពី នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។
សូមជម្រាបថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ត្រូវបានដឹក នាំ អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការសហការ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ធនធាន ទឹកនិងឧតុនិយម ជាភ្នាក់ងារអនុវត្តគម្រោង។
គម្រោង(CASDP) នេះ អនុវត្តតាមតម្រូវការជាក់ស្តែងតាមរយៈផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំដែលមានសង្គតភាពជាមួយយុទ្ធសាស្រ្ត ចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់ធនាគារពិភព។ ខេត្តគោលដៅគម្រោងរួមមាន បាត់ដំបង រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ សៀមរាប កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងភ្នំពេញ។ នៅក្នុងនោះគោលដៅចម្បងរបស់គម្រោង គឺជួយសម្រប សម្រួលដល់ការធ្វើពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្មក្នុងតំបន់គោលដៅកម្រោង។ គម្រោងមានសមាសភាគចំនួនប្រាំ ជំរុញពិពិធកម្មកសិកម្ម គាំទ្រ ហេដ្ឋារចនាសម្ព័ន្ធសាធារណ ការគ្រប់គ្រង ការសម្របសម្រួល និង ការ តាមដាននិងវាយតម្លៃគម្រោង និងការធ្វើអន្តរាគមន៍សម្រាប់ឆ្លើយតប សង្គ្រោះ បន្ទាន់៕
ដោយ៖វណ្ណ សុជាតា