ក្រសួងទេសចរណ៍ចាប់ផ្តើមពង្រឹងគុណភាពមណ្ឌលព័ត៌មានទេសចរណ៍តាមខេត្ត ដើម្បីបង្កើតការទាក់ទាញពីទេសចរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងទេសចរណ៍ចាប់ផ្តើមពង្រឹងការងារគ្រប់គ្រងមណ្ឌល ព័ត៌មាន ទេសចរណ៍នៅតាមរាជធានី-ខេត្ត ដែលត្រូវបានចាត់ទុកថាជាការងារស្នូល សំខាន់មួយដែលអនុវត្តស្របតាមផែនទីចង្អុលផ្លូវស្ដីពីការស្ដារ និងលើក ស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ ២០២០-២០២៥ និងវិធានការគោលនយោបាយជំរុញចលនាទេស ចរណ៍ ផ្ទៃ ក្នុងឆ្នាំ ២០២១-២០២៣។

នៅក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ដើម្បីជំរុញនិងពង្រឹងគុណភាពសេវាផ្ដល់ព័ត៌មានទេសចរណ៍តាមមណ្ឌលព័ត៌មានទេសចរណ៍ ដែលមាននៅតាមរាជធានី-ខេត្ត កាលពីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខា ធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មាន ទេសចរណ៍បានឱ្យដឹងថា កិច្ចប្រជុំបានធ្វើការពិភាក្សារកធាតុចូលសំខាន់ៗ មួយ ចំនួន និងទទួលបានលទ្ធផលជាវិជ្ជមាន។មានសំណើមួយចំនួន ដែល ត្រូវ បាន ស្នើដល់ មណ្ឌលព័ត៌មានទេសចរណ៍តាមរាជធានី-ខេត្តឱ្យអនុវត្តរួម មាន ស្នើឱ្យមានការសហការបន្ថែមពីសំណាក់រដ្ឋបាលរាជធានី-ខេត្តក្នុងការ ផ្ដល់ទីតាំងនិងការគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍តាមស្ដង់ដារមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការបម្រើដល់ភ្ញៀវ ទេសចរ។

ឯកឧត្តមបានបញ្ជាក់ថា ត្រូវបន្ដពង្រឹងគុណភាពមណ្ឌលព័ត៌មានទេសចរណ៍ ឱ្យបានល្អប្រសើរស្របតាមតម្រូវការភ្ញៀវទេសចរ និងពង្រីកលទ្ធភាពក្នុង ការផ្ដល់ព័ត៌មានទេសចរណ៍ទៅកាន់ភ្ញៀវឱ្យកាន់តែទូលំទូលាយតាមគោលដៅទេសចរណ៍ទាំងអស់។ ពិនិត្យមើលលទ្ធភាពបន្ថែមក្នុងការសាងសង់ មណ្ឌលព័ត៌មានទេសចរណ៍ ឬបញ្ជរផ្ដល់ព័ត៌មានទេសចរណ៍ថ្មីៗបន្ថែមទៀត ជាមួយគ្នានេះក៏ត្រូវធ្វើការកែសម្រួល និងជួសជុលមណ្ឌលព័ត៌មាន ទេសចរណ៍ ដែលមានស្រាប់មានលក្ខណៈតាមស្ដង់ដារឡើងវិញ។

ឯកឧត្តមបានបន្ថែមថា ត្រូវតែបន្ដជំរុញ និងស្វែងរកកិច្ចសហការក្នុងភាព ជាដៃគូជាមួយផ្នែកឯកជន PPP(s) ឬស្ថាប័នពាក់ព័ន្ធនានាក្នុងការសាងសង់ និងគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ ស្របតាមយន្ដការរដ្ឋ និងឯកជន ដើម្បីធានានិរន្តរភាពក្នុងការប្រតិបត្តិការមណ្ឌលព័ត៌មានទេសចរណ៍យូរអង្វែង។ ការសាងសង់នេះទៀតសោត ក៏ត្រូវធ្វើការសិក្សា ដោយបត់បែន តាម ទីតាំង និងលទ្ធភាពក្នុងការសង់ពីសំណាក់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តែមិនត្រូវចាកឆ្ងាយខុសពីស្ដង់ដារមណ្ឌលព័ត៌មានកម្ពុជាដែលកំពុងមាន។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បាននិយាយ ថា ពង្រឹងគុណភាពមណ្ឌលព័ត៌មានទេសចរណ៍តាមខេត្តគឺជារឿងសំខាន់ ព្រោះថា មណ្ឌលនេះ ជាទីតាំងដែលត្រូវផ្តល់ព័ត៌មានច្បាស់លាស់ និងត្រឹម ត្រូវ ដល់ភ្ញៀវទេសចរ ក្នុងការស្វែងរកដំណើរកម្សាន្ត ទៅកាន់តំបន់ទេស ចរណ៍ នានា ដែលអាចបង្កលក្ខណៈស្រួលដល់ពួកគាត់ ក្នុងជ្រើសទីតាំង ស្នាក់ ហូបចុក ជាដើម។
លោកបានបញ្ជាក់ថា អ្នកទេសចរជាតិ និងអន្តរជាតិ តែងតែចង់បានព័ត៌មាន ច្បាស់លាស់ពីកន្លែងកម្សាន្តថ្មីៗ ផលិតផលទេសចរណ៍ថ្មី តម្លៃសមរម្យ និង ការបម្រើ សេវាកម្មប្រកបដោយភាពកក់ក្តៅពីយើង។ដូចនេះវាពិតជាសំខាន់ ដែលមណ្ឌលព័ត៌មានទេសចរណ៍នៅតាមបណ្តាខេត្តនានា ជាពិសេស ខេត្តដែលជាតំបន់គោលដៅទេសចរណ៍ ត្រូវតែពង្រឹង និងអភិវឌ្ឍន៍ ចំណេះដឹងរបស់ខ្លួនជានិច្ច ដើម្បីទាក់ទេសចរឡើងវិញ។
សូមជម្រាបជូនផងដែរថា ការបើកកិច្ចប្រជុំនេះ ក្រៅតែពីដើម្បីពង្រឹងការងារ គ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ ហើយកិច្ចប្រជុំនេះ ក៏ដើម្បីជាការ តម្រង់ ទិសឆ្ពោះទៅរកបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ នាឱកាស កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ាវ៉ាហ្គេមលើកទី១១ ឆ្នាំ២០២៣ នាពេលខាងមុខនេះផងដែរ៕
ដោយ៖វណ្ណ សុជាតា

ads banner