កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា
ព្រៃវែង៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ពេញមួយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានអ្នកពាក់ព័ន្ធចូលរួមជាង ៥០០នាក់ និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងសញ្ញាបត្រទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន ៣នាក់ និង B ចំនួន ៦៦នាក់ មកពីវិទ្យាល័យចំនួន ៣ ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង ឯកឧត្តម ហ៉ឺ បាវី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកព្រះស្តេច បានជំរុញឱ្យសមាជិកបក្ស ក្រុមការងារចុះជួយស្រុក ឃុំ ភូមិ ទាំងអស់ បន្តសហការគ្នា ក្នុងការដណ្ដើមយកប្រៀបឈ្នះនៅក្នុងការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខនេះ ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងពីគោលនយោបាយរបស់គណបក្ស ដែលបន្តការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន ដូចជា៖ ថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានា ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ។ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងជឿទុកចិត្ត បន្តអនុវត្តការមិនយកកម្រៃសេវាសាធារណៈផ្សេងៗ។ បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ, បែងចែក និងផ្តល់កម្មសិទ្ធិដីជូនគ្រួសារក្រីក្រគ្មានដីដែលបានអនុវត្តតាមលក្ខខណ្ឌ សម្បទានដីសង្គមកិច្ច, ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគ្រប់ប្រភេទរបស់រដ្ឋដោយខុសច្បាប់ និងបន្តធ្វើប្រទានកម្មដី ជូនប្រជាជនរស់នៅ និងអាស្រ័យផលលើទីតាំងដីរដ្ឋតាបគោលការណ៍ដែលរដ្ឋបានកំណត់។ បន្តអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានាទូទាំងប្រទេស, អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋមានសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះឱ្យកូនចៅ ឬអ្នកដទៃបាន, បន្តកាត់បន្ថយចំណាយសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈយន្តការនៃការរក្សាស្ថិរភាព ថ្លៃម្ហូបអាហារ និងកាត់បន្ថយថ្លៃទឹក និងថ្លៃអគ្គិសនីសម្រាប់ប្រជាជនទូទៅ។ លើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, “បន្តអភិវឌ្ឍគ្រប់ឃុំ សង្កាត់ ឱ្យមានផ្លូវ គមនាគមន៍កាន់តែល្អ តាមរយៈការជួសជុលថែទាំផ្លូវជាប្រចាំ ការស្ថាបនាផ្លូវថ្មីៗថែមទៀត និងការលើកកម្ពស់ផ្លូវ ពីផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធធារាសាស្ត្រ ល្អប្រសើរ និងមានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព។ បន្ដដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, បន្តកែសម្រួល និងដំឡើងប្រាក់ សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បន្តដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត, លើកកម្ពស់ការការពារសិទ្ធិ កម្មករទាំងក្នុង និងក្រៅប្រពន្ធ, បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបន្តអនុវត្តកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៃគ្រួសារក្រីក្រ។ លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព និងសមធម៌ជូនប្រជាជន។ បន្តផ្តល់សេវាថែទាំសុខភាពបឋមនៅមណ្ឌលសុខភាព និងសេវាបង្ការ ធ្វើរោគវិនិច្ឆ័យ ព្យាបាល ថែទាំ និងស្តារនីតិសម្បទានៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសដោយមិនបង់ថ្លៃជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធី មូលនិធិសមធម៌សុខាភិបាល, ពង្រីកសាលាបឋមសិក្សាដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យដល់គ្រប់ឃុំ និងបង្កើនវិទ្យាល័យនៅតាមស្រុក, យុវជនទទួលបានឱកាសក្នុងការរៀនសូត្រ បណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការងារធ្វើ និងពង្រឹងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍តាមច្បាប់ជាធរមាន និងបង្ក្រាបការលួចជ្រៀតចូលការស្នាក់នៅ និងការធ្វើសកម្មភាពខុសច្បាប់របស់ជនបរទេសដែលបានចូលមកកម្ពុជា ។

ដោយឡែកមានប្រសាសន៍ទៅកាន់សិស្សនិទ្ទេស A និង B, ឯកឧត្តម ហ៉ឺ បាវី បានកោតសរសើរ និងលើកទឹកចិត្តសិស្សដែលប្រលងសញ្ញាបត្រទុតិយភូមិគ្រប់និទ្ទេស ខិតខំសិក្សានៅថ្នាក់ឧត្តមបន្តទៀត ជាពិសេស ត្រូវជ្រើសរើសជំនាញណាដែលមានទីផ្សារការងារល្អ។ ទន្ទឹមនេះ ក្រៅពីទទួលបានអាហារូបករណ៍ដែលរាជរដ្ឋាភិបាលផ្ដល់ជូន ឯកឧត្តមប្រធានក្រុមការងារ ក៏បានផ្ដល់ឱកាសឱ្យសិស្សនិទ្ទេស A និង B អាចជ្រើសរើសការសិក្សា ៥០% និងធ្វើការងារនៅកំពង់ផែស្វ័យតភ្នំពេញ ៥០% ក៏បាន។

ឯកឧត្តមប្រធានក្រុមការងារ ហ៉ឺ បាវី និងក្រុមការងារ បានផ្ដល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ៣នាក់ ក្នុងម្នាក់ទទួលបានទូរស័ព្ទដៃម៉ាក Huawei សេរីថ្មី ១គ្រឿង ចំណែកសិស្សនិទ្ទេស B ចំនួន៦៦នាក់ ក្នុងម្នាក់ទទួលបាន កំព្យូទ័រយួរដៃ ១គ្រឿងផងដែរ ៕ ដោយ វណ្ណលុក

