លោក ឡុង ឌីម៉ង់៖ ការជួយជ្រោមជ្រែងរបស់ចិន លើកការអភិវឌ្ឍខេត្តព្រះសីហនុ ជាសមិទ្ធផលដ៏ធំមួយរបស់កម្ពុជា

អត្ថបទដោយ៖
CPA

អាជ្ញាធរខេត្តព្រះសីហនុ ស្វាគមន៍ និងសាទរ ចំពោះ សេចក្ដីថ្លែងការណ៍ រួមដែលបានលើកឡើងពីចំណុចដែលថា ភាគីទាំងពីរ កម្ពុជា និង ចិន នឹងពិនិត្យលទ្ធភាពអភិវឌ្ឍន៍ «ច្រក របៀង ឧស្សាហកម្ម និង បច្ចេកវិទ្យា» ដើម្បីសម្រេច ឱ្យ បាន នូវ ចក្ខុវិស័យ ក្នុង ការ អភិវឌ្ឍ ខេត្ត ព្រះសីហនុឱ្យទៅជាតំបន់ សេដ្ឋកិច្ច ពិសេស ពហុបំណងគំរូមួយ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះបានបញ្ជាក់ថា ការ កសាង តំបន់ សេដ្ឋកិច្ច ពិសេស ក្រុង ព្រះសីហនុ ជាគម្រោងលេចធ្លោ និង ផ្លូវ ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញសហគ្រាស ចិន ដែលមានសមត្ថភាព បន្ថែមទៀត ក្នុងការបង្កើនការវិនិយោគនៅ កម្ពុជា ពិនិត្យលទ្ធភាពលើសហប្រតិបត្តិការ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន បណ្តាញអគ្គិសនី បណ្តាញខ្សែកាប្លិ៍ អុបទិក ឃ្លាំងស្តុកទំនិញ និង ភ័ស្តុភារកម្ម ដើម្បីបង្កើន ប្រសិទ្ធភាព សមាហរណកម្ម នៃកិច្ចសហប្រតិបត្តិការ សមត្ថភាព ផលិតកម្ម កម្ពុជា-ចិន ដែល មាន លក្ខណៈចម្រុះ។

នៅក្នុងស្របពេលដែលបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី លោក ឡុង ឌីម៉ង់ អភិបារងខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា បេសកកម្មរបស់លោកទៅកាន់ប្រទេសម៉ាឡេស៊ីនាពេលនេះ ក៏ស្ថិតនៅក្នុងក្របខ័ណ្ឌនៃការកសាងផែនការមេ ដើម្បីតម្រង់ទិស ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យ ទៅ ជាតំបន់សេដ្ឋកិច្ច ពិសេស ពហុបំណង គំរូ មួយដែរ។
លោកបានបន្ថែមថា ផែនការមេ ដែល សិក្សា និង រៀបចំ ដោយ ក្រុមការងារ របស់ វិទ្យាស្ថាន (UPDIS) នេះ ជាមហិច្ឆតាដ៏ធំមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាខេត្តព្រះសីហនុផ្ទាល់ ដោយផែនការមេនេះ មាន គោលដៅ ដើម្បី ប្រែក្លាយ ខេត្ត ព្រះសីហនុ ជា ប៉ូល នៃ ការអភិវឌ្ឍ ថ្មី មួយ និង ជាទីក្រុងឆ្លាតវៃ មា នការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ និង ជាទីក្រុងបៃតង (Green city) ព្រមទាំង ជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម, សេវាកម្ម និង ឡូ សជីស្ទីក ដ៏រស់រវើក នៅក្នុងតំបន់ អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុ ទៅនឹងខ្សែច្រវ៉ាក់ ផលិតកម្ម និងការផ្គត់ផ្គង់ ក្នុងតំបន់ និង ពិភពលោក។

លោកបានបន្តថា តាមរយៈសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងចិន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិត ដោយភាគីចិន ថានឹង ពិនិត្យលទ្ធភាព អភិវឌ្ឍន៍ «ច្រក របៀង ឧស្សាហកម្ម និង បច្ចេកវិទ្យា» ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការ អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ច ពិសេស ពហុបំណង គំរូ មួយនេះ គឺជាសមិទ្ធផលដ៏ធំធេងមួយ ចំពោះការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ដើម្បីសម្រេចផែនការនេះ។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការគាំទ្រលក្ខណៈនយោបាយរវាងថា្នក់ដឹកនាំទាំងពីរ ដែលជាការគាំទ្រគ្នា ជាលក្ខណៈ មិត្តភាពដែកថែបដ៏យូរ អង្វែងនេះ ខ្ញុំគិតថា នឹងជួយឱ្យការអភិវឌ្ឍខេត្តព្រះសីហនុយើងនេះ ឆ្ពោះទៅរកគោលដៅដែលយើងចង់បាន។ ខេត្តព្រះសីហនុជាច្រកប៉ូលសេ ដ្ឋកិច្ចទី២ ដែលជាច្រកដ៏សំខាន់ ដោយទាមទារឱ្យមានការរៀបចំឱ្យបានត្រឹមត្រូវ ដូចនេះការជំរុញផ្នែកសេដ្ឋកិច្ច វិនិយោគ ឧស្សាហកម្ម ទេស ចរ ណ៍ នេះហើយ ដែលជាចំណុចចាប់ផ្តើម ដែលជាគាំទ្រមួយដ៏ស៊ី ជម្រៅ និងមានអត្ថន័យ»។
លោកបានបញ្ជាក់បន្ថែមទៀតថា ជាក់ស្តែងដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាការវិនិយោគមួយរបស់ចិន ដ៏មានសារៈសំខាន់ណា ស់ ដោយតំបន់សេដ្ឋកិច្ចពិសេសនេះបានដើរតួនាទីយ៉ាងសំខាន់ ទោះបីជាអំឡុងពេលកូវីដ១៩ក៏ដោយ ក៏ការផលិតនិងការនាំចេញមានការកើនឡើងដែរ។ ម្យ៉ាងវិញទៀត តំបន់សេដ្ឋកិច្ចនេះ ក៏ជាគំរូមួយនៃការអនុវត្តគោលនយោ បាយ ផ្លូវ និងខ្សែក្រវ៉ាត់ដ៏ជោគជ័យរបស់ចិនដែរ ដោយទាំងចិន និ ងកម្ពុជា សុទ្ធតែទទួលបាននូវផលប្រយោជន៍ពីការអនុវត្តគោល នយោបាយនេះ។
អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានលើកឡើងថា ចំពោះការរៀបចំខេត្តព្រះសី ហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពហុបំណងនេះ គឺក្នុងទម្រង់ទីក្រុង ប៊ូសាន របស់ប្រទេសកូរ៉េដែរ។

លោកបានបញ្ជាក់ថា ៖ «អ្វីដែលរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការមេសម្រាប់កសាងតំបន់នេះ គឺជាសក្តានុពលមួយ ដែលជំរុញឱ្យមានតំបន់ពា ណិជ្ជកម្មនិងសេដ្ឋកិច្ចពិសេស នៅជាប់មាត់សមុទ្រ ដែលជាតំបន់ងាយស្រួល និងប្រមូលផ្តុំ ក្នុងធ្វើពាណិជ្ជកម្ម ជំនួញ ហិរញ្ញវត្ថុ និងទេសចរណ៍ជាដើម។យើងជឿជាក់ ផែនការមេនេះ មានការសិក្សាហានិភ័យ ឱ្យបានច្បាស់លាស់ ជាពិសេសពាក់ព័ន្ធបញ្ហាបរិស្ថាន ដូចជាការចាក់ដីចូលសមុទ្រជាដើម ដើម្បីចៀសវាងការអភិវឌ្ឍដែលមិនមាននិរន្តភាព»។

នៅក្នុងជំនួបពិភាក្សាផ្លូវការ រវាងនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលថ្ងៃ ទី១០ ខែកុម្ភៈនេះ នៅក្នុងសាល នៃមហាវិមានប្រជាជនចិន ក្នុង រដ្ឋធានី ប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន លោក លី ខឺឈាង នាយក រដ្ឋមន្រ្តី នៃ សាធារណរដ្ឋ ប្រជាមានិត ចិន បានថ្លែងថា ភាគីទាំងពីរត្រូវ អភិវឌ្ឍសមត្ថភាព ផលិតកម្ម គឺ ពង្រឹងកិច្ចសហប្រតិបត្តិការ យុទ្ធសាស្រ្ត និង ការបន្ស៊ីគ្នា រវាងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និង ផ្លូវ និង យុទ្ធសាស្រ្ត ចតុកោណ ដោយត្រូវ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាគំរូ តំបន់ សេដ្ឋកិច្ច ពិសេស ពហុបំណង ។

សូមជម្រាបថា ផែនការមេ អភិវឌ្ឍ ខេត្ដ ព្រះសីហនុ ទៅជា តំបន់ សេដ្ឋកិច្ច ពិសេស គំរូ ពហុបំណង មានគោលបំណង ប្រែក្លាយ ខេត្ត ព្រះសីហនុ ទៅជាច្រកទ្វារជាតិ និង ជាក្បាលម៉ាស៊ីន សម្រាប់ជំរុញ ការអភិវឌ្ឍដោយមាន ផ្តោតលើ វិសាលភាព យុទ្ធសាស្ត្រ ដូចជា ក្លាយជា មជ្ឈមណ្ឌល ឧស្សាហកម្ម និង មជ្ឍមណ្ឌល ភស្តុភារ កម្ម សម្រាប់ តំបន់ អាស៊ាន, មជ្ឈមណ្ឌល ហិរញ្ញវត្ថុ និង ពាណិជ្ជកម្ម ថ្នាក់ តំបន់, មជ្ឈ មណ្ឌល វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា នវានុវត្តន៍ ថ្នាក់ជាតិ និង ប្រែក្លាយ ទីក្រុង ព្រះសីហនុ ដែលជា ទីក្រុង តំបន់ឆ្នេរ របស់ កម្ពុជា៕ ដោយ ៖ វណ្ណ សុជាតា

ads banner