ការ ហ្វឹកហ្វឺនជំនាញមូលដ្ឋានបោសសំអាតគ្រឿងផ្ទុះ រយៈពេល១ខែ ត្រូវ បានបញ្ចប់

អត្ថបទដោយ៖
CPA

បានបញ្ចប់
ភ្នំពេញ:
សិក្ខាកាមចំនួន ៣០នាក់ ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងក្រសួងមហាផ្ទៃផងដែរ ត្រូវ បាន បញ្ចប់ ការ ហ្វឹកហ្វឺនជំនាញមូលដ្ឋានបោសសំអាតគ្រឿងផ្ទុះ រយៈពេលមួយខែ ដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការ និងហិរញ្ញប្បទានពីសាធារណរដ្ឋបារាំង។
នា ពិធីបិទបញ្ចប់ វគ្គហ្វឹកហ្វឺនជំនាញ បោសសំអាតគ្រឿង ផ្ទុះ កាល ពី ចុង សប្តាហ៍ នេះ ឯកឧត្តម ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចំនួន ៣០នាក់ ក្នុងនោះនារី ចំនួន២នាក់ ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងក្រសួងមហាផ្ទៃផងដែរ។វគ្គហ្វឹកហ្វឹនជំនាញមូលដ្ឋានបោសសំអាតគ្រឿងផ្ទុះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវចំ ណេះដឹងថ្មីៗបន្ថែមទៀតដល់សិក្ខាកាម រួមទាំងបំពេញបន្ថែមចំណុចខ្វះខាត សម្រាប់បង្កើនសមត្ថភាពឱ្យយល់ដឹ ងពីនីតិវិធីមូលដ្ឋានបោសសំអាតគ្រឿងផ្ទុះ ក្នុងការសម្រេចបេសកកម្មទាំងថ្នាក់ជាតិ និងអង្គកា រសហប្រជាជាតិ។

ឯកឧត្តមបានលើកឡើងដែរថា គិតចាប់ពីឆ្នាំ២០០៩ មកដល់ពេល បច្ចុប្បន្ននេះ ភាគីបារាំងបានផ្តល់វគ្គហ្វឹកហ្វឺនដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទទាំងក្នុង និងក្រៅប្រទេសសរុបចំនួន ៨០វគ្គ ដែលមានសិក្ខាកាម ១,៧៩៤នាក់។ការហ្វឹកហ្វឺនទាំងនោះ លើជំនាញបោសសំអាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (EOD) ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ (IED) វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា វគ្គ GPS បំប៉នផ្នែក Computer សង្គ្រោះបឋម អាវុធហត្ថ ដឹកជញ្ជូនគ្រឿងផ្ទុះ បំប៉នផ្នែកភាសាបារាំង។

ជាមួយគ្នានោះ ឯកឧត្តម ប៉ុល សារឿន ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប. បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលជាមិត្តជិតស្និទ្ធរបស់កម្ពុជាក្នុងដំណើរស្វែងរកសន្តិភាព និងអភិវឌ្ឈកម្ពុជា។
ឯកឧត្តមមានប្រសាសន៍ ដោយបានធ្វើការ វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង របស់មជ្ឈ មណ្ឌ ល ជាតិរក្សាសន្តិភាព និងបណ្តាស្ថាប័នពាក់ព័ន្ធ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកម្មវិធីសិក្សា ខ្លឹ មសារមេរៀន ឯកសារ ដឹកនាំគ្រប់គ្រង បង្រៀន និងរៀន ដែលធ្វើឱ្យវគ្គហ្វឹកហ្វឺននេះ បានដំណើរការតាមពេលកំណត់ផងដែរ។
នាឱកាសបិទបញ្ចប់នោះដែរ ឯកឧត្តម ហ្សាក ពើឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា បានថ្លែង កោតសរសើរចំពោះកម្ពុជា ក្នុងការរួមចំណែករបស់កងកម្លាំងមួកខៀវកម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាព មិនត្រឹមតែជាបរិមាណប៉ុណ្ណោះទេ ប៉ុន្តែក៏មានគុណភាពតាមកម្រឹតនៃការហ្វឹកហ្វឺនដែលសម្រេចបានផងដែរ។
លោកមានប្រសាសន៍ថា ៖ «វគ្គសិក្សានេះនឹងអាចឱ្យទាហានមួកខៀវកម្ពុជា មានសមត្ថភាពថ្មី ទៅនឹងតម្រូវការ អ.ស.ប. អំឡុងពេលបំពេញបេសកកម្មនាពេលអនាគត»។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជារូបនេះ ក៏បានបង្ហាញការគាំទ្រ និងអមដំណើរមជ្ឈមណ្ឌលជាតិ នូវមហិច្ឆតា ដើម្បីក្លាយជាមជ្ឈមណ្ឌលដ៏មានឧត្តមភាពក្នុងវិស័យរក្សាសន្តិភាព។
យោងតាម មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាន ឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប សរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះមាននារីចំនួន៦៨១ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ ដូចជា សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន។
បច្ចុប្បន្ន កងកម្លាំងចំនួន ៧៨៨នាក់ ក្នុងនោះនារីចំនួន ១៣០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី។
ដោយឡែក នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង កាល ពី ថ្ងៃទី១០ ខែកុម្ភៈ ក៏ បានធ្វើ ពិធីបិទវគ្គហ្វឹកហ្វឹន ចំនួន ២ ផងដែរ ក្នុងនោះមាន មូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីនសំរាប់សិក្ខាកាមចំនួន១១៥នាក់ និង វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាតមានសិក្ខាកាមចំនួន៣៥នាក់។ នេះបើតាម ការ លើកឡើង របស់ ឯកឧត្តម ហេង រតនា អគ្គនាយក មជ្ឈមណ្ឌល សកម្មភាព កម្ចាត់មីន កម្ពុជា (ស៊ីម៉ាក់)។ឯកឧត្តមបាន បន្តថា វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤៣ ដែលបានដំណើការហ្វឹ កហ្វឺនចាប់ពីថ្ងៃទី២៤ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ មានរយ:ពេល១០៧ថ្ងៃ ដែលវគ្គហ្វឹ កហ្វឺននេះ បានបញ្ចប់ដោយជោគជ័យ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺននេះ សិក្ខាកាមទាំងអស់នឹងត្រូវចាត់បញ្ជូនទៅបំពេញរចនាសម្ពន្ធ័កងវរសេនាតូច ក្រុមបច្ចេកទេស នៅការដ្ឋានបោសម្អាតមីនក្នុងគម្រោងនានានៃបណ្តាកងឯកភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់។
ដោយឡែកចំពោះវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាតនេះ ចាប់ផ្ដើមដំណើការពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែកុម្ភៈ ដែលមានសិក្ខាកាមចូលរួមចំនួន៣៥នាក់នោះ ដែលមានគ្រូឧទ្ទេសជំនាញសុនខល្បាតមកពីប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើជំនាញបច្ចេកទេសជាក់ស្តែង៕
ដោយ:នាង សុគន្ធា

ads banner