អង្គការសុខភាពពិភពលោក (WHO) ព្យាករណ៍ថា មនុស្សជិត ២៦លាននាក់រងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា មនុស្សជិត២៦លាននាក់បានរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីដ៏សាហាវ ដែលបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅប្រទេសតួកគី និងស៊ីរី ក្នុងសប្តាហ៍នេះ ហើយព្រមានថា មន្ទីរពេទ្យរាប់សិបត្រូវបានខូចខាត។

ស្របពេលដែលចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបន្តកើនឡើងលើសពី ២៨,០០០នាក់នោះ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានបើកការអំពាវនាវភ្លាមៗ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយស្នើសុំថវិកា៤២.៨លានដុល្លារ ដើម្បីជួយវាដោះស្រាយតម្រូវការសុខភាពបន្ទាន់ដែលមានកម្រិតខ្ពស់។

អង្គការសុខភាពពិភពលោក (WHO) ដែលបានបញ្ចេញថវិការួចហើយចំនួន១៦លានដុល្លារពីមូលនិធិសង្គ្រោះបន្ទាន់របស់ខ្លួននោះ បាននិយាយពីមុនថា មនុស្សរហូតដល់២៣លាននាក់អាចនឹងរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី។

ប៉ុន្តែកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ តួលេខខាងលើបានកើនឡើងដល់ជិត២៦ លាននាក់ ក្នុងនោះមនុស្ស១៥លាននាក់រងផលប៉ះពាល់នៅក្នុងប្រទេសតួកគី និងជិត១១លាននាក់នៅក្នុងប្រទេសស៊ីរីដែលហែកហួរដោយសារសង្រ្គាម។

ហើយក្នុងចំណោមនោះ មនុស្សជាង៥លាននាក់ត្រូវបានគេចាត់ទុកថា ជាជនងាយរងគ្រោះ ក្នុងនោះមានមនុស្សចាស់ជិត៣៥០,០០០នាក់ និងកុមារជាង១.៤លាននាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner