រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិស័យអប់រំជាបញ្ហាចម្បងសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ខេត្តកណ្ដាល ៖ ឯកឧត្ដម ណុប រ័ត្ននិមល សមាជិកយុវជនគណៈបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណៈបក្សចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល តំណាងឯកឧត្ដម នាយឧត្ដម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណៈបក្សចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក វិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្សជាបញ្ហាចម្បងសម្រាប់ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងយុទ្ធសាសស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអណត្តិទី៦ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងនោះជ្រុងទីមួយនៃចតុកោណបានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស មានមុំទី១បានចែងពីការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មុំទី២ ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យា។

ឯកឧត្ដម ណុប រ័ត្ននិមល បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សថ្នាក់ទី១២ នៅក្នុងស្រុកកណ្ដាលស្ទឹង ក្រោមប្រធានបទការតម្រង់ទិសដើម្បីភាពជោគជ័យនៃជីវិតព្រឹកថ្ងៃទី១៣កុម្ភៈ។

ឯកឧត្ដម ណុប រ័ត្ននិមល បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ពន្ធ័សង្គមខ្វាត់ខ្វែងប្រពន្ធ័ផ្លូវទឹក ភ្លើង និង សាងសង់សាលារៀនរាប់ពាន់ខ្នងបង្កើតឱ្យមានវិទ្យាល័យមួយនៅតាមឃុំបង្ខិតសាលារៀនឱ្យជិតភូមិឃុំដើម្បីឱ្យកូនចៅប្រជាពលរដ្ឋបានចូលរៀនសូត្រគ្រប់ៗគ្នាកាត់បន្ថយគ្រោះមិនចេះអក្សរនៅកម្ពុជា។ បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលបានជម្រុញឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្តបើកការបណ្ដុះបណ្ដាលវិជ្ចាជីវៈជំនាញផ្សេងៗជូនដល់យុវជនសិស្សនិស្សិតដោយមិនគិតថ្លៃព្រមទាំងបានផ្ដល់ប្រាក់ឧបត្ថម្ភក្នុងកំឡុងពេលសិក្សាថែមទៀតផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាលបានកែទម្រង់វិស័យអប់រំ សិស្សចេះប្រឡងជាប់សិស្សមិនចេះប្រឡងធ្លាក់ ដើម្បីគុណភាពអប់រំ ការប្រកួតប្រជែងទីផ្សារការងារក្នុងតំបន់អាស៊ាននិងពិភពលោក។

ឯកឧត្ដម បានបញ្ជាក់ថាសិស្សានុសិស្ស គឺជាទំពាំងស្នងឬស្សីនៃប្រទេសជាតិនិងជាគ្រាប់ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជាបន្តទៅមុខទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះផងដែរឯកឧត្តម ណុប រ័ត្ននិមល ក៏បានក្រើនរំលឹកដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយខ្លួនជាកូនល្អសិស្សល្អកូនល្អពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សីប្រកបដោយថាមពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជៀសឱ្យឆ្ងាយពីគ្រឿងញៀន យកពេលទំនេរលេងកីឡាដើម្បីសុខភាព និងបានអំពាវនាវដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋសិស្សានុសិស្ស ទាំងអស់ បន្តការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាសព្វថ្ងៃនេះ ដើម្បីសុភមង្គលគ្រប់ក្រុមគ្រួសារនិងសង្គមជាតិ។

ឯកឧត្ដម ណុប រ័ត្ននិមល បានលើកឡើងថា ការរៀបចំពិធីនេះឡើងដើម្បីបណ្ដុះគំនិតដល់សិស្សឱ្យយល់ដឹងអំពីទង្វើដ៍ល្អឱពុកម្ដាយដែលមានចំពោះកូនគ្រប់ៗរូបនិងឱ្យប្អូនៗបានសិក្សានូវចំណេះដឹងបន្ថែមលើកការអប់រំផ្លូវចិត្ត សីលធម៌ គុណធម៌ សុជីវធម៌ ចំពោះអ្នកមានគុណមានមាតាបិតាលោកគ្រូអ្នកគ្រូជាដើមនិងឱ្យស្គាល់ ពីបុណ្យ បាប គុណ ទោសខុសនិងត្រូវហើយប្រព្រឹត្តិតែអំពើល្អនៅក្នុងសង្គមគ្រួសារនិងសាលារៀនឱ្យប្រែក្លាយខ្លួនជាយុវជនយុវជនារីដ៍ល្អក្លាយទៅជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទៅថ្ងៃអនាគត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner