ក្រសួងអប់រំឱ្យគ្រប់សាលាឯកជនទាំងអស់ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិត្រូវលើកកម្ពស់ការសិក្សាភាសាជាតិ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំទៅដល់គ្រប់ គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនទាំងអស់ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ត្រូវលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរទៅ កាន់សិស្សានុសិស្ស។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្រសួងអប់រំលើកឡើងថា ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និង ការយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែល មាន សញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់គ្រប់ គ្រឹះស្ថានសិក្សាចំណេះ ទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ រួមមាន៖ ទី១. តម្រូវឱ្យ សិស្សានុសិស្សដែលមានសញ្ជាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខ វិជ្ជាកាតព្វកិច្ច ,ទី២ .គ្រឹះស្ថានសិក្សាត្រូវរៀបចំ និងបង្រៀនមុខវិជ្ជាចំណេះ ដឹងទូទៅស្តីពី វប្បធម៌ និងអរិយធម៌ខ្មែរនិងទី៣. គ្រឹះស្ថានសិក្សាត្រូវដាក់ បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាវប្បធម៌ និងអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សារបស់គ្រឹះស្ថានសិក្សា តាមការកំណត់ដែលមានចែងក្នុង លិខិតបទដ្ឋានគតិយុត្ត ដោយឡែករបស់ក្រសួងអប់រំ យុវជន និងកីឡា»។

ប្រភពដដែលបន្ថែមថា ៖«ទទួលសេចក្ដីណែនាំនេះ មន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់គ្រប់គ្រឹះស្ថាន សិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ដើម្បីចូល រួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់»។

ជុំវិញរឿងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គឺអ្នកស្រី អ៊ុក ឆាយ៉ាវី បានឱ្យដឹងថា ការដែលក្រសួងអប់រំ បានចេញសេចក្ដីណែនាំឱ្យគ្រប់ គ្រឹះស្ថាន សិក្សាចំណេះទូទៅឯកជនទាំងអស់ ត្រូវតែលើកកម្ពស់ការ សិក្សា ភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ គឺវាជារឿងល្អណាស់មិនមែន ទើប តែនឹកឃើញលើកឡើងបច្ចុប្បន្ននេះឡើយ ពីព្រោះជាគោលការណ៍ ក្រសួង អប់រំ ត្រូវតែលើកកម្ពស់ អរិយធម៌ វប្បធម៌ខ្មែរ មុនធ្វើការសម្រេចក្នុង ពេលនេះ ទៅទៀត។

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យ សភាកម្ពុជាគឺលោក ឈត ប៊ុនថ បានថ្លែងថា ជាពិតនៅក្នុងប្រទេសនីមួយៗ ជារឿងចាំបាច់មុននឹងស្គាល់ថាអ្វីជាបរទេសដូចជា វប្បធម៌ ប្រពៃណី ភាសា បរទេស គឺចាំបាច់ត្រូវតែស្គាល់ថាអ្វីជាខ្លួនឯងជាមុន។លោកពិតជាគាំទ្រចំណាត់ការណែនាំបែបនេះរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានណែនាំទៅដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ ឯកជនទាំងអស់ ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ឱ្យត្រូវរួមចំណែក ក្នុងការលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ។

លោក ឈត ប៊ុនថង លើកឡើងថា៖ «កាលប្រកាសរបស់ក្រសួងនេះ ខ្ញុំគាំទ្រ១០០ភាគរយ នៅពេលដែលយើងស្គាល់ប្រវត្តិ ស្គាល់អតីតកាល ស្គាល់អត្តសញ្ញាណរបស់យើង ទើបយើងចេះស្រលាញ់ប្រវត្តិសាស្ដ្រ វប្បធម៌ ស្រលាញ់ទឹកដី ស្រលាញ់ប្រជាជាតិ ទើបយើងមានមោទនភាពចំពោះ ប្រទេស ជាតិយើង តែបើកាលណាយើងមិនស្គាល់ច្បាស់ទេ យើងអត់ ស្រលាញ់ ជាតិយើង យើងអត់មានមោទនភាព ឫក៏អត់មានព្រលឹង ចំពោះ ជាតិយើងនោះទេ។

លោកបន្តថា៖« អ៊ីចឹងហើយការបង្វែរធ្វើយ៉ាងណាឱ្យគ្រឹះស្ថានសិក្សា សាធារណៈ ជាពិសេសគឺគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់ ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ត្រូវរួមចំណែកលើកកម្ពស់ការសិក្សា ភាសាខ្មែរ និងវប្បធម៌ អរិយធម៌ គឺវាជារឿងត្រឹមត្រូវហើយ»។

លោក ប៊ុនថង បន្ថែមថា ប្រសិនបើសេចក្ដីណែនាំនេះ ត្រូវបានធ្វើការអនុវត្ត ដោយម៉ត់ចត់ និងឱ្យមានភាពទូលំទូលាយ វានឹងធ្វើឱ្យអ្នកសិក្សា គឺពួកគាត់ ស្វែងយល់ព្រមគ្នាទាំងខ្មែរ និងទាំងបរទេស។ ដូច្នេះនៅពេលកម្មវិធី ទាំង អស់ នេះ ទោះបីពួកគាត់បានសិក្សាភាសាបរទេសក៏ដោយ ប៉ុន្តែកម្មវិធីភាសាខ្មែរ វប្បធម៌ អរិយធម៌ខ្មែរ គឺអាចមានជម្រើសពីរ៖ ទី១. គឺត្រូវរៀនពីភាសាខ្មែរ មួយ ក្នុងចំណោមកម្មវិធីអន្តរជាតិ និងជម្រើសមួយទៀត គឺកម្មវិធីត្រូវរៀន វប្បធម៌ អរិយធម៌ខ្មែរ អាចជាភាសាខ្មែរ ឫជាភាសាបរទេស ប៉ុន្តែត្រូវរៀន វប្បធម៌ អរិយធម៌ខ្មែរ៕
ដោយ៖ជា សុខនី

ads banner