មេដឹកនាំអារ៉ាប់ព្រមានថា សកម្មភាពអ៊ីស្រាអែលគំរាមកំហែង ដល់ ភាព ចលាចល ក្នុងតំបន់
គែរ៖មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់រាប់សិបនាក់មកពីបណ្តាប្រទេសអារ៉ាប់បាន ព្រមានកាលពីថ្ងៃអាទិត្យថា សកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងទី ក្រុង ហ្សេរុយ សាឡឹម និងតំបន់វ៉េសបែងខ៍ ដែលខ្លួនកាន់កាប់ អាចធ្វើឱ្យ ភាព ចលាចលក្នុងតំបន់កាន់តែអាក្រក់ទៅៗ នៅពេលអំពើហិង្សាកើន ឡើង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ការព្រមាននេះធ្វើឡើងនៅកិច្ចប្រជុំមួយក្នុងរដ្ឋធានីគែរ របស់អេហ្ស៊ីប ដែលរៀបចំដោយសម្ព័ន្ធអារ៉ាប់ និងមានការចូលរួមដោយប្រធានាធិបតី អេហ្ស៊ីប Abdel Fattah el-Sissi ស្ដេចហ្ស៊កដានី Abdullah II និងប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas រួមជាមួយ រដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត។ នេះបើ តាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការជួបប្រជុំគ្នាថ្នាក់ខ្ពស់លើកនេះ ធ្វើឡើងចំពេលដែលមានការប្រយុទ្ធ គ្នាដ៏សាហាវនៅទីក្រុងហ្សេរុយសាឡឹមគ្នា និងទឹកដីក្បែរខាង ដែល អ៊ីស្រាអែលកាន់កាប់។ យោងតាមទិន្នន័យរបស់ AP គិតត្រឹមតែពីដើមឆ្នាំនេះ ប្រជាជនប៉ាឡេស្ទីន ចំនួន៤៥នាក់ និងអ៊ីស្រាអែលចំនួន ១០ នាក់ហើយ ដែលត្រូវបានសម្លាប់។
ក្រុមមន្រ្តីក្នុងកិច្ចប្រជុំបានថ្កោលទោស «វិធានការឯកតោភាគី» របស់ អ៊ីស្រាអែលទាំងនៅក្រុងហ្សេរុយសាឡឹម និងតំបន់វ៉េសបែងខ៍ក្នុងសេចក្តី ថ្លែងការណ៍ របស់ខ្លួន រួមទាំងការរុះរើផ្ទះ និងការពង្រីកការតាំងទីលំនៅ សម្រាប់ ជនជាតិយូដា(ជ្វីហ្វ)។ ជាមួយគ្នានោះ ក៏មានការថ្កោលទោស ផងដែរចំពោះដំណើរទស្សនកិច្ចរបស់មន្ត្រីអ៊ីស្រាអែលទៅកាន់កន្លែងបរិសុទ្ធចម្រូងចម្រាស់ ដែលជាកន្លែងពិសិដ្ឋសម្រាប់ទាំងជនជាតិយូដា និង អ្នក កាន់សាសនាមូស្លីម ហើយជារឿយៗជាចំណុចស្នូលនៃភាពចលាចល រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ក្រុមមន្រ្តីដដែល ក៏បានសម្តែងការគាំទ្រចំពោះតួនាទីរបស់ហ្ស៊កដានី ក្នុង នាមជាអ្នកថែរក្សាវិហារអ៊ិស្លាម Al-Aqsa ដែលជាកន្លែងដ៏ពិសិដ្ឋ បំផុត ទី៣ក្នុងសាសនាអ៊ិស្លាម។ វិហារអ៊ិស្លាមនេះ ត្រូវបានសាងសង់នៅ លើកំពូល ភ្នំក្នុងទីក្រុងចាស់របស់ក្រុងហ្សេរុយសាឡឹម ដែលជាកន្លែងពិសិដ្ឋបំផុត សម្រាប់ ជនជាតិយូដា។
គួររំឭកថា អ៊ីស្រាអែលទាមទារក្រុងហ្សេរុយសាឡឹមទាំងអស់ជារដ្ឋធានី របស់ខ្លួនដោយគ្មានការបែងចែក ខណៈប៉ាឡេស្ទីនចង់បានក្រុងហ្សេរុយ សាឡឹម ខាងកើតថាជារាជធានីនៃរដ្ឋនាពេលអនាគតរបស់ខ្លួន។
ប្រធានាធិបតីអេហ្ស៊ីប លោក El-Sissi បានព្រមានអំពីផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរនៃសកម្មភាពរបស់អ៊ីស្រាអែល ដើម្បីផ្លាស់ប្តូរស្ថានភាព កន្លែងបរិសុទ្ធ ដោយនិយាយថា នឹងប៉ះពាល់ជាអវិជ្ជមានដល់ការចរចា នាពេលអនាគតដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោកបន្តថា វិធានការរបស់អ៊ីស្រាអែលនឹងរារាំងការស្វែងរកដំណោះស្រាយ ដែលនឹងធ្វើឱ្យភាគីនៃជម្លោះទាំង២ ក៏ដូចជាមជ្ឈិមបូព៌ាទាំងមូលមាន ជម្រើស ដែលពិបាកធ្ងន់ធ្ងរមិនអាចទទួលយកបាន។
ចំណែកឯព្រះបាទ Abdullah II នៃប្រទេសហ្ស៊កដានីវិញ បានអំពាវនាវឱ្យ អ៊ីស្រាអែលបញ្ឈប់ការរំលោភបំពាន និងការលុកលុយចូលវិហារ Al-Aqsa។ ទ្រង់បានព្រមានថា៖ «តំបន់មិនអាចរស់នៅក្នុងសន្តិភាព ស្ថិរភាព និងវិបុលភាព ដោយគ្មានការរីកចម្រើនណាមួយលើទីដើមរបស់ ប៉ាឡេស្ទីន នោះទេ»។
ស្រដៀងគ្នានេះដែរលោក Ahmed Aboul-Gheit អគ្គលេខាធិការ នៃអង្គការ Pan-Arab ក៏បានព្រមានថា ការប៉ុនប៉ងបំបែកវិហារអ៊ិស្លាម Al-Aqsa និងបំផ្លាញអត្តសញ្ញាណអារ៉ាប់ និងអ៊ិស្លាម «នឹងបង្កចលាចល និងអំពើហិង្សាគ្មានទីបញ្ចប់»។
ប្រធានាធិបតីប៉ាឡេស្ទីន លោក Abbas ថ្លែងថា រដ្ឋបាលរបស់លោក នឹងងាកទៅរកអង្គការសហប្រជាជាតិ និងទីភ្នាក់ងាររបស់អង្គការនេះ ហើយទាមទារដំណោះស្រាយនៃជម្លោះរវាងរដ្ឋទាំង២។ លោកថា៖ «រដ្ឋប៉ាឡេស្ទីននឹងបន្តទៅកាន់តុលាការអន្តរជាតិ និងអង្គការនានា ដើម្បីការពារសិទ្ធិស្របច្បាប់របស់ប្រជាជនយើង»។
គេមិនទាន់ឃើញមានការឆ្លើយតបយ៉ាងណាទេពីរដ្ឋាភិបាលអ៊ីស្រាអែលជុំការព្រមាន ក៏ដូចជាការថ្កោលទោសចុងក្រោយនេះ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដោយហិង្សាដែលកំពុងបន្តនាពេលបច្ចុប្បន្ន បានធ្វើឱ្យភាពតានតឹងនៃតំបន់កើនឡើងខ្ពស់។ កាលពីខែមុន រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក អង់ថូនី ប្ល៊ីងកែន បានជួបជាមួយមេដឹកនាំ អេហ្ស៊ីប អ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយបានជំរុញឱ្យពួកគេ បន្ធូរ បន្ថយ ភាពតានតឹង។ អ៊ីស្រាអែលឥឡូវនេះគ្រប់គ្រងដោយរដ្ឋាភិបាលស្តាំនិយមថ្មីរបស់នាយករដ្ឋមន្ត្រី បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ហើយអ្នកនយោបាយជាច្រើននៅ ក្នុង រដ្ឋបាលរបស់លោក ប្រឆាំងនឹងឯករាជ្យភាពរបស់ប៉ាឡេស្ទីន៕
ដោយ៖ហួន ឌីណា