គ.ជ.ប បើកវគ្គអប់រំសិស្សានុសិស្សនៅខេត្តតាកែវពីសារៈសំខាន់ នៃការ បោះឆ្នោត
តាកែវ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បានបើកវគ្គ អប់រំអ្នកបោះឆ្នោតបន្ត ស្តីពី «សារៈសំខាន់នៃការបោះឆ្នោត» ជូនដល់ សិស្សានុសិស្សនៃវិទ្យាល័យភ្ញីមាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន ១៤០នាក់ ដើម្បីឱ្យពួកគេចេះប្រើប្រាស់សិទ្ធិអំណាច និងជ្រើសរើស មេដឹកនាំ តាមរយៈសន្លឹកឆ្នោតជាពិសេសលើកស្ទួយលទ្ធិប្រជាធិតេយ្យ នៅក្នុងប្រទេស។
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣បានឱ្យដឹងថា វគ្គអប់រំខាងលើនេះ ទទួលបានការគាំទ្រ និងឧបត្ថម្ភដោយប្រទេសជប៉ុន តាមរយៈភ្នាក់ងារចៃកា( JICA) ។ ការបើកវគ្គអប់រំនេះស្របទៅនឹងការរៀបចំដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ នេះ ។
ឯកឧត្តមបញ្ជាក់ទៀតថា កម្មវិធីអប់រំអ្នកបោះឆ្នោត នេះ កន្លងមកនេះ គ.ជ.បបានរៀបចំធ្វើនៅតាមបណ្តាស្រុក នានានៅទូទាំងប្រទេស ព្រោះមានសារៈសំខាន់ និងចាំបាច់សម្រាប់ធ្វើការផ្សព្វផ្សាយជូនដល់ ស្រទាប់យុវជន ដែលកំពុងបំពេញការសិក្សានៅតាមគ្រឹះស្ថានអប់រំ សាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំផ្សេងទៀត។
ឯកឧត្តមបន្តថា៖ «អីចឹងគោលបំណង គឺចង់ឱ្យយុវជន យល់ពី សារសំខាន់ នៃការបោះឆ្នោត ពីព្រោះប្រជាធិតេយ្យ គឺជាសិទ្ធិ របស់ ប្រជាពលរដ្ឋក្នុង ការជ្រើសរើសតំណាងរបស់ខ្លូន ហើយជ្រើសតំណាងរបស់ ខ្លួនតាមរយៈ សន្លឹក ឆ្នោតនេះ គឺជាការផ្លាស់ប្តូរពីការកាន់អំណាចដោយហិង្សា ដោយ ចុងអាវុធ មកជាការចូលកាន់អំណាចដោយសំឡេងឆន្ទៈរបស់ប្រជា ពលរដ្ឋ»។
បើតាម ឯកឧត្តម សោម សូរីដា ការអប់រំការបោះឆ្នោត ជូនដល់យុវជន នេះដោយសារតែមានកំណើនៃការចុះឈ្មោះបោះឆ្នោតពីសំណាក់យុវជនច្រើន ប្រ២០ ទៅ ៣០ ភាគរយ នៅក្នុងបញ្ជីបោះឆ្នោត នៅក្នុងបោះឆ្នោត នៃឆ្នាំ នីមួយៗ ។ ដូច្នេះ វគ្គអប់រំបោះឆ្នោតនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ ពួកគេក្នុងការប្រើប្រាស់សិទ្ធិក្នុងការសម្រេចជ្រើសរើស មេដឹក នាំរបស់ខ្លួន។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ីប៉ិច បានសម្តែង ការគាំទ្រ នូវកម្មវិធីអប់រំ អ្នកបោះឆ្នោតនេះ ជាពិសេសធ្វើទៅលើយុវជន ដើម្បីឱ្យពួក គេបានយល់ និងដឹងពីដំណើការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាជា ពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពនយោបាយ និងបោះឆ្នោត ដើម្បីជំរុញលទ្ធិប្រជាធិយតេយ្យនៅក្នុងប្រទេស ឱ្យមានការរីកចម្រើន ។
បើតាមគ.ជ.ប អគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ (អ.ព.ស) ដោយមាននាយកដ្ឋាន បណ្ដុះបណ្តាល និងអប់រំអ្នកបោះឆ្នោត (ប.ប.អ)ជាសេនាធិការ បានសហការជាមួយភ្នាក់ងារ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការ បោះឆ្នោត (លធ.ខប) និងមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាគ្រឹះស្ថាន សិក្សា ពាក់ព័ន្ធ ក្នុងការរៀបចំ វគ្គអប់រំអ្នកបោះឆ្នោតបន្ត ក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងស្តីពី «សារៈសំខាន់នៃការបោះឆ្នោត» នៅទូទាំង ២៥ រាជធានី ខេត្ត។
គ.ជ.ប បញ្ជាក់ថា ការអប់រំអ្នកបោះឆ្នោតបន្ត ក៏ជាផ្នែកសំខាន់មួយនៃការ បោះឆ្នោតដើម្បីលើកកម្ពស់ការយល់ដឹងដល់អ្នកបោះឆ្នោត និងអនាគត អ្នកបោះឆ្នោត ស្តីពីសារៈសំខាន់នៃការបោះឆ្នោត ប្រវត្តិនិងដំណើរការនៃ ការបោះឆ្នោត បទបញ្ជានីតិវិធីនៃការបោះឆ្នោត និងការចូលរួមរបស់យុវជន ក្នុងការបោះឆ្នោត។ ជាពិសេស ដើម្បីផ្ដល់ឱកាសដល់សិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹង ពាក់ព័ន្ធនឹងការបោះឆ្នោត និងអាចលើកជាចម្ងល់ ផ្សេងៗដោយផ្ទាល់ ទៅកាន់គ្រូជំនាញដែលជាថ្នាក់ដឹកនាំ នឹងមន្ត្រី គ.ជ.ប៕
ដោយ៖យុទ្ធ វីរៈ