ផ្ទុះជំងឺឆ្លងថ្មី « Marburg » ស្លាប់មនុស្ស ៩នាក់ហើយ នៅប្រទេសហ្គីណេអេក្វាទ័រ

ម៉ាបូឡា៖ មានមនុស្សចំនួនប្រាំបួននាក់បានស្លាប់ នៅប្រទេស ហ្គីណេអេក្វាទ័រ ស្ថិតក្នុងទ្វីបអាហ្វ្រិកកណ្តាល បន្ទាប់ពីការផ្ទុះមេរោគថ្មីមួយ ដែលគេហៅថា ម៉ាបឺគ (Marburg)។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ប្រទេសហ្គីណេអេក្វាទ័រ បានបញ្ជាក់ពីការផ្ទុះឡើងដំបូងនៃវីរុស ម៉ាបឺគ (Marburg) ដែលជាជំងឺឆ្លងខ្លាំង និងសម្លាប់មនុស្សស្រដៀងនឹងអេបូឡា បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់។

ប្រទេសអាហ្រ្វិកកណ្តាលតូចមួយនេះបានដាក់មនុស្សជាង ២០០នាក់ឱ្យនៅដាច់ពីគេ ហើយបានរឹតបន្តឹងសកម្មភាពនានា កាលពីសប្តាហ៍មុន នៅក្នុងខេត្ត គេ នីតឹម (Kie-Ntem) បន្ទាប់ពីបានរកឃើញជំងឺគ្រុនក្តៅ ដែលមិនស្គាល់មុខ។

ប្រទេសជិតខាងនឹងហ្គីណេអេក្វាទ័រ គឺប្រទេស កាមេរូន ក៏បានដាក់កម្រិតសកម្មភាព នៅតាមព្រំដែនរបស់ខ្លួន ជុំវិញការព្រួយបារម្ភអំពីការឆ្លង។ អង្គការសុខភាពពិភពលោកបាននិយាយថា ក្រៅពីការស្លាប់ទាំងប្រាំបួននាក់ ហ្គីណេអេក្វាទ័រ ក៏បានរាយការណ៍ករណីសង្ស័យនៃមេរោគថ្មីនេះ ចំនួន១៦ នាក់ទៀត ដែលមានរោគសញ្ញា រួមមាន គ្រុនក្តៅ អស់កម្លាំង និងក្អួតប្រឡាក់ឈាម និងរាគ។

រដ្ឋមន្ត្រីសុខាភិបាល ហ្គីណេអេក្វាទ័រ លោក មីតូហា អនដូអូ អាយេកាបា (Mitoha Ondo’o Ayekaba) បាននិយាយ កាលពីថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ថា ការស្លាប់នេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងពិធីបុណ្យសពមួយនៅក្នុងស្រុក នីសុក នីសូម៉ូ (Nsok Nsomo) នៃខេត្ត គេ នីតឹម (Kie-Ntem) ។ នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃចន្ទ លោករដ្ឋមន្ត្រីសុខាភិបាល បាននិយាយថា សំណាកដំបូងត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ក្នុងប្រទេសសេណេហ្គាល់ ដែលអាចបញ្ជាក់ពីវត្តមានមេរោគ ម៉ាបឺគ (Marburg) ។

មេរោគ Marburg អាចមានអត្រាស្លាប់ រហូតដល់ ៨៨% នេះបើយោងតាមអង្គការសុខភាពពិភពលោក ហើយ មិនមានវ៉ាក់សាំង ឬថ្នាំប្រឆាំងមេរោគដែលត្រូវបានអនុម័ត ដើម្បីព្យាបាលវាទេ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner