បុរសម្នាក់បើករថយន្តដឹកទំនិញ ទៅបុករះលើក្រុមអ្នកថ្មើរជើង នៅញូវយ៉ក សហរដ្ឋអាមេរិក
ញូវយ៉ក៖ អ្នកបើកបររថយន្តម្នាក់ នៅក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបើកឡានទៅបុករះលើហ្វូងអ្នកថ្មើរជើង ហើយព្យាយាមគេចពីនគរបាល ប៉ុន្តែត្រូវបាននគរបាលចាប់ខ្លួន នៅទីបំផុត។
នាយកដ្ឋានប៉ូលិសទីក្រុងញូវយ៉ក និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ថា បុរសម្នាក់បានបើកឡានដឹកទំនិញ ប្រភេទ យូ ហុល (U-Haul) នៅក្នុងសង្កាត់ ប្រូកឃ្លីន (Brooklyn) នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានវាយប្រហារមនុស្សជាច្រើននាក់ ហើយបានព្យាយាមគេចពីនគរបាល មុនពេលដែលមន្រ្តីបានឈប់រថយន្ត ហើយក៏ត្រូវបានចាប់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន អិន.ប៊ី.ស៊ី ញ៉ូវស៍ (NBC News) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៦ នាក់បានរងរបួស ក្នុងនោះមាន ២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ប្រភពដដែល បានរាយការណ៍ថា ជនរងគ្រោះ រួមមាន មនុស្សបីនាក់នៅលើម៉ូតូ និងអ្នកថ្មើរជើងម្នាក់ ដែលមានអាយុ ៣០ ឆ្នាំ។
ប៉ូលិសបាននិយាយថា ជនសង្ស័យបានបើកបរឆ្លងកាត់សង្កាត់ចំនួន ៣ ហើយក្រុមអ្នកស៊ើបអង្កេតកំពុងតែប្រមូលព័ត៌មានលម្អិត ហើយនគរបាលនឹងធ្វើសន្និសីទសារព័ត៌មានប្រាប់បន្ថែមផងដែរ។
គូរកត់សម្គាល់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃតែមួយ ដែលគណៈវិនិច្ឆ័យសហព័ន្ធបានចាប់ផ្តើមថ្លឹងថ្លែងថា តើត្រូវដាក់ទោសប្រហារជីវិតលើលោក សាយហ្វូលឡូ សាយប៉ូវ (Sayfullo Saipov) ដែលជាជនជ្រុលនិយម បានបើកឡានដឹកទំនិញដោយចេតនាធ្លាក់លើផ្លូវជិះកង់ ក្នុងទីក្រុងញូវយ៉ក ក្នុងឆ្នាំ២០១៧ ដោយបានសម្លាប់មនុស្ស ៨ នាក់៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត