ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកំពុងឡើងកម្តៅ នៅមុនកិច្ចប្រជុំសន្តិសុខអន្តរជាតិនៅអាល្លឺម៉ង់
ហ្វ្រែងហ្វឺត៖ មេដឹកនាំពិភពលោកនឹងចូលរួមក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ នៅមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ស្របពេលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកកំពុងឡើងកម្តៅ ជុំវិញសំណុំរឿងបាឡុងចារកម្ម។
ភាពតានតឹងរវាងអាមេរិក និងចិន ទំនងជាបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅក្នុងព្រឹត្តិការណ៍ជួបជុំគ្នាដ៏ធំនៅទីក្រុងមុយនិច រដ្ឋបាវ៉ារៀ ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានបាញ់ទម្លាក់បាឡុងចារកម្មចិន ដែលខ្លួនបានចោទប្រកាន់កាលពីដើមខែកុម្ភៈ។
អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស, អ្នកការទូតជាន់ខ្ពស់ចិន លោក វ៉ាង យី, អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍, ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងប្រធានអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ នឹងស្ថិតក្នុងចំណោមមេដឹកនាំដទៃទៀតដែលចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិប្រចាំឆ្នាំរយៈពេលបីថ្ងៃនេះ។
ព្រឹត្តិការណ៍ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រសប្តាហ៍នេះ កើតឡើងប៉ុន្មានថ្ងៃមុនថ្ងៃគម្រប់ខួបទី២៤ ខែកុម្ភៈ ជាថ្ងៃដែលរុស្ស៊ីបានបញ្ជូនកងកម្លាំងរបស់ខ្លួនចូលទៅលុកលុយទឹកដីរបស់អ៊ុយក្រែន ដោយនាំយកសង្រ្គាមត្រឡប់ទៅអឺរ៉ុបវិញជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ស្របពេលលេចលឺដំណឹងថា រុស្ស៊ីកំពុងត្រៀមវាយលុកថ្មីលើអ៊ុយក្រែនោះ មេដឹកនាំពិភពលោកទំនងជានឹងបន្តការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការគាំទ្រទីក្រុងកៀវ ដរាបណាខ្លួនត្រូវការដើម្បីកម្ចាត់ការឈ្លានពានរបស់ទីក្រុងមូស្គូ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

