សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍សន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍សន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងឯកសារពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។

នាយឧត្តសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើរាយការណ៍ស្តីអំពីលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ថា ឆ្នាំ២០២២ គឺជាឆ្នាំទី៤នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦នៃរដ្ឋសភា។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ក៏បានខិតខំចូលរួមអនុវត្តនូវការងារអាទិភាពសំខាន់ៗនានាជាច្រើន នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការខិតខំអនុវត្តនូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ក្នុងឆ្នាំ២០២២ កន្លងទៅ តាមយៈយន្តការច្រកចេញចូលតែមួយរបស់អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយលទ្ធផលល្អប្រសេីរ។

ចំពោះការងារថែរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី និងភាពសុខដុមរបស់ប្រជាពលរដ្ឋ ត្រូវបានធានាយ៉ាងគត់មត់ ក្នុងនោះ កាលពីឆ្នាំ២០២២ កន្លងទៅ សមត្ថកិច្ចសម្រេចបានការបង្រ្កាបបទល្មើសនានាយ៉ាងច្រេីនករណី ដែលក្នុងនោះរួមមាន៖ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ, បង្ក្រាបបទល្មើសគ្រឿងញៀន, បង្ក្រាបបទល្មើសអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ, បង្រ្កាបក្មេងទំនើង, បង្ក្រាបល្បែងស៊ីសង, និងការបង្ក្រាបបទល្មើសសេដ្ឋកិច្ច ផងដែរ។

ដោយឡែក ចំពោះការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយឧត្តមសេនីយ៍ បានបន្ថែមថា អង្គភាពពាក់ព័ន្ធ កំពុងជំរុញការងារនេះ យ៉ាងផុលផុស។ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលបានចូលរួមផ្ដល់របាយការណ៍មូលដ្ឋាន ជូនដល់ក្រុមការងារបូកសរុបលទ្ឋផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ដើម្បីធ្វើការវាយតម្លៃ និងលើកទិសដៅសម្រាប់អនុវត្តការងារបន្ត ។

សម្ដេចក្រឡាហោម ក៏បានណែនាំដល់អង្គប្រជុំ ជាពិសេស គណៈកម្មការរៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ ឱ្យបន្តខិតខំយកចិត្តទុកដាក់រៀបចំ និងដោះស្រាយសម្រាប់ការងាររួមដែលនៅសេសសល់ និងសមាសភាពអ្នកដែលត្រូវចូលរួម ធ្វើយ៉ាងណាឱ្យការងាររៀបចំសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដំណើរការបានល្អប្រសើរ និងទទួលបានជោគជ័យ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំដល់សមាជិកអង្គប្រជុំ ដែលជាថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខឱ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់បន្ថែមទៀត ជាពិសេស ត្រូវត្រៀមខ្លួនឱ្យបានខ្ពស់សម្រាប់ព្រឹត្តិការណ៍នានាដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner