អនុប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញ ណែនាំ កីឡាករ កីឡាការិនី ឲ្យប្រឹងប្រែង ហ្វឹកហាត់ត្រៀម ចូលរួមប្រកួតកីឡាសិស្សបឋមសិក្សា ជើងឯកថ្នាក់ជាតិ នាខែសីហាខាងមុខ
ភ្នំពេញ៖ ថ្លែងក្នុងឱកាស «បិទ» ការប្រកួតកឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យឥន្ទ្រទេវី លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញបាន ណែនាំ កីឡាករ កីឡាការិនីដែលជាប់ជាជ័យលាភី ត្រូវខិតខំប្រឹងប្រែង ហ្វឹកហាត់ត្រៀម ចូលរួមប្រកួតកីឡាសិស្សបឋមសិក្សា ជើងឯកថ្នាក់ជាតិ នាខេសីហា ឆ្នាំ២០២៣។
លោក អនុប្រធានមន្ទីរ បានលើកឡើងថា ភាពជោគជ័យ របស់ក្មួយៗ កីឡាករ កីឡាការិនី នាពេលនេះ វាជាកម្លាំងចលករ ជំរុញឲ្យក្មួយៗ ត្រូវយកចិត្ត ទុកដាក់ខិតខំប្រឹងប្រែង ហ្វឹកហាត់ បន្ថែមទៀត ដែលជាកត្តានាំមកនូវ ភាពលូតលាស់ផ្នែកបច្ចេកទេស កាយសម្បទារឹងមាំ និងទទួលបាននូវសុខភាពល្អ ចៀសផុតពីជម្ងឺដង្កាត់ផ្សេងៗ។
ជាមួយនេះ លោកបានស្នើឱ្យ ប្រធានសមាគម កីឡាសិស្ស ការិយាល័យអប់រំយុវជននិងកីឡា នៃរដ្ឋបាលខណ្ឌទាំង១៤ លោកនាយក លោកស្រីនាយិកា ដែលមានកីឡាករល្អៗ និងក្រុមដែលទទួលបានជ័យលាភីចងក្រងជាក្រុមតំណាងឲ្យរាជធានីភ្នំពេញ បានបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលក្រសួងអប់រំយុវជននិងកីឡានឹង រៀបចំការប្រកួតនាថ្ងៃទី១២ដល់ថ្ងៃទី២១ខែ សីហា ឆ្នាំ២០២៣ពេលខាងមុខ នៅរាជធានីភ្នំពេញ ។
លោក អ៊ុក ចន្ថា បានអំពាវនាវដល់មន្ត្រីគ្រប់គ្រង លោកគ្រូ អ្នកគ្រូគ្រប់អង្គភាពក្រោមឱវាទ មេត្តាចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍និងប្រជាពលរដ្ឋ ជាពិសេសមន្ទីរសុខាភិបាល ក្នុងការធានានូវសុវត្ថិភាពសុខភាព ការអប់រំពីអនាម័យ និងការបង្ការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ១៩ ឱ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានឆ្លងជំងឺកូវីដ១៩ នៅក្នុងគ្រឹះស្ថានសិក្សា និងបំផុស ចលនាអប់រំកាយនិងកីឡា ក្នុងម៉ោងនិងក្រៅម៉ោងសិក្សា ឲ្យបានទាំងអស់គ្នា ទាំងក្នុងគ្រឹះស្ថានសិក្សាសាធារណៈនិងឯក ជនដើម្បីទទួលបាននូវសុខភាពល្អ កាយសម្បទាមាំមួន ក្នុងការចូលរូបចំណែកអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមជម្រាបជូនថា ការប្រកួតកឡាសិស្សបឋមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា២០២២-២០២៣,ធ្វើឡើង លើ៤ប្រភេទកីឡា មាន ប្រភេទ មានបាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលកម្ម។ ចំពោះសមាសភាពចូលរួម ប្រភេទកីឡាបាល់ទាត់ មាន ១៣ ក្រុម ក្នុងនោះ កុមារី ០៣, ក្រុម ប្រភេទ បាល់ទះ ១១ ក្រុម មានកុមារី ០៤ ក្រុម, ប្រភេទ បាល់បោះ ១១ មានក្រុម កុមារី ០៤ ក្រុមនិង ប្រភេទកីឡាអត្តពលកម្ម មាន១៣ ក្រុម មានប្រិភូដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៨៣៧ នាក់ នារី ២៥៩ នាក់ ៕ជាវ ចន្ធូ


