មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយត្រូវបានបណ្តុះបណ្តាលពាក់ព័ន្ធពី « ការសង្គ្រោះបឋម »
ភ្នំពេញ៖ មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយដែលសរុបរួមមានចំនួន១០៨នាក់ត្រូវបានចូលរៀនវគ្គបណ្តុះបណ្តាលមួយស្តីពី“ការសង្គ្រោះបឋម”។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត សំរិទ្ធ សុវណ្ណរ៉ា ឧបការី នៃ អង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងវគ្គបណ្តុះបណ្តាលនេះដែរត្រូវបាន គេរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ នូវការបង្កើនចំណេះដឹងពាក់ព័ន្ធទៅនឹង ការសង្គ្រោះបឋមក្នុងកម្រិតដំបូង និងសាមញ្ញបំផុតមុននឹងបញ្ជូនអ្នកជំងឺទៅដល់មន្ទីរពេទ្យ ក៏ដូចជាការពង្រឹងបន្ថែមនូវវិធីសាស្ត្រការពារ និងថែរក្សាសុខភាព ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃ អ.ប.ព. ដើម្បីជាប្រយោជន៍ក្នុងការជួយមនុស្សជុំវិញខ្លួន និងខ្លួនឯងដែលជួបគ្រោះថ្នាក់ណាមួយបានទាន់ពេលវេលា។
សម្រាប់វគ្គបណ្តុះបណ្តាលនេះ ទទួលបានការធ្វើឧទ្ទេសនាមដោយ ឯកឧត្តមវេជ្ជបណ្ឌិត សំរិទ្ធ សុវណ្ណរ៉ា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និង លោកវេជ្ជបណ្ឌិត សយ ចំណាប់ អនុប្រធានការិយាល័យសុខភាព និងកីឡា នៃនាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាល៕ដោយ៖ម៉ាដេប៉ូ

