ផ្ទុះបាតកម្ម នៅប្រទេសកូឡុំប៊ី ប្រឆាំងនឹងកំណែទម្រង់រដ្ឋាភិបាល
បូកូតា៖ មនុស្សរាប់ពាន់នាក់បានដើរជាក្បួន នៅទូទាំងប្រទេសកូឡុំប៊ី ដើម្បីប្រឆាំងនឹងកំណែទម្រង់រដ្ឋាភិបាល ដែលគេដឹងថា ដឹកនាំដោយមេដឹកនាំឆ្វេងនិយម។ មនុស្សរាប់ពាន់នាក់បានដើរតាមដងផ្លូវនៃទីក្រុងធំៗ របស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ដើម្បីតវ៉ាចំពោះកំណែទម្រង់សង្គម និងសេដ្ឋកិច្ច របស់ប្រធានាធិបតីឆ្វេងនិយម លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro)។
លោក ប្រធានាធិបតីបានបង្ហាញទៅកាន់សភា អំពីគោលនយោបាយ ដែលលោកនិយាយថា នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការថែទាំសុខភាព និងការពារសិទ្ធិរបស់ប្រជាជន ក៏ប៉ុន្តែ ក្រុមប្រឆាំងបានចាត់ទុកកំណែទម្រង់នេះ នឹងជួយឧក្រិដ្ឋជន ទៅវិញ។
បាតុកម្មដែលរៀបចំឡើងដោយគណបក្សប្រជាធិបតេយ្យស្តាំនិយមបក្សប្រឆាំងលើកនេះ មានទំហំប្រហាក់ប្រហែលទៅនឹង ការហែក្បួន ដែលបានធ្វើឡើង កាលពីថ្ងៃអង្គារ ទី ១៤ ខែកុម្ភៈ ក្នុងបំណងលើកទឹកចិត្ត ដោយអ្នកគាំទ្ររបស់លោកប្រធានាធិបតី មានវត្តមានពេញផ្លូវ បង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះកំណែទម្រង់។
លោក ប្រធានាធិបតី ហ្គូស្តាវ៉ូ ប៉េត្រូ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ បានបង្ហាញកំណែទម្រង់សុខភាពដ៏ចម្រូងចម្រាសមួយទៅកាន់សភា ដែលលោកសង្ឃឹមថា នឹងជាការពន្លឿនវិធីព្យាបាលជំងឺ បានយ៉ាងឆាប់រហ័ស បង្កើនលទ្ធភាពប្រើប្រាស់ បង្កើនប្រាក់ខែក្នុងវិស័យនេះ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការលុបបំបាត់សេវាទូទាត់ អន្តរការី។
លោកប្រធានាធិបតីក៏សម្លឹងរកការធ្វើបទបង្ហាញអំពីកំណែទម្រង់ការងារ និងប្រាក់សោធននិវត្តន៍ ក៏ដូចជា កម្មវិធីធានាការចូលរៀននៅសកលវិទ្យាល័យ ដោយមិនគិតថ្លៃសម្រាប់និស្សិត ដោយមិនចំណាយប្រាក់សម្រាប់វា ខណៈពេលដែលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងមនុស្សចាស់ក្រីក្រ។
ប៉ុន្តែ ក្រុមប្រឆាំងរបស់ប្រទេសកូឡុំប៊ីបានរិះគន់សំណើរបស់លោកប្រធានាធិបតី ប៉េត្រូ ដោយនិយាយថា វាបង្កគ្រោះថ្នាក់ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស ហើយអាចធ្លាក់ចូលទៅក្នុងភាពវឹកវរជាមួយនឹងភាពក្រីក្រកាន់តែខ្ពស់ ដោយអ្នកតវ៉ាលើកឡើងថា រដ្ឋាភិបាលគួរតែគ្រប់គ្រងសម្រាប់ប្រជាជនកូឡុំប៊ីទាំងអស់ ហើយយើងគឺជាស្នូលរបស់ប្រទេសកូឡុំប៊ី ហើយនោះជាមូលហេតុដែលយើងចង់ឱ្យពួកគេគោរពក្របខ័ណ្ឌស្ថាប័ន៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

