បារាំង និងចិនព្រមព្រៀងធ្វើការរួមគ្នា ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងទីប្រឹក្សារដ្ឋ និងជាមន្ត្រីការទូតជាន់ខ្ពស់បំផុតចិន លោក វ៉ាង យី នៅថ្ងៃពុធសប្តាហ៍នេះ បានព្រមព្រៀងគ្នាក្នុងការរួមចំណែក “ឆ្ពោះទៅរកសន្តិភាព” នៅអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពីការិយាល័យរបស់លោក ម៉ាក្រុង បន្ទាប់ពីកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរ។
ការិយាយប្រធានាធិបតីបារាំងបានឱ្យដឹងថា លោក ម៉ាក្រុង និងលោក វ៉ាង បានពិភាក្សាគ្នាអំពីសង្គ្រាមនៅអ៊ុយក្រែន និង ផលវិបាករបស់វាទៅលើប្រទេសដែលងាយរងគ្រោះបំផុត ជាពិសេសទាក់ទងនឹងសន្តិសុខស្បៀង និងសមត្ថភាពហិរញ្ញវត្ថុ។
បើតាមវិមានអេលីហ្សេ ទាំងលោក ម៉ាក្រុង និងលោក វ៉ាង បានបង្ហាញពីគោលបំណងដូចគ្នា ក្នុងការរួមចំណែកដល់សន្តិភាព ស្របតាមច្បាប់អន្តរជាតិ ប៉ុន្តែមិនបានបញ្ជាក់ពីអ្វីដែលជាការរួមចំណែករបស់ប្រទេសនីមួយៗនោះទេ។ បន្ថែមលើនេះ លោក ម៉ាក្រុង ក៏បាននិយាយអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងការប្រឈមមុខនឹង “បញ្ហាប្រឈមជាសកល” រួមទាំងវិបត្តិអាកាសធាតុ។
បន្ទាប់ពីដំណើរទស្សនកិច្ចទៅប្រទេសបារាំង លោក វ៉ាង យី នឹងបន្តដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមសន្និសីទសន្តិសុខទីក្រុងមូនិច ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យសប្តាហ៍នេះ។ ទន្ទឹមគ្នា មន្ត្រីការទូតជាន់ខ្ពស់បំផុតចិនរូបនេះក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា