បេឡារូសចង់អញ្ជើញលោក បៃដិន និងលោក ពូទីន មកកាន់ប្រទេសខ្លួន ដើម្បីពិភាក្សាបញ្ចប់ជម្លោះនៅអ៊ុយក្រែន
មីនស្កិ៍៖ ប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌឺ លូកាសិនកូវ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថ្លែងថា គាត់នឹងអញ្ជើញសមភាគីអាមេរិក លោក ចូ បៃដិន ឱ្យមកដោះស្រាយកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
លោក លូកាសិនកូវ បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា យើងបានត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍គាត់ (លោក បៃដិន) មកកាន់ទីក្រុងមីនស្កិ៍ ហើយនឹងមានកិច្ចពិភាក្សាយ៉ាងម៉ឺងម៉ាត់… ប្រសិនបើគាត់ចង់បានសន្តិភាពនៅអ៊ុយក្រែន។
ហើយសូម្បីតែលោក ពូទីន ក៏នឹងហោះហើរមកកាន់ទីក្រុងមីនស្កិ៍ផងដែរ ហើយយើងនឹងជួបគ្នាក្នុងនាមមេដឹកនាំទាំងបីនៅទីក្រុងមីនស្កិ៍ ក្នុងនោះមានអ្នកឈ្លានពានពីរនាក់ និងប្រធានាធិបតីដែលស្រឡាញ់សន្តិភាព។
យើងនឹងដោះស្រាយបញ្ហាទាំងអស់នៅទីនេះ។ ប៉ុន្តែលោក លូកាសិនកូវ បាននិយាយថា ជំនួសឱ្យការមកកាន់ប្រទេសបេឡារូស លោក បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញវិញ នៅមុនថ្ងៃខួបនៃអ្វីដែលរុស្ស៊ីហៅថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។ ជាមួយគ្នានេះ លោក លូកាសិនកូវ បានចោទប៉ូឡូញថា បានព្យាយាមបង្កើនជម្លោះនៅអ៊ុយក្រែន។
ប្រធានាធិបតីបេឡារូសរូបនេះ ក៏បានចោទប្រកាន់ផងដែរថា ការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងបេឡារូស ចេញពីទឹកដីអ៊ុយក្រែនកំពុងត្រូវបានរៀបចំ ប៉ុន្តែលោកអះអាងថា រូបលោកនឹងបញ្ជាឱ្យកងទ័ពចូលរួមជួយរុស្ស៉ីដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន លុះត្រាតែប្រទេសរបស់លោក រងការវាយប្រហារមុនពីប្រទេសដទៃ៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា
