ចិន និងអ៊ីរ៉ង់ អំពាវនាវឱ្យលោកខាងលិចដកទណ្ឌកម្មចេញពីអ៊ីរ៉ង់

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងសមភាគី អ៊ីរ៉ង់គឺលោកប្រធានាធិបតី អាប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) កាលពី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអំពាវនាវឱ្យលោកខាងលិចដក ទណ្ឌកម្ម ផ្សេងៗចេញពីអ៊ីរ៉ង់ ដោយសារតែទណ្ឌកម្មទាំងនោះហើយដែលជា មូលហេតុ សំខាន់ក្នុងការជំរុញឱ្យកិច្ចព្រមព្រៀងអន្តរជាតិស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានជាប់គាំងទៅមុខលែងរួច។

ការអំពាវនាវនេះធ្វើឡើង ខណៈលោកប្រធានាធិបតីអ៊ីរ៉ង់ អាប្រាហ៊ីម រ៉ៃស៊ី បានអញ្ជើញទៅធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃទៅកាន់ប្រទេសចិន។ ឱកាសនោះនេះដែរលោក ស៊ី ក៏បានយល់ព្រមតាមការអញ្ជើញរបស់ លោក វៃស៊ី ថានឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអ៊ីរ៉ង់វិញនៅ ពេលវេលាសមស្របណាមួយ។នេះបើតាមសេចក្តីថ្លែងការណ៍រួម មួយដែលចេញផ្សាយនៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនេះ។

គួរដឹងដែរថា ក្នុងជំនួបរវាងអ៊ីរ៉ង់និងចិនលើកនេះ ពួកគេបានអំពាវនាវ ឱ្យមានការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលគេស្គាល់ថាជាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមមួយ ដែលអ៊ីរ៉ង់បានយល់ព្រមជាមួយប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក ក្នុងការមិនបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។

ប៉ុន្តែនៅឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកនៅពេលនោះ គឺលោក ដូណាល់ ត្រាំ (Donald Trump) បានដកខ្លួនសហរដ្ឋអាមេរិកចេញពីកិច្ច ព្រមព្រៀង មួយនេះ ហើយបានបញ្ជាឱ្យមានការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋ អាមេរិក ឡើងវិញទៅលើប្រទេសអ៊ីរ៉ង់។

យ៉ាងណាក៏ដោយ កាលពីឆ្នាំ២០២១ លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានលើកឡើងថាសហរដ្ឋអាមេរិកនឹងត្រលប់ទៅចូល រួម ក្នុង កិច្ច ព្រមព្រៀងនេះវិញ ប្រសិនបើអ៊ីរ៉ង់យល់ព្រមផ្លាស់ប្តូរគោល ជំហររបស់ខ្លួន ពោលគឺការត្រឡប់ទៅអនុលោមតាមកិច្ចព្រមព្រៀងនេះវិញ ប៉ុន្តែការ ចរចា ត្រូវបានជាប់គាំងទៅមុខលែងរួច។

លោក ស៊ី និងលោក រ៉ៃស៊ី បានថ្លែងថា «ទណ្ឌកម្មដែលជាប់ពាក់ព័ន្ធទាំងអស់ គួរតែត្រូវបានដកចេញទាំងអស់ ដើម្បីលើកកម្ពស់ការអនុវត្តកិច្ចព្រម ព្រៀងបានយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព»។ ប្រទេសចិន និងអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ការដកទណ្ឌកម្ម និងការធានាផលប្រយោជន៍ សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ គឺជាធាតុផ្សំដ៏សំខាន់ដើម្បីឆ្ពោះទៅរកការអនុវត្ត ទៅបាននៃកិច្ចព្រមព្រៀងមួយនេះ។

កាលពីថ្ងៃអង្គារ លោក ស៊ី បានប្រាប់លោក រ៉ៃស៊ី ថាប្រទេសចិននឹង ចូលរួមប្រកបដោយការស្ថាបនា ទៅក្នុងកិច្ចចរចាដើម្បីបន្តការជជែក គ្នាលើការអនុវត្តកិច្ចព្រមព្រៀងនេះ ខណៈដែលលោកក៏បាន បង្ហាញ ការគាំទ្ររបស់ខ្លួនចំពោះអ៊ីរ៉ង់ ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ របស់ប្រទេសអ៊ីរ៉ង់ជាធំ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំទាំងពីរដដែលបានឱ្យដឹងថា «ប្រទេសចិនប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកពីកម្លាំងខាងក្រៅទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ ដែលធ្វើឱ្យមានការខូចខាតដល់សណ្ដាប់ធ្នាប់ សង្គម និងបង្កជាបញ្ហាអសន្តិសុខ ជាពិសេសប៉ះពាល់ដល់ស្ថិរភាព របស់ប្រទេស អ៊ីរ៉ង់ទាំងមូល»។
បន្ថែមពីនេះមេដឹកនាំទាំងពីរក៏បានបង្កើតគំនិតផ្តួចផ្តើមថ្មីមួយចំនួន រួមមាន ការលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិក និងវិស័យកសិកម្មផងដែរ។

គួរកត់សម្គាល់ថា ការបង្ហាញកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ នៅពេលនេះ គឺផ្ទុយស្រឡះជាមួយនឹងកំហឹងរបស់អ៊ីរ៉ង់កាលពីខែធ្នូឆ្នាំមុន ជុំវិញសេចក្តីថ្លែងការណ៍ដែលប្រទេសចិន និងបណ្ដាប្រទេសជាប់ឈូង សមុទ្របានចេញ ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត។

កាលនោះ ក្រុមប្រឹក្សាសហប្រតិបត្តិការរវាងចិននិងបណ្ដារដ្ឋជាប់ ឈូង សមុទ្រ រួមមាន បារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត អារ៉ាប់រួម បានអំពាវនាវឱ្យអ៊ីរ៉ង់សហការជាមួយទីភ្នាក់ងារថាមពល បរមាណូ អន្តរជាតិ (IAEA) ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី ជុំវិញ បញ្ហាកោះចំនួនបី ដែលគ្រប់គ្រងដោយអ៊ីរ៉ង់ ប៉ុន្តែត្រូវបានទាមទារ ដោយ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

គួររម្លឹកផងដែរថា កាលនោះ ក្រសួងការបរទេសអ៊ីរ៉ង់បានកោះហៅឯក អគ្គរដ្ឋទូតចិនប្រចាំនៅអ៊ីរ៉ង់ ដើម្បីធ្វើការឆ្លើយតប និងបានសម្តែងការមិន ពេញចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍រួមនោះ។
ដោយ៖ធា សុណា

ប្រភព៖ https://www.channelnewsasia.com/world/iran-china-sanctions-xi-jinping-visit-lifted-3282906

ads banner