រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញអនុក្រឹត្យស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន។
នៅក្នុងអនុក្រឹត្យត្រង់មាត្រា១ ឱ្យដឹងថា របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើង ដូចខាងក្រោម៖
កម្រិត១ : របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ៦៩០ ០០០ (ប្រាំមួយសែនប្រាំបួនម៉ឺន) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល ក្នុងមួយខែ
កម្រិត២ : របបសន្តិសុខសង្គមប្រចាំខែ ក្នុងចន្លោះចាប់ពី ៧៧០ ០០១ (ប្រាំពីរសែនប្រាំពីរម៉ឺនមួយ) រៀល ដល់ត្រឹម ១ ០០០ ០០០ (មួយលាន) រៀល ត្រូវផ្ដល់ជូនបន្ថែមចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ក្នុង១(មួយ)ខែ
កម្រិត៣ : របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១ ០០០ ០០១ (មួយលានមួយ) រៀល ដល់ត្រឹម ១ ០១០ ០០០ (មួយលានមួយម៉ឺន) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ១ ០២០ ០០០ (មួយលានពីរម៉ឺន) រៀល ក្នុង១(មួយ)ខែ
កម្រិត៤ : របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១ ០១០ ០០១ (មួយលានមួយម៉ឺនមួយ) រៀល ឡើងទៅ ត្រូវផ្ដល់ជូនបន្ថែមចំនួន ១០ ០០០ (មួយម៉ឺន) រៀល ក្នុង ១(មួយ)ខែ។
អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ខាងលើរួចមកហើយ ពុំអាចទទួលបានកម្រិតផ្សេងទៀតឡើយ។
មាត្រា ២ បានបញ្ជាក់ថា របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជនប្រចាំខែ ដែលបានកំណត់ក្នុង មាត្រា១ ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ការកែប្រែរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ត្រូវធ្វើឡើងដោយអនុក្រឹត្យ បន្ទាប់ពីការពិគ្រោះយោបល់រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមុខងារ សាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
ដោយ៖ពលជ័យ
សូមអានអនុក្រឹត្យដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖


