កម្ពុជាគ្រោងតភ្ជាប់ការហោះហើរភ្នំពេញ ក្រុងដាណាងវៀតណាម
ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅក្រុងដាណាងនាភាគកណ្តាលនៃប្រទេសវៀតណាមគ្រោងនឹងត្រូវត ភ្ជាប់លើកដំបូងនាចុងខែវិច្ឆិកា ឆ្នាំ២០១៩។ ការបង្ហាញពីគម្រោងហោះហើរនោះ បានធ្វើឡើងក្នុងជំនួបពិភាក្សា ការងាររវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ជាមួយប្រតិភូក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air នារសៀលថ្ងៃ២២សីហា។ ការជួបពិភាក្សានោះ គឺដើម្បីសុំការគាំទ្រពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះគម្រោងបើកការហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញទៅមកខេត្តដាណាងនៃប្រទេសវៀតណាម នាថ្ងៃទី២៧វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យក្រុមហ៊ុនត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ ពីព្រោះ Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍របស់ជាតិ។ លោករដ្ឋមន្ត្រី ក៏បានស្នើបន្ថែមឱ្យក្រុមហ៊ុនគិតគូរលើការ បង្កើនជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀត ពិសេសតំបន់ ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជា ខេត្តស៊ីអាន, ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងរបស់ចិនជាដើម ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air បច្ចុប្បន្ន ក៏មានជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅ ខេត្តដាណាងរួចមកហើយ។ ក្រៅពីនោះ ក្រុមហ៊ុនបាននិងកំពុងបើកការហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅ ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅទីក្រុងប៉េកាំងប្រទេសចិន, ពីខេត្តព្រះសីហនុទៅខេត្តសៀមរាប និង ពីខេត្តសៀមរាបទៅទីក្រុងហាណូយប្រទេសវៀតណាមជាដើម។ លោករដ្ឋមន្ត្រីថោង ខុន បានបញ្ជាក់ថា ខេត្តដាណាងជាគោលដៅទេសចរណ៍អន្តរជាតិមួយដ៏ធំរបស់វៀតណាម ដែលនៅ ទីនោះនឹងសម្បូរណ៍ ភ្ញៀវទេសចរណ៍មកពីប្រទេសទីបីជាច្រើន ដែលអាចបន្តការហោះហើរត្រង់មកទស្សនាកម្ពុជា ។





