លោក ពូទីនផ្អាកកិច្ចព្រម ព្រៀងនុយក្លេអ៊ែរ ជាមួយ អាមេរិកបន្ទាប់ពីបៃឌិនទៅអ៊ុយក្រែន

មូស្គូ: ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបាន ប្រកាស ផ្អាកការ ចូល រួម របស់ ទីក្រុងមូស្គូ ក្នុងកតិកា សញ្ញាគ្រប់គ្រង អាវុធនុយក្លេអ៊ែរ (New START Treaty) ជាមួយ សហរដ្ឋ អាមេរិកកាលពីថ្ងៃ អង្គារ ខណៈបញ្ជាក់យ៉ាងច្បាស់ថាលោកនឹង មិនផ្លាស់ប្តូរយុទ្ធសាស្ត្រ សង្រ្គាមនៅ អ៊ុយក្រែននោះ ទេស្របពេល ដែលកងទ័ពរុស្ស៊ី កំពុងបង្កើនការ វាយ លុក។

លោក ពូទីន បាន សង្កត់ ធ្ងន់ ថា រុស្ស៊ី មិន ទាន់ ដក ខ្លួន ចេញ ពី កតិកា សញ្ញា នេះ នៅ ឡើយ ទេ ហើយ ប៉ុន្មាន ម៉ោង បន្ទាប់ ពី សុន្ទរកថា របស់ លោក ក្រសួង ការ បរទេស រុស្ស៊ី បាន និយាយ ថា ទីក្រុងមូស្គូ នឹង គោរព សន្ធិសញ្ញា ស្តី ពី អាវុធ នុយក្លេអ៊ែរ ។ ក្រសួង ក៏ និយាយ ផង ដែរ ថា រុស្ស៊ី នឹង បន្ត ចែក រំលែក ព័ត៌មាន អំពី ការ បាញ់ សាក ល្បង មីស៊ីល ផ្លោង តាម កិច្ច ព្រម ព្រៀង មុន ៗ ជាមួយ សហរដ្ឋ អាមេរិក ។ នេះ បើ តាម ការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន AP ។
លោក ពូទីន បាន ថ្លែង ក្នុង សុន្ទរកថា ទៅ កាន់ ប្រទេស ថា រុស្ស៊ី និង អ៊ុយក្រែន គឺ ជា ជន រង គ្រោះនៃ ការ មិន គួរ ឱ្យ ទុក ចិត្ត របស់ លោក ខាង លិច ហើយ ខុស ពី អ៊ុយក្រែន ប្រទេស រុស្ស៊ី កំពុង ប្រយុទ្ធ ដើម្បី អត្ថិភាព របស់
ខ្លួន។ លោក ថ្លែង យ៉ាង ដូច្នេះ ថា ៖ « យើង មិន ប្រយុទ្ធ ជាមួយ ប្រជាជន អ៊ុយក្រែន ទេ ។ ប្រជាជន អ៊ុយក្រែន បាន ក្លាយ ជា ចំណាប់ ខ្មាំង នៃ របប ក្រុង កៀវ និង ចៅ ហ្វាយ នាយ របស់ លោក ខាង លិច » ។
គេ មើល ឃើញ ថា វា មិន មែន ជា អ្វី ដែល ថ្មីទេ ដែល មេដឹកនាំ រុស្ស៊ីរូប នេះ ថ្លែង ការពារ ភាព ត្រឹម ត្រូវ នៃ ការ ឈ្លាន ពាន អ៊ុយក្រែន ដែល ខ្លួន ហៅ ថា « ប្រតិបត្តិការ យោធា ពិសេស » ។ សកម្មភាព យោធារុស្ស៊ី ដែល រង ការ ថ្កោល ទោស ពី សហគមន៍ អន្តរជាតិ នេះ នឹង គម្រប់ ខួប មួយ ឆ្នាំ នៅ ថ្ងៃ សុក្រ ខាង មុខ ខណៈ ភាព តាន តឹង នៃ ការ ប្រយុទ្ធ នៅ តែ បន្ត ។ បើ តាម តួលេខ ពី អង្គការ សហ ប្រជាជាតិ គិត ត្រឹម ថ្ងៃ ២១ កុម្ភៈ ជន ស៊ីវិល ក្នុង ប្រទេស អ៊ុយក្រែន ជាង ៨ ០០០ នាក់ ត្រូវ បាន សម្លាប់ ហើយ តួលេខ ពិត ប្រាកដ អាច នឹង ខ្ពស់ ជាង នេះ ។
លោក ពូទីន នៅ តែ បដិសេធ រាល់ ទង្វើ ខុស ឆ្គង នៅ អ៊ុយក្រែន សូម្បី តែ មាន ភស្តុតាង រាប់ មិន អស់ ដែល បង្ហាញ ថា កង កម្លាំង រុស្ស៊ី វាយ ប្រហារ លើ គោលដៅ ជន ស៊ីវិល រួម ទាំង មន្ទីរ ពេទ្យ ខណៈ រុស្ស៊ី រង ការ ចោទ ប្រកាន់ ពី « ឧក្រិដ្ឋកម្ម សង្គ្រាម » ក៏ ដោយ ។
ការ ប្រកាស ផ្អាក កិច្ច ព្រម ព្រៀង នុយក្លេអ៊ែរ START របស់ លោក ពូទីន ធ្វើ ឡើង បន្ទាប់ ពី ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បាន ធ្វើ ដំណើរ ទស្សនកិច្ច ដោយ ផ្ទាល់ គួរ ឱ្យ ភ្ញាក់ ផ្អើល ទៅ ក្រុង កៀវដោយ ជួប ជាមួយ ប្រធានាធិបតី អ៊ុយក្រែន វ្ល៉ូឌីមៀរ ហ្សេលេនស្គី កាល ពី ថ្ងៃ ចន្ទ ទាំង ប្ដេជ្ញា មិន បោះ បង់ ហើយ បន្ត គាំទ្រ អ៊ុយក្រែន ដើម្បី ប្រឆាំង ការ ឈ្លាន ពាន របស់ រុស្ស៊ី ។
ពាក់ ព័ន្ធ នឹង បញ្ហា នេះ ផង ដែរ លោក ហ្សេលេនស្គី បាន លើក ឡើង ពី ការ វាយ ប្រហារ ថ្មី ៗ លើ ជន ស៊ីវិល អ៊ុយក្រែន កាល ពី ថ្ងៃ អង្គារ ហើយ មិន សង្កត់ ធ្ងន់ លើ សុន្ទរកថា របស់ លោក ពូទីន ។ លោក ថ្លែង យ៉ាង ដូច្នេះ ថា ៖ « ខ្ញុំ មិន បាន មើល (សុន្ទរកថា របស់ ពូទីន ) ទេ ព្រោះ អំឡុង ពេល នេះ មាន ការ វាយ ប្រហារ ដោយ មីស៊ីល នៅ តំបន់ ឃើរសុន ។ មនុស្ស ២១ នាក់ បាន រង របួស និង ៦ នាក់ បាន ស្លាប់ » ។
គួរ គូស បញ្ជាក់ ថា កិច្ច ព្រម ព្រៀង នុយក្លេអ៊ែរ START ត្រូវ បាន ចុះ ហត្ថលេខា ក្នុង ឆ្នាំ ២០១០ ដោយ អតីត ប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា និង សម ភាគី រុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ដោយ កំណត់ ចំនួន ក្បាល គ្រាប់ នុយក្លេអ៊ែរ ជា យុទ្ធសាស្ត្រ ដែល ប្រទេស នានា អាច ដាក់ ពង្រាយ បាន ។ ដោយ សារ វា នឹង ផុត កំណត់ នៅ ឆ្នាំ ២០២៦ កិច្ច ព្រម ព្រៀង នេះ អនុញ្ញាត ឱ្យ ប្រទេស នីមួយ ៗ ពិនិត្យ មើល ឃ្លាំង អាវុធ នុយក្លេអ៊ែរ របស់ ភាគី ម្ខាង ទៀត ទោះ បី ជា ភាព តាន តឹង នៅ អ៊ុយក្រែន ធ្វើឱ្យ ការ ត្រួត ពិនិត្យ ជាប់ គាំង ក៏ ដោយ ។
លោក ពូទីន ថ្លែង នៅ ថ្ងៃ អង្គារ ថា រុស្ស៊ី គួរ តែ ត្រៀម ខ្លួន រួច ជាស្រេច ដើម្បី បន្ត ការ សាក ល្បង អាវុធ នុយក្លេអ៊ែរ ឡើង វិញ ប្រសិន បើ សហរដ្ឋ អាមេរិក នឹង ធ្វើ ដូច្នេះ ដែរ ទោះ បី ជា ទង្វើ នេះ នឹង បញ្ចប់ ការ ហាម ឃាត់ ជា សកល លើ ការ សាក ល្បង នុយក្លេអ៊ែរ ចាប់ តាំង ពី សម័យ សង្គ្រាម ត្រជាក់ មក ក៏ ដោយ ។
រុស្ស៊ី និង សហរដ្ឋ អាមេរិក រួម គ្នា មាន ក្បាល គ្រាប់ នុយក្លេអ៊ែរ សរុប ចំនួន ៩០ ភាគ រយ នៃ ក្បាល គ្រាប់ ដែល ពិភព លោក មាន ។ សន្ធិសញ្ញា START បាន កំណត់ ភាគី នីមួយ ៗ ត្រឹម ១ ៥៥០ ក្បាល គ្រាប់ លើ មីស៊ីល ដែល ខ្លួន បាន ដាក់ ពង្រាយ និង យន្តហោះ ទម្លាក់ គ្រាប់ បែក ធុន ធ្ងន់ ។ ភាគី ទាំង ២ បាន ឈាន ដល់ ដែន កំណត់ តាំង ពី ឆ្នាំ ២០១៨ ។

យ៉ាង ណា មិញ ក្រោយ ការ ប្រកាស របស់ លោក ពូទីន ក្រសួង ការ បរទេស រុស្ស៊ី បាន ចេញ សេចក្ដី ថ្លែងការណ៍ មួយ ដោយ និយាយ យ៉ាង ដូច្នេះ ថា ៖ « ដើម្បី រក្សា ការ ដែល អាច ព្យាករបាន និង ស្ថិរភាព ក្នុង វិស័យ មីស៊ីល នុយក្លេអ៊ែរ រុស្ស៊ី មាន បំណង ប្រកាន់ ខ្ជាប់ នូវ វិធីសាស្រ្ត ប្រកប ដោយ ការ ទទួល ខុស ត្រូវ ហើយ នឹង បន្ត អនុវត្ត យ៉ាង តឹង រ៉ឹង នូវ ការ រឹត បន្តឹង បរិមាណ ដែល ផ្តល់ ដោយ សន្ធិសញ្ញា New START»។ ប៉ុន្តែ ក្រសួង បាន បន្ទោស សហរដ្ឋ អាមេរិក ចំពោះ ការ សម្រេច ចិត្ត របស់ រុស្ស៊ី ក្នុង ការ ផ្អាក កិច្ច ព្រម ព្រៀង ដោយ ចោទ ប្រកាន់ ក្រុង វ៉ាស៊ីនតោន ថា មិន គោរព តាម បទ ប្បញ្ញត្តិ របស់ ខ្លួន និង ព្យាយាម ធ្វើ ឱ្យ ខូច សន្តិសុខ ជាតិ របស់ រុស្ស៊ី ។
ជំហានចុង ក្រោយ របស់ រុស្ស៊ី បង្ក ការ ព្រួយ បារម្ភ ខ្លាំង ពី សហគមន៍ អន្តរជាតិផ្សេង ៗ ក៏ ដូច ជា ប្រទេស នានា ។ អគ្គលេខាធិការ អង្គការ សហ ប្រជាជាតិ លោក អង់តូនីញូវ ហ្គូតទែរ៉េស បាន ចេញ សេចក្ដី អំពាវ នាវ ឱ្យ រុស្ស៊ី និង សហរដ្ឋ អាមេរិក ត្រឡប់ ទៅ រក ការ សន្ទនា ជា បន្ទាន់ ពី ព្រោះពេល « ពិភព លោក គ្មាន ការ គ្រប់ គ្រង អាវុធ នុយក្លេអ៊ែរ នោះ វា នឹង គ្រោះ ថ្នាក់ និង គ្មាន ស្ថិរភាព កាន់ តែ ខ្លាំង »។

ចំណែក ឯ រដ្ឋ មន្រ្តី ការ បរទេស អាមេរិក លោក អង់ថូនី ប្ល៊ីងកែន បាន ពណ៌នា ការ សម្រេច ចិត្ត របស់ ទីក្រុង មូស្គូ ក្នុង ការ ផ្អាក ការ ចូល រួម នៅ ក្នុង សន្ធិសញ្ញា នេះ ថា « គ្មាន ការ ទទួល ខុស ត្រូវ ខ្លាំង ណាស់ » ។ លោក បន្ត ថា ៖ « យើង នឹង ឃ្លាំ មើល យ៉ាង យក ចិត្ត ទុក ដាក់ ដើម្បី មើល ថា តើ រុស្ស៊ី ពិត ជា ធ្វើ អ្វី » ។
ស្រដៀង គ្នា នេះ ដែរ ឯកអគ្គ រដ្ឋ ទូត ចិន ប្រចាំ អង្គការ សហប្រជាជាតិ លោក Zhang Jun បាន អំពាវ នាវ ឱ្យ សហរដ្ឋ អាមេរិក និង រុស្ស៊ី « បន្ត ការ ចរចារ គ្នា ទៅ វិញ ទៅ មក ក្នុង ការ ស្វែង រក ដំណោះ ស្រាយ ដ៏ ល្អ » ។
គួរ កត់ សម្គាល់ ផង ដែរ ថា ការ ប្រកាស របស់ លោក ពូទីន ធ្វើ ឡើង ចំពេល ដែល រុស្ស៊ី បង្កើន ការ វាយ ប្រហារ លើ អ៊ុយក្រែន ដែល ទទួល ជំនួយ សព្វាវុធ ពី លោក ខាង លិច ទំនើប ៗ ។ វា ក៏ កើត ឡើង ផង ដែរ ក្រោយ លោក ប្ល៊ីងកែន បាន និយាយ ព្រមាន ចិន កាល ពី ចុង សប្ដាហ៍ ថា នឹង ជួប « បញ្ហា ធ្ងន់ » បើ ក្រុង ប៉េកាំង ផ្គត់ ផ្គង់ អាវុធ ទៅ ឱ្យ រុស្ស៊ី ។ ការ ព្រួយ បារម្ភ ចំពោះ ចិន ស្ដី ពី ការ ផ្ដល់ អាវុធ ឱ្យ រុស្ស៊ី ត្រូវ បាន ក្រុង ប៉េកាំង ច្រាន ចោល យ៉ាង ដាច់ អហង្ការ ។

ចិន និង រុស្ស៊ី បាន តម្រឹម គោល នយោបាយ ការ បរទេស របស់ ខ្លួន ឱ្យ ស្រប គ្នា ដើម្បី ប្រឆាំង នឹង ក្រុង វ៉ាស៊ីនតោន ។ កន្លង មក ទីក្រុង ប៉េកាំង បាន បដិសេធ មិន ថ្កោល ទោស ការ ឈ្លាន ពាន របស់ រុស្ស៊ី ឬ អំពើ ឃោរឃៅ ប្រឆាំង នឹង ជន ស៊ីវិល ក្នុង ប្រទេស អ៊ុយក្រែន ខណៈ រិះ គន់ យ៉ាង ខ្លាំង ៗ ទៅ លើ ទណ្ឌកម្ម សេដ្ឋកិច្ច របស់ លោក ខាង លិច ទៅ លើ ទីក្រុង មូស្គូ ហើយ បង្កើន ទំនាក់ ទំនង សេដ្ឋកិច្ច ក៏ ដូច ជា យោធា រួម មាន ការ ធ្វើ សមយុទ្ធ យោធា រួម ជា ដើម ៕

ដោយ:ហួន ឌីីណា (CPA)
ប្រភព៖ Putin raises tension on Ukraine, suspends START nuclear pact
Russia’s Putin issues new nuclear warnings to West over Ukraine
UN rights chief deplores Ukraine death toll one year after Russian invasion

ads banner