ឥណ្ឌូណេស៊ី និងចិន ជំរុញការចរចាជុំវិញបញ្ហា ក្រមប្រតិបត្តិ សមុទ្រចិន ខាងត្បូង

ហ្សាការតា៖​ កាលពីថ្ងៃទី២២ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េណូ ម៉ាស៊ូឌី (Retno Marsudi) និងរដ្ឋមន្ត្រីការបរទេស ចិន លោក ឈីន កាង (Qin Gang) បានថ្លែងទៅកាន់ប្រព័ន្ធ ផ្សព្វផ្សាយអំឡុងពេលទស្សនកិច្ចរបស់លោក ឈីន នៅប្រទេសឥណ្ឌូ នេស៊ីថា ប្រធានប្តូរវេនបច្ចុប្បន្នរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន ពោលគឺប្រទេសឥណ្ឌូណេស៊ី នឹងសហការ ជាមួយចិនក្នុងការពង្រឹងការចរចាសារជាថ្មីជុំវិញក្រមប្រតិបត្តិ (Code of Conduct) នៅសមុទ្រចិនខាងត្បូង។
លោក ឈីន កំពុងបំពេញទស្សនកិច្ចការងាររយៈពេលបី ថ្ងៃតាម ការអញ្ជើញរបស់លោកស្រី ម៉ាស៊ូឌី។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាពីបញ្ហាក្នុងតំបន់ ក៏ដូចជាបញ្ហាទ្វេភាគីផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេទៅកាន់បណ្ដាប្រព័ន្ធផ្សព្វផ្សាយនានា លោកស្រី ម៉ាស៊ូឌី បានលើកឡើងថា ប្រទេសឥណ្ឌូនេស៊ី និងអាស៊ានចង់ឱ្យស្ថានភាពនៅសមុទ្រចិនខាងត្បូងមានសន្តិភាព និងស្ថិរភាព។
ដោយសំដៅទៅលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឬហៅកាត់ថា អនុសញ្ញាអ៊ុនខ្លូស (UNCLOS) ដែលចិនបានផ្តល់ សច្ចាប័នផងដែរនោះ លោកស្រីបានសង្កត់ធ្ងន់ថា ៖ «ការគោរពច្បាប់ អន្តរជាតិ ជាពិសេស អនុសញ្ញាស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ គឺជាគន្លឹះ សំខាន់មួយ»។ លោកស្រីបន្តថា ៖ «បន្ទាប់ពីត្រូវបានពន្យារ ពេល ដោយសារជំងឺកូវីដ១៩ កិច្ចចរចាស្ដីពីក្រមប្រតិបត្តិ (Code of Conduct) នឹងត្រូវបានអនុវត្តសារជាថ្មី ហើយនឹងត្រូវធ្វើឡើង ដោយ ផ្ទាល់វិញម្ដង»។
លោកស្រីបានបន្ថែមទៀតថា ប្រទេសឥណ្ឌូណេស៊ី និងអាស៊ាន ចង់ បង្កើតក្រមប្រតិបត្តិមួយដែលមានប្រសិទ្ធភាព មានភាពជាក់លាក់ យ៉ាងលម្អិត និងអាចធ្វើទៅបាន។ ដោយឡែក ចំពោះភាគីចិនវិញ លោក ឈីន បានលើកឡើងថា សង្រ្គាមត្រជាក់ថ្មី និងការប្រកួត ប្រជែងក្នុងចំណោមមហាអំណាចធំៗ មិនគួរលេចរូបរាងឡើង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនោះទេ។
ដោយបញ្ជាក់សារឡើងវិញនូវសេចក្តីថ្លែងការណ៍កាលពីមុនដោយអតីតរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) លោក ឈីន បានបន្ថែមថា ប្រទេសក្នុងតំបន់មិនគួរត្រូវបានបង្ខំឱ្យចូលក្នុងបក្ខពួកណាមួយនោះទេ។ លោក បានមានប្រសាសន៍ថា ៖ «យើងជឿជាក់ថា ប្រទេស ឥណ្ឌូនេស៊ី និងអាស៊ាននឹងធ្វើការវាយតម្លៃជុំវិញឯករាជ្យភាព និងជម្រើសរបស់ពួកគេដោយផ្អែកលើស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពជាចម្បង»។
រដ្ឋមន្ត្រីការបរទេសរូបនេះក៏បានបន្ថែមផងដែរថា ចិនគាំទ្រ ជានិច្ចនូវ ឯករាជ្យភាពជាយុទ្ធសាស្ត្ររបស់អាស៊ាន និងគោរពគោលការណ៍ អព្យាក្រឹត្យរបស់អាស៊ានក្នុងការកសាងស្ថិរភាពក្នុងតំបន់។ លោកបានថ្លែងថា ៖ «ក្នុងនាមជារដ្ឋអធិបតេយ្យភាពនៅតំបន់ សមុទ្រចិនខាងត្បូង ឥណ្ឌូនេស៊ី និងចិននឹងធ្វើការជាមួយ រដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីអនុវត្តសេចក្តីប្រកាស ស្តីពីការប្រព្រឹត្តទៅនៅតំបន់សមុទ្រចិនខាងត្បូង និងពន្លឿនការ ចរចាជុំវិញក្រមប្រតិបត្តិផងដែរ»។
ប៉ុន្តែ រដ្ឋមន្ត្រីទាំងពីរមិនបានបញ្ជាក់ថាតើការចរចា នឹងប្រព្រឹត្តទៅ នៅពេលណានោះទេ ប៉ុន្តែអាចនឹងនៅដើមខែមីនា ឆ្នាំ២០២៣ ខាងមុខ នេះបើយោងតាមប្រសាសន៍របស់លោកស្រី ម៉ាស៊ូឌី។
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូងជាដែនទឹកមួយក្នុងចំណោម ដែនទឹកដែលមានជម្លោះខ្លាំងបំផុតនៅលើពិភពលោក។
កន្លងមក ប្រទេសចិនបានទាមទារកាន់កាប់តំបន់ភាគច្រើន នៃផ្ទៃសមុទ្រចិនខាងត្បូងដោយផ្អែកលើផែនទីបន្ទាត់ប្រាំបួនចំណុច (Nine-dash line) ដែលខ្លួនប្រើប្រាស់ដើម្បីទាមទារដែនសមុទ្រ មួយនេះ ប៉ុន្តែឥណ្ឌូនេស៊ីចាត់ទុកថាការផ្អែកលើផែនទីបន្ទាត់ ប្រាំបួន គឺជារឿងដែលខ្វះមូលដ្ឋានច្បាប់អន្តរជាតិ។
ប្រទេសឥណ្ឌូណេស៊ីមិនមែនជារដ្ឋទាមទារនៅតំបន់សមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែក៏ធ្លាប់មានការប៉ះទង្គិចជាមួយចិនក្នុងរយៈ ពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញសិទ្ធិនេសាទនៅជុំវិញកោះណាធូណា (Natuna) ដែលជាកោះនៅជិតដែនទឹកដែលមានជម្លោះ។
ទោះជាយ៉ាងណា គេសង្កេតឃើញថាមានការទាមទារយកតំបន់ដែល ត្រួតលើគ្នាដោយប្រទេសសមាជិកអាស៊ានដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមជាដើម ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់ខ្លួនក៏បានជំទាស់នឹងការទាមទាររបស់ចិនផងដែរ។
ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក ប្រទេសសមាជិកអាស៊ានបាន ព្យាយាមចរចាអំពីក្រមប្រតិបត្តិជាមួយចិន ប៉ុន្តែការចរចារបានជាប់ គាំងដោយសារហេតុផលផ្សេងៗ ដែលថ្មីៗនេះភាគច្រើនដោយ សារ ជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឱ្យបញ្ហាកាន់តែពិបាកក្នុងការ រៀបចំ កិច្ចប្រជុំដោយផ្ទាល់។

ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បាន និយាយ អំពីវិបត្តិផ្ទៃក្នុងនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ លោកស្រី ម៉ាស៊ូឌី បានសម្តែងការពេញចិត្តចំពោះប្រទេសចិនដែលគាំទ្រ ការឯកភាពគ្នាទាំងប្រាំចំណុចដើម្បីបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារបានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រីបានថ្លែងដោយសំដៅទៅលើការឯកភាពគ្នាជាឯកច្ឆន្ទលើប្រាំចំណុច ដែលត្រូវបានអនុម័តដោយមេដឹកនាំអាស៊ាននៅទី ក្រុងហ្សាការតាក្នុងខែមេសា ឆ្នាំ២០២១ ថា «ចំណុចទាំង ប្រាំគឺជា ឯកសារយោងសំខាន់សម្រាប់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាឱ្យដើរចេញពីវិបត្តិនយោបាយរបស់ខ្លួន»។
លោកស្រីបានមានប្រសាសន៍ថា ៖ «ក្នុងនាមជាប្រធានអាស៊ាន ឥណ្ឌូនេស៊ីនឹងបង្កើតកិច្ចសន្ទនាជាមួយអ្នកពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងគោលដៅមួយ ពោលគឺដើម្បីត្រួសត្រាយផ្លូវ សម្រាប់លទ្ធភាពនៃការអនុវត្តកិច្ចសន្ទនាថ្នាក់ជាតិប្រកបដោយការរួមបញ្ចូលនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
គួរដឹងដែរថា ដំណើរទស្សនកិច្ចរបស់លោក ឈីន ទៅកាន់ ប្រទេសឥណ្ឌូណេស៊ី គឺជាទស្សនកិច្ចលើកដំបូងរបស់លោក បន្ទាប់ពីបានចូលកាន់តំណែងប្រហែលជាពីរខែមុន។
ដោយសហការជាមួយលោកស្រី ម៉ាស៊ូឌី ផ្ទាល់ អ្នកទាំងពីរបាន សម្រេចបាននូវការរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការ ចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) រវាងប្រទេសចិន និងឥណ្ឌូនេស៊ីកាលពីព្រឹកថ្ងៃពុធ ប្រកបដោយជោគជ័យ។ លោក ឈីន ក៏បានចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) នៅព្រឹកថ្ងៃពុធ ហើយលោកក៏នឹងទៅបំពេញ ទស្សនកិច្ច នៅលេខាធិការដ្ឋានអាស៊ានផងដែរនាពេលខាងមុខនេះ៕
ដោយ៖ធា សុណា
ប្រភព៖ ASEAN chair Indonesia, China to intensify negotiations for South China Sea code of conduct

ads banner