លោក បៃដិន ហៅការសម្រេចចិត្តផ្អាកការចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែររបស់រុស្ស៊ីថា ជាកំហុសមួយដ៏ធំ និងគ្មានការទទួលខុសត្រូវ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ បានថ្លែងអះអាងថា ការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការផ្អាកការចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ New START គឺជាកំហុសមួយដ៏ធំ និងគ្មានការទទួលខុសត្រួវទាល់តែសោះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ បានប្រកាសផ្អាកការចូលរួមរបស់រុស្ស៉ី នៅក្នុងសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរតែមួយគត់ ដែលនៅសេសសល់រវាងមហាអំណាចទំាងពីរ។
សន្ធិសញ្ញានេះនឹងត្រូវអស់សុពលភាពនៅថ្ងៃកុម្ភៈ ឆ្នាំ២០២៦។

ឆ្លើយតបនឹងការប្រកាសខាងលើ លោក បៃដិន បានរិះគន់រុស្ស៉ីសម្រាប់ការសម្រេចចិត្តបែបនេះ ប៉ុន្តែបាននិយាយថា មិនមានសញ្ញាណាមួយបង្ហាញថា ទីក្រុងមូស្គូកំពុងពិចារណា ឬក៏អាចនឹងប្រើអាវុធនុយក្លេអ៊ែរនោះទេ។ លោក បៃដិន បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន ABC News នៅក្នុងប្រទេសប៉ូឡូញ នៅមុនជំនួបជាមួយប្រមុខអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ និងមេដឹកនាំនៃបណ្ដាប្រទេសអឺរ៉ុបខាងកើតក្នុងទីក្រុងវ៉ាសូវី។

ដោយឡែក រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃអង្គារសប្តាហ៍នេះ ក៏បានហៅការសម្រេចចិត្តរបស់រុស្ស៊ីថា ជារឿងអកុសល និងគ្មានការទទួលខុសត្រូវ ប៉ុន្តែបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននៅតែមានឆន្ទៈក្នុងការនិយាយអំពីបញ្ហានេះ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner