ប្រមុខរាជរដ្ឋាភិបាល៖ ជនរងគ្រោះដោយសារមីន និងគ្រាប់មិនទាន់ ផ្ទុះបានថយចុះ តែត្រូវរួមគ្នាបន្តធ្វើការផ្សព្វផ្សាយ និងប្រុងប្រយ័ត្ន ពី គ្រោះថ្នាក់នេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន បញ្ជាក់ឱ្យដឹងថា ចំនួនជនរងគ្រោះដោយសារមីន និងគ្រាប់មិនទាន់ ផ្ទុះបានថយចុះពី ៤ ៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោម ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយ។

ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានអំពាវនាវឱ្យក្រសួង អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ រួមនឹងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួម ផ្សព្វផ្សាយ ការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិន ទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន ក្រៅសាលា នៅតាមសហគមន៍ដែលរងផលប៉ះពាល់ផងដែរ។
នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ»។
សម្ដេចតេជោបានលើកឡើងថា សង្គ្រាមបានបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យ ប្រជាពលរដ្ឋ រាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ដែលមិន ធ្លាប់ កើតមានពីមុនមក និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា ៖ «ការ ផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះត្រូវធ្វើនៅ តាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំដោយ ផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធីសិក្សារបស់ ក្រសួងអប់រំ និងការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ បណ្ដាញសង្គម ផ្ទាំងប៉ាណូ និងខិត្តប័ណ្ណជាដើម»។
ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ អាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និង អន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់គ្រោះថ្នាក់បា នទាន់ពេលវេលាផងដែរ។
រយៈពេល ៣០ឆ្នាំនេះ ដោយគិតចាប់ពីឆ្នាំ១៩៩២ មក ផ្ទៃដីទំហំ ២ ៥៥៤ គីឡូម៉ែត្រការ៉េ ត្រូវបាន បោសសម្អាតសម្រាប់យកទៅ ប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ, ហេដ្ឋារចនាសម្ព័ន្ធ ៧ភាគរយ និងផ្សេងៗ ២២ភាគរយ។
ក្នុងនោះរួមមាន ការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម ដោយប្រជាពលរដ្ឋទទួលផលចំនួន ១០ ០៣១ ៦៦៤ នាក់។ មីនប្រឆាំងមនុស្ស ចំនួន ១ ១៥៣ ២១៧ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ១៣៥ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ចំនួន ៣ ០៣៤ ៧២៧ គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ដោយឡែកនៅក្នុងឆ្នាំ២០២២ កន្លងទៅ បានបោសសម្អាតផ្ទៃដីចំនួន ២៥០ គីឡូម៉ែត្រការ៉េ សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះ បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្ស ចំនួន ៣៦ ៦០៩ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន១៨៣គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ចំនួន ៥៥ ៨០៣ គ្រាប់។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ «ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោម ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយ។ មកទល់ពេលនេះ យើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើវិស័យសកម្មភាពមីន ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួម ចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ»។ជោគជ័យ ដ៏ត្រចះត្រចង់ទាំងនេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀតក្នុងការ ឈានទៅសម្រេច គោលដៅ តាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដើម្បីអាចធានាបាន នូវការរស់នៅរបស់ ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយ សុវត្ថិភាព ខ្ពស់គ្រប់ទីកន្លែង។
អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឥតឈប់ឈរ ដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងសកម្មភាពមីន ព្រមទាំងបានដាក់ ចេញនូវគោលដៅយ៉ាងច្បាស់លាស់ គឺ «កម្ពុជាមួយគ្មានមីន ឆ្នាំ២០២៥» និងការដោះស្រាយហានិភ័យដែលនៅសេសសល់ ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥។យើង មានក្តីសង្ឃឹម យ៉ាងមុតមាំថា យើងនឹងអាចធ្វើបាន ជាមួយនឹងការតាំងចិត្តខ្ពស់ និងការប្តេជ្ញាចិត្តរួមរបស់យើងទាំងអស់គ្នា។

យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាបានប្រែក្លាយភូមិចំនួន ១ ៩២១ ទៅជាភូមិអស់មីន ព្រមទាំងបានប្រកាសរាជធានីខេត្តចំនួន ៨ ជារាជធានីខេត្តអស់មីន រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តស្វាយរៀង។ ដោយឡែកនៅឆ្នាំ២០២៣នេះ កម្ពុជាគ្រោងប្រកាស ខេត្តអស់ មីនចំនួន ១០ បន្ថែមទៀតគឺ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
កម្ពុជាក៏បានដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ ត្រឹមឆ្នាំ២០២៥ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
សូមបញ្ជាក់ផងដែរថា អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន នឹងធ្វើការប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ នៅ វិមាន ២ធ្នូ ខេត្តក្រចេះ៕
ដោយ៖នាង សុគន្ធា

ads banner