សម្តេចតេជោ ហ៊ុន សែន អរគុណជប៉ុន ដែលនឹងបញ្ជូនអាជ្ញាកណ្ដាល មកពិនិត្យការប្រកួតកីឡាស៊ីហ្គេម និងអំណរគុណម្ចាស់បទចម្រៀង «ឥន្ធនូសម្រាប់ថ្ងៃស្អែក» ដែលឆ្លុះបញ្ចាំងពីអតីតកាលរបស់កម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ជប៉ុន ដែលបានលើកទឹកចិត្តឲ្យអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា ក៏ដូចជាការបញ្ជូនអាជ្ញាកណ្ដាល មកពិនិត្យការប្រកួតកីឡាស៊ីហ្គេម និងជំនួយដទៃទៀត ហើយក៏បានថ្លែងអំណរគុណដល់ម្ចាស់បទចម្រៀង «ឥន្ធនូសម្រាប់ថ្ងៃស្អែក» ដែលឆ្លុះបញ្ចាំងពីអតីតកាលរបស់កម្ពុជា ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និង លោកស្រី មីណាមីណូ យូកូ (MINAMINO Yuko) ម្ចាស់បទចម្រៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ឯកឧត្តម តាកេ បានសម្ដែងក្ដីរីករាយជាមួយទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលត្រូវបានលើកកម្ពស់ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស លើវិស័យកងទ័ព វិស័យដោះមីន វិស័យដទៃជាច្រើនទៀត ។
ឯកឧត្តម តាកេ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម នឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ហើយនៅថ្ងៃខាងមុខនេះ ជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេម។

ដោយឡែក លោកស្រី មីណាមីណូ បានគោរពជម្រាបជូនសម្ដេចតេជោ អំពីដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ១៩៨៩ និងឆ្នាំ២០១៣ ដែលសន្តានដោយចិត្តដ៏ប្រពៃរបស់ប្រជាជនកម្ពុជានៅពេលនោះ ទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្ដីជាទីបំផុត ដែលធ្វើឲ្យបេះដូងរបស់លោកស្រី ដកដិតជាប់នៅកម្ពុជា ហើយបាននិពន្ធ និងច្រៀងបទ «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ជាការអធិប្បាយអំពីអតីតកាលកម្ពុជា ដែលលោកស្រីបានឃើញដោយផ្ទាល់។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី មីណាមីណូ បានគោរពជម្រាបជូនសម្ដេចតេជោថា លោកស្រី នឹងទៅជួបកុមារ៉ា កុមារីកំព្រា ដែលលោកស្រីធ្លាប់បានជួបកាលពីឆ្នាំ១៩៨៩ ហើយក្នុងនាមជាអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់ខួប ៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា និង ជប៉ុន លោកស្រី នឹងប្រឹងប្រែងធ្វើយ៉ាងណា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត ។

សូមជំរាបជូនថា លោកស្រី មីណាមីណូ ជាតារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់របស់ប្រទេសជប៉ុន តាំងពីឆ្នាំ១៩៨៥ រហូតមកដល់បច្ចុប្បន្ន។ ចំពោះអត្ថបទបទចំរៀង «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» បានរំលេចនូវពាក្យ «គីហ្សូណា និងត្សឹបាសា» ដែលជាឈ្មោះស្ពានសាងសង់ដោយការគាំទ្ររបស់ជប៉ុន និងមានន័យថា «ចំណងមិត្តភាព និងស្លាប» ដើម្បីជាកាដូចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងឱកាសខួបលើកទី ៧០នេះ។ ភាគីជប៉ុន បានផ្ដល់សិទ្ធិជូនភាគីកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយបទចំរៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» នេះ នៅកម្ពុជា បន្ទាប់ពីពិធីប្រគល់-ទទួលបទចំរៀងនេះ កាលថ្ងៃទី៣០ ឧសភា ឆ្នាំ២០២២ ដែលមានចំនួនអ្នកចូលទស្សនាប្រមាណជាង ៣០ម៉ឺនដង ក្នុងហ្វេសបុករបស់សម្តេចតេជោ និងស្ថានទូតជប៉ុន ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានថ្លែងអំណរគុណដល់ជប៉ុន ដែលបានលើកទឹកចិត្តឲ្យអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា ក៏ដូចជាការបញ្ជូនអាជ្ញាកណ្ដាល មកពិនិត្យការប្រកួតកីឡាស៊ីហ្គេម និងជំនួយដទៃទៀត ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះលោកស្រី មីណាមីណូ ដែលបាននិពន្ធ និងសំដែងនូវបទចម្រៀង «ឥន្ធនូសម្រាប់ថ្ងៃស្អែក» ដែលឆ្លុះបញ្ចាំងអំពីតថភាពរបស់កម្ពុជា ពីអតីតកាល ។
សូមជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្ដម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនឹងមានការចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦លានយ៉េន (ប្រមាណ ៣០,៦លានដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។ លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ ដែលបានចែងនៅក្នុងលិខិតប្ដូរសារ ដែលបានចុះហត្ថលេខារួច នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព ៖ វ៉េងលីមហួត និង សួង ពិសិដ្ឋ