អាជីវកម្មស្តុកខ្សាច់មួយកន្លែង គ្មានលិខិតអនុញ្ញាត និងដឹកខ្សាច់គ្មានលក្ខណៈបច្ចេកទេស ត្រូវអាជ្ញាធរខណ្ឌមានជ័យចុះបិទ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះមកបិទទីតាំងស្តុកខ្សាច់របស់ឈ្មោះ ថុង គឹមហេង ស្ថិតនៅបណ្ដោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណាត់ការខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានចេញលិខិតមួយជូនអភិបាលខណ្ឌមានជ័យ ឲ្យចុះបិទអាជីវកម្ម ស្តុកខ្សាច់នេះ ដោយហេតុផលថា គ្មានលិខិតអនុញ្ញាត និងដឹកខ្សាច់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ នាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ។ យោងតាមរបាយការណ៍របស់លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឲ្យដឹងថា៖

ទី១)ហាមមិនឲ្យរថយន្តដឹក ខ្សាច់ ដឹកដី នឹងដេប៉ូខ្សាច់ ដែលបង្កផលប៉ះពាល់លើផ្លូវ៦០ម៉ែត្រ មិនអនុញ្ញាតបន្តការដឹកទៀត ចេញជាដាច់ខាត។

ទី២)ពំនូកខ្សាច់ដែលគេត្រូវយកចេញឲ្យទាបស្មើដី មិនឲ្យគរខ្ពស់ដូចបច្ចុប្បន្នទៀតឡើយ។

ទី៣)ការដ្ឋានត្រូវចាក់សោបិទ តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ជាមួយគ្នានោះ ក្រុមការងារ ក៏បានអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងឲ្យម្ចាស់ទីតាំងឈ្មោះ ថុង គឹមហេង ផ្តិតមេដៃលើសេចក្តីជូនដំណឹងទទួល ហើយម្ចាស់យល់ព្រមបញ្ឈប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌមានជ័យផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner