ប្រធានាធិបតីទុយនេស៊ី ឲ្យថែរក្សាជនចំណាកស្រុក “ស្របច្បាប់” ឡើងវិញ

ទុយនីស៖ ប្រធានាធិបតីនៃប្រទេស ទុយនេស៊ី បានជំរុញការធានាឡើងវិញ សម្រាប់ជនចំណាកស្រុក “ស្របច្បាប់”។

ប្រធានាធិបតីប្រទេសទុយនេស៊ី លោក កៃស៍ សេអ៊ីត (Kais Saied) បានអំពាវនាវ កាលពីថ្ងៃព្រហស្បតិ៍ ឱ្យរដ្ឋាភិបាលរបស់លោក ថែរក្សាជនចំណាកស្រុក “ស្របច្បាប់” ពីអនុតំបន់សាហារ៉ា អាហ្រ្វិក ខណៈពេលដែលមានការកើនឡើងទ្វេដង លើការកត់សម្គាល់ដ៏ចម្រូងចម្រាសថា អន្តោប្រវេសន៍ខុសច្បាប់កំពុងបង្កឱ្យមានការផ្លាស់ប្តូរ “ប្រជាសាស្រ្ត” ។

លោកប្រធានាធិបតី បាននិយាយ ក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីមហាផ្ទៃលោក តាអ៊ូហ្វីក ឆាហ្វេឌីន ( Taoufik Charfeddine ) ថា “មនុស្សដែលស្របច្បាប់នៅក្នុងប្រទេសទុយនេស៊ី គួរតែត្រូវបានធានាឡើងវិញ” ជាការលើកឡើងរបស់លោក អំឡុងកិច្ចប្រជុំស្តីពីស្ថានភាពសន្តិសុខនៅក្នុងប្រទេស។

លោក សេអ៊ីត (Saied) បានអំពាវនាវដល់មន្ត្រីរដ្ឋ ឱ្យ “មើលថែរក្សាបងប្អូនរបស់យើងមកពីអនុតំបន់សាហារ៉ាអាហ្រ្វិកដែលស្ថិតក្នុងស្ថានភាពផ្លូវច្បាប់” នេះបើយោងតាមវីដេអូដែលបានចេញផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ប្រធានាធិបតី។

ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា “គ្មានការអនុញ្ញាតឲ្យអ្នកណាម្នាក់ ក្នុងស្ថានភាពខុសច្បាប់ស្នាក់ នៅក្នុងប្រទេសទុយនីស៊ី ទេ”។ លោកបានបន្ថែមថា៖ «ខ្ញុំនឹងមិនអនុញ្ញាតឲ្យស្ថាប័នរដ្ឋត្រូវបានបំផ្លាញ ឬ សមាសភាពប្រជាសាស្ត្ររបស់ប្រទេសទុយនេស៊ី ត្រូវបានផ្លាស់ប្តូរឡើយ»។

កាលពីថ្ងៃពុធ ក្រុមសិទ្ធិមនុស្ស ទុយនេស៊ី បានចោទប្រកាន់ប្រធានាធិបតី ថា បានថ្លែងសុន្ទរកថាគួរឲ្យស្អប់ខ្ពើម បន្ទាប់ពីលោកបាននិយាយ មួយថ្ងៃមុននេះថា ជនអន្តោរប្រវេសន៍អាហ្វ្រិកនៅអនុតំបន់សាហារ៉ាជាច្រើនបានបង្កបទឧក្រិដ្ឋ និងបង្កការគំរាមកំហែង “ប្រជាសាស្រ្ត”។ ប្រជាជនទុយនេស៊ីមួយចំនួន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម បានចោទប្រកាន់ប្រធានាធិបតី ពីការរើសអើងជាតិសាសន៍ទាំងស្រុង និងបានហៅទ្រឹស្តីសមគំនិត ស្តាំនិយម។ ក្រុមតស៊ូមតិនៃវេទិកាទុយនេស៊ី សម្រាប់សិទ្ធិសេដ្ឋកិច្ច និងសង្គម (FTDES) បាននិយាយ កាលពីថ្ងៃពុធថា សុន្ទរកថារបស់លោក សេអ៊ីត គឺ “លង់ក្នុងការរើសអើងជាតិសាសន៍ និងការស្អប់ខ្ពើម” ។

យ៉ាងណាមិញ លោក សេអ៊ីត (Saied) កាលពីថ្ងៃព្រហស្បតិ៍ ក៏បានឆ្លើយតបវិញថា អ្នកដែលចោទប្រកាន់លោកពីការរើសអើងជាតិសាសន៍ “ចង់ឱ្យមានការបែកបាក់គ្នា និងការមិនចុះសម្រុងគ្នា ហើយព្យាយាមធ្វើឱ្យខូចទំនាក់ទំនងរបស់យើង ជាមួយបងប្អូនរបស់យើង” ។

យោងតាមតួលេខផ្លូវការដែលត្រូវបានដកស្រង់ដោយ វេទិកា FTDES ប្រទេសទុយនេស៊ី ដែលមានប្រជាជនប្រហែល ១២ លាននាក់ គឺជាផ្ទះរបស់ជនជាតិ ជាង ២១០០០ មកពីបណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្រ្វិក ដែលភាគច្រើននៃពួកគេបានទៅដល់ក្នុងស្ថានភាពមិនប្រក្រតី៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner