ផ្សារសែនមនោរម្យ ពុំបានរកឃើញត្រីសាច់បន្លែមានជាតិគីមីនោះទេ ប៉ុន្តែដកហូតទំនិញ ហួសសុពលភាពមួយចំនួន

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគីរី៖ ត្រីសាច់ បន្លែ គ្រឿងវេចខ្ចប់ អាហារកំប៉ុង ដែលកំពុងចរាចរណ៍លក់នៅក្នុងក្រុងសែនមនោរម្យ ពលរដ្ឋអាចទិញយកទៅបរិភោគបាន ដោយមិនបាច់ព្រួយបារម្ភនោះទេ ព្រោះកាំកុងត្រូលបានពិនិត្យយ៉ាងយកចិត្តទុលដាក់ណាស់ក្នុងចុងខែសីហានេះ។ ប៉ុន្តែចំពោះភេសជ្ជៈកំប៉ុង គួរតែពិនិត្យឲ្យច្បាស់មុននឹងទិញយកទៅពិសា។

ជាកស្តែងណាស់ ដើម្បីការពារសុខុមាលភាព និងសុវត្ថិភាពចំនីអាហារ ជូនចំពោះប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅ កាលពីថ្ងៃទី២២សីហាម្សិលមិញ មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគីរី ដឹកនាំដោយលោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យទំនិញ ចំណីអាហារនានា និងធ្វើការអប់រំណែនាំដល់អាជីវករ ក៏ដូចជាពលរដ្ឋទាំងអស់ ត្រូវពិនិត្យមើលគុណភាពទំនិញណាដែលគួរប្រើប្រាស់ ឬទំនិញណាមិនគួរប្រើប្រាស់ ជៀសវាងបរិភោគធ្វើឱ្យប៉ះពាល់សុខភាព ប្រតិបត្តិការនេះ បានធ្វើឡើងនៅផ្សារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ។ 

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ផ្ដោតទៅលើកទំនិញវេចខ្ចប់ស្រាប់ ជាពិសេសទំនិញហួសការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ថិភាព ឬលាយសារធាតុគីមីហាមឃាត់។ លោកបន្ថែមថា  ការចុះត្រួតពិនិត្យទំនិញនេះ មន្រ្តីជំនាញបានធ្វើតេស្តលើចំនីអាហារ ដើម្បីស្វែងរកសាធាតុគីមីហាមឃាត់លើមុខទំនិញបន្លែជាច្រើនមុខ ជាលទ្ធផលពុំមានសាធាតុគីមីហាមឃាត់ ព្រមទាំងបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ Formalin លើមុខទំនិញ មឹកត្រាំ បង្គា ជាលទ្ធផលក៏ពុំមានសារធាតុគីមីហាមឃាត់នោះដែរ និងបានធ្វើតេស្តរកសារធាតុអ៊ីយ៉ូតនៅក្នុងអំបិលម៉ាក លីលីដា ជាលទ្ធផលមានអ៊ីយ៉ូតត្រឹមត្រូវ។

ក្រៅពីនោះ មន្ត្រីជំនាញបានត្រួតពិនិត្យទៅលើទំនិញវិចខ្ចប់ស្រាប់ នៅតាមតូប និងតាមផ្ទះលក់ចាហ៊ួយនានា ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ជាលទ្ធផលមន្ត្រីជំនាញបានដកហូតភេសជ្ជៈម៉ាក IZE ហួសកាលបរិច្ឆេតប្រើប្រាស់ចំនួន៦១កំប៉ុង យកទៅរក្សាទុកនៅនៅមន្ទីរពាណិជ្ជកម្មខេត្ត រង់ចាំធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

ប្រធានសាខាកាំកុងត្រូលខេត្ត បញ្ជាក់ថា បើសិនជាមន្រ្តីជំនាញរកឃើញមុខទំនិញណាមួយមានសារធាតុគីមីហាមឃាត់ដាក់លក់នៅលើទីផ្សា មន្ត្រីជំនាញនឹងធ្វើការដកហូត ឬកម្ទេចចោល និងរកវិធានការទប់ស្កាត់ការនាំចូលជាបន្តទៀត។ លោកបន្ថែមថា កន្លងមក សាខាកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលមកធ្វើតេស្តរកសារធាតុគីមីហាមឃាត់២ទៅ៣លើកមកហើយ ក្នុងខេត្តមណ្ឌលគីរី ដើម្បីឲ្យកាន់តែច្បាស់ ប៉ុន្តែលទ្ធផលចេញមកដូចនឹងអ្វីដែលសាខាកាំកុងត្រូលត្រួតពិនិត្យ គឺរកពុំឃើញមានសារធាតុគីមីហាមឃាត់នោះទេ។

ជាងនេះទៅទៀត លោកក៏បានបានធ្វើការណែនាំបន្ថែម ដល់អាជីវករ ពាណិជ្ជករឲ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបិទរូបភាព ដែលរៀបចំដោយអគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងពីរូបភាព ជាបឋមនូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់៕ធ.ដ

ដោយៈ សាត ចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner