ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំពិភាក្សាបន្ត អំពីការរៀបចំនីតិវិធីសម្រាប់ប្រឡងក្របខណ្ឌថ្មី ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋលេខាធិការ ប៉ាល់ ចន្ទតារា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំនីតិវិធីសម្រាប់ការប្រឡងក្របខណ្ឌថ្មី ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ប្រធាន និងអនុប្រធានអនុគណៈកម្មការប្រឡងទាំងអស់។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារនៃបទបញ្ញត្តិ សំដៅធានាឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅដោយរលូន ក៏ដូចជាសម្រួលដល់ការអនុវត្តរបស់បេក្ខជន បេក្ខនារីដែលត្រូវចូលរួមប្រឡងប្រជែងផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បទបញ្ញតិ្តគឺជាបទដ្ឋាន ឬជាបន្ទាត់សម្រាប់តម្រែតម្រង់ឱ្យអ្នកចូលរួមប្រឡងអនុវត្តតាម ដើម្បីធានាឱ្យដំណើរការនៃការរៀបចំប្រព្រឹត្តទៅប្រកបដោយរបៀបរៀបរយ និងមានទំនួលខុសត្រូវខ្ពស់។

ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះប្រធាន អនុប្រធាន និងសមាជិកនៃអនុគណៈកម្មការទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ក្នុងការរៀបចំតាក់តែងបទបញ្ញត្តិប្រកបដោយខ្លឹមសារគ្រប់ជ្រុងជ្រោយនេះឡើង សំដៅឱ្យដំណើរការនៃការរៀបចំការប្រឡង មានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការគោរពវិន័យល្អ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner