សង្ស័យ ០៩នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ
ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជូនសង្ស័យ ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន២ករណីផ្សេងគ្នា។

ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖
*ករណីទី១៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចលើផ្លូវជាតិ៦A ស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ រហូតដល់វេលាម៉ោង១៣៖២០នាទី ថ្ងៃដដែល ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបន្តសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ចុះឃាត់ខ្លួនបក្ខពួកជនសង្ស័យខាងលើបានចំនួន០៤នាក់បន្ថែមទៀត នៅចំណុចផ្ទះជួលគ្មានលេខ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ និងវត្ថុតាងចាប់យករួមមាន៖ ១/ម្សៅក្រាមសថ្លាសរុបចំនួន ០៥កញ្ចប់ធំ តូច, ២/ម៉ូតូ០១គ្រឿងម៉ាកសង់ពណ៌ខ្មៅស្លាកលេខកណ្ដាល1-AQ 42 00, ៣/ ចំពាមកៅស៊ូ ចំនួន០១, ៤/ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារសម្រាប់សេពមួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី២៖ នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។និង វត្ថុតាងចាប់យករួមមាន ៖១.ក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់, ២.ម៉ូតូចំនួន ០១គ្រឿង, ៣.ទូរស័ព្ទដៃ០៣គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្ន នេះ ជនសង្ស័យទាំង៩នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

