រដ្ឋមន្ត្រីទេសចរណ៍៖ ជើងហោះហើរត្រង់ភ្នំពេញ-ដាណាង (វៀតណាម) នឹងត្រូវតភ្ជាប់លើក ដំបូងនាចុងខែវិច្ឆិកា ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ក្រោយជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នេះរួចមក ឯ ឧ ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បាននាំដំណឹងល្អមួយឱ្យដឹងថា នាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ នឹងបើកជើងហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញទៅមកខេត្តដាណាង នៃប្រទេសវៀតណាម ។

ប្រតិភូក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ខាងលើនេះ ដឹកនាំដោយ អគ្គនាយកក្រុមហ៊ុនផ្ទាល់តែម្ដង ។ ការជួបពិភាក្សានេះ គឺដើម្បីសុំការគាំទ្រពីសំណាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះគម្រោងបើកការហោះហើរត្រង់ខាងលើ។
ក្រោយចប់កិច្ចពិភាក្សា ឯ ឧ រដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា «ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air នឹងបើកឱ្យមានជើងហោះហើរត្រង់លើកដំបូង ពីភ្នំពេញទៅដាណាង នាថ្ងៃទី២៧ ខែវិច្ឆិកា ខាងមុខ ហើយគាត់បានមកសុំការគាំទ្រពីក្រសួងទេសចរណ៍»។

ជាមួយនឹងការអបអរសាទរចំពោះគម្រោងតភ្ជាប់ជើងហោះហើរត្រង់នេះ ឯ ឧ  រដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ ពីព្រោះ Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍របស់ជាតិ ។ ឯ ឧ បានស្នើបន្ថែមឱ្យក្រុមហ៊ុនបង្កើនការគិតគូរលើការបង្កើនជើងហោះហើរត្រង់ ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀត ពិសេសតំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជា ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ពីព្រោះកន្លែងដែលមានស្ថានអគ្គកុងស៊ុល ភ្ញៀវទេសចរងាយស្រួលក្នុងការសុំទិដ្ឋការមកកម្ពុជា ។

ចំពោះសំណើខាងលើនេះ លោកអគ្គនាយក Cambodia Angkor Air ក៏បានទទួលយកទៅពិចារណាជាមុនសិន ដើម្បីរៀបចំឱ្យមានការសិក្សាលើបញ្ហាពាក់ព័ន្ធបន្ថែមទៀត។
សូមជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ក៏មានជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅខេត្តដាណាងរួចមកហើយ ។ ក្រៅពីនោះ ក្រុមហ៊ុនបាននិងកំពុងបើកការហោះហើរត្រង់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ពីខេត្តព្រះសីហនុទៅទីក្រុងប៉េកាំង ពីខេត្តព្រះសីហនុទៅខេត្តសៀមរាប ពីខេត្តសៀមរាបទៅទីក្រុងហាណូយជាដើម។

បើតាមការសម្លឹងឃើញរបស់ ឯ ឧ ថោង ខុន ខេត្តដាណាង ជាគោលដៅទេសចរណ៍អន្តរជាតិមួយដ៏ធំរបស់វៀតណាម ដូច្នេះទីនោះនឹងសម្បូរភ្ញៀវទេសចរមកពីប្រទេសទីបីច្រើន ដែលអាចបន្តការហោះហើរត្រង់មកទស្សនាកម្ពុជា ហើយការតភ្ជាប់នេះក៏ជាការងាយស្រួលសម្រាប់ភ្ញៀវទេសចរ ដែលចង់មកនៅភ្នំពេញ ឬហោះហើរត្រង់ពីភ្នំពេញទៅដាណាងផងដែរ ។

ឯ ឧ ថា «អ្វីដែលសំខាន់ គឺដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសទីបី ឱ្យបានកាន់តែច្រើន» ។ ក្រោយពីមានការរិះគន់ចំពោះបញ្ហាពន្យារពេល និងលុបចោលជើងហោះហើរ ក្រុមហ៊ុនបានកែសម្រួលសេវាកម្មរបស់ខ្លួនល្អប្រសើរច្រើនឡើងវិញហើយ ចាប់ពីដើមឆ្នាំ២០១៩នេះមក ហើយលោកអគ្គនាយកក្រុមហ៊ុន ក៏បានប្ដេជ្ញាពង្រឹងគុណភាពសេវាដឹកអ្នកដំណើររបស់ខ្លួនផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner