ព្រឹត្តិការណ៍កីឡាម៉ូតូហោះ Flying Bikes Super Cross នឹងប្រកួតនាថ្ងៃទី៥ ខែមីនា ២០២៣

ការប្រកួតកីឡាម៉ូតូហោះ Flying Bikes Super Cross ឆ្នាំ២០២៣នឹងត្រូវធ្វើឡើងនៅទីលានសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃ៥ ខែមីនាឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើនគុណភាពបច្ចេកទេសកីឡាករឲ្យមានសិទ្ធផលបន្ថែមទៀត។

លោក ព្រែ អ៊ីវកាត់ទ្រី អ្នករៀបចំព្រឹត្តិការណ៍កីឡាម៉ូតូហោះ (Flying Bikes Super Cross 2023) ដែលចុះត្រួតពិនិត្យ និងជិះសាកល្បងនៅទីលាន ចុងសប្តាហ៍នេះបានគូសបញ្ជាក់ថា ដោយសារទីលានតូចល្មម ការទទួលចុះឈ្មោះចូលរួមប្រកួតរបស់កីឡាករត្រូវបានកំណត់ត្រឹម ៥០ទៅ៦០នាក់ប៉ុណ្ណោះ ដោយក្នុង Class នីមួយៗមានចំនួនកីឡាករលើសចំនួនត្រូវប្រកួតជម្រុះជាមុន។ ការប្រកួតនេះមាន៥ពូល គឺClass A, B, C, VIP និងClass Kids។


ការរៀបចំនៅទីលានព្រែកលៀបនេះត្រូវបានធ្វើឡើងអស់រយៈពេល១០ឆ្នាំមកហើយៗប៉ុន្តែបានខកខាន ចាប់ត្រឹមឆ្នាំ២០១៧ ខណៈនៅឆ្នាំ២០២៣នេះត្រូវបានរៀបចំឡើងវិញ ដើម្បីបន្តជំរុញលើកស្ទួយគុណភាពកីឡាករម៉ូតូហោះនៅកម្ពុជាឲ្យមានការរីកចម្រើន ដែលជាការដុសខាត់សមត្ថភាពឲ្យបានខ្ពស់ៗត្រៀមចូលរួមប្រកួតអន្តរជាតិនានា។ ដោយសារការខកខានច្រើនឆ្នាំ ដូច្នេះការរៀបចំឡើងវិញនៅឆ្នាំ២០២៣អាចចាត់ទុកថា វាជាការសាកល្បងថ្មីមួយ ក្នុងការលើកស្ទួយវិស័យកីឡាម៉ូតូហោះនៅកម្ពុជាឲ្យមានសកម្មភាពផុសផុល។ ប្រសិនបើព្រឹត្តិការណ៍មួយនេះទទួលបានការឧបត្ថម្ភពីដៃគូ ដូចជាក្រុមហ៊ុន ហនុមាន ប្រេងម៉ាស៊ីន Top1, Skechers លោកប្តេជ្ញារៀបចំព្រឹត្តិការណ៍នេះឲ្យបានជាប់ជាប្រចាំបន្តទៀត។


លោក ព្រែ អ៊ីវកាត់ទ្រី បានអំពាវនាវដល់កីឡាករ ដែលចង់ចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាព ក្នុងព្រឹត្តិការណ៍ដ៏ធំនេះសូមចុះឈ្មោះចូលរួមឲ្យបានទាន់ពេលវេលា ដោយបិទការចុះឈ្មោះត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដើម្បីងាយស្រួលក្នុងការរៀបចំបានល្អប្រសើរ។

កីឡាករវ័យក្មេងដ៏ឆ្នើម Boy ដែលអភិវឌ្ឍសមត្ថភាពបានលឿន ក្នុងវិស័យម៉ូតូហោះនេះបានបង្ហាញចំណាប់អារម្មរបស់ខ្លួន ក្នុងការជិះសាកល្បងលើទីលាននេះដែរថា ខ្លួនពិតជាសប្បាយចិត្តណាស់ ដែលនឹងចូលរួមប្រកួតក្នុងកម្រិត A ជាមួយកីឡាករមានសមត្ថភាពខ្ពស់ៗបែបនេះ។ តាមរយៈការចូលរួមប្រកួតប្រជែងនេះនឹងជួយបង្កើនគុណភាពកីឡាករខ្លាំងៗ និងជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់កីឡាករក្មេងៗឲ្យកាន់តែរីកចម្រើន ត្រៀមចូលរួមប្រកួតកម្រិតអន្តរជាតិ នាថ្ងៃអនាគត។ Boy បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា បើទោះបីជា Class A មានកីឡាករខ្លាំងៗក្តី ប៉ុន្តែខ្លួននៅតែប្តេជ្ញាបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យលាភី ក៏ដូចជាអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner