សមាគមស្វាយចន្ទីកម្ពុជា ៖អ្នកជំនួញឥណ្ឌាមានបំណង នាំចូលគ្រាប់ចន្ទីឆៅពីកម្ពុជា
ភ្នំពេញ៖សមាគមស្វាយចន្ទីកម្ពុជាឱ្យដឹងថា អ្នកបញ្ជាទិញពីប្រទេស ឥណ្ឌា មានបំណងនាំគ្រាប់ឆៅចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេស របស់ខ្លួន។ការលើកឡើងនេះបន្ទាប់ពីតំណាងសមាគមស្វាយ ចន្ទីបាន ចូលរួមសន្និសីទស្វាយចន្ទីពិភពលោក (World Cashew Conference) ចាប់ពីថ្ងៃ២៣ដល់២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម។
សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា មានអ្នកបញ្ជាទិញពីខាង ប្រទេស ឥណ្ឌា បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំងចំពោះ ស្វាយចន្ទីកម្ពុជា ដោយពួកគេកំពុងសិក្សាឱកាសនិងឧបសគ្គ ក្នុងការនាំគ្រាប់ឆៅចេញពីកម្ពុជាទៅឥណ្ឌា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា(ស.ស.ក) បានប្រាប់ឱ្យដឹងថា ការចូលរួមរបស់សមាគម នៅក្នុងសន្និសី ទស្វាយចន្ទីពិភពលោកក្នុងរយៈពេលបីថ្ងៃ នេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយពីសក្តានុពលស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក ជាពិសេសគឺ ស.ស.ក មានឱកាសស្វែងរកទីផ្សារគ្រាប់កែច្នៃ ទៅ កាន់ទីផ្សារអារ៉ាប់ អឺរ៉ុប និងអាមេរិក។
លោកបានបញ្ជាក់បន្ថែមទៀតថា សមាគមស្វាយចន្ទីនៅបណ្តា ប្រទេស អាហ្រ្វិកមានការព្រួយបារម្ភចំពោះការកើនឡើងទិន្នផល របស់កម្ពុជា ធ្វើឱ្យប៉ះពាល់ដល់តម្លៃនៅអាហ្រ្វិក។ ស.ស.ក បាន ជម្រាបពួកគាត់កុំឱ្យបារម្ភ ដ្បិតស្វាយចន្ទីកម្ពុជា មានតម្លៃថ្លៃជាង គ្រាប់ ចន្ទីអាហ្រ្វិក។ ដូច្នេះកម្ពុជាមិនមែនជាក្តីបារម្ភ ឬជាគូប្រជែង ដ៏សំខាន់សម្រាប់ទីផ្សារគ្រាប់ស្វាយចន្ទីអាហ្រ្វិកទេ។អ្នកទិញឥណ្ឌា ចាប់អារម្មណ៍ខ្លាំងពីស្វាយចន្ទីកម្ពុជា ពួកគេកំពុងសិក្សាឱកាស និងឧបសគ្គ ក្នុងការនាំគ្រាប់ឆៅចេញពីកម្ពុជាទៅឥណ្ឌា»។
លោកបានបន្តថា បន្ទាប់ពីចូលរួមសន្និសីទស្វាយចន្ទីពិភពលោកនៅ ប្រទេសអារ៉ាប់រួមមកចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកុម្ភៈសមាគម ស្វាយចន្ទីកម្ពុជា ក៏បានដឹកនាំប្រទិភូចូលរួមក្នុងពិធីបុណ្យចន្ទី ប្រចាំឆ្នាំនៅវៀតណាមលើកទី១២ (Golden Cashew Randevous) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ។
លោកបានបញ្ជាក់ថា៖« ក្នុងឱកាសនោះដែរថ្នាក់ដឹកនាំស.ស.ក បានដឹកនាំក្រុមហ៊ុនលក់ទិញគ្រាប់ឆៅនិងក្រុមហ៊ុនកែច្នៃ ដើម្បីចុះ អនុស្សរណៈយោគយល់រវាង សមាគមស្វាយចន្ទីកម្ពុជា និង សមាគម ស្វាយចន្ទីវៀតណាម Vinacas ក្នុងការទិញលក់គ្រាប់ឆៅត្រង់ ទៅ ក្រុមហ៊ុនកែច្នៃរបស់វៀតណាមដើម្បីកាត់បន្ថយឈ្មួញកណ្តាល។កម្ពុជាមានរោងចក្រកែច្នៃតិច ត្រូវការការទិញគ្រាប់ឆៅធំពី វៀតណាម»។
ជុំវិញការជំរុញនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃនេះដែរ នៅក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា នាពេលខាងមុខបើមានលទ្ធភាព កម្ពុជាអាចក្លាយជាប្រទេសដែលចែកចាយគ្រាប់ស្វាយចន្ទីដ៏ធំមួយ ក្នុងចំណោមប្រទសចែកចាយធំៗដទៃទៀត នៅលើពិភពលោក ដែល ហៅថា”អ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង” ព្រោះក្នុងមួយឆ្នាំកម្ពុជា នាំ ចេញគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃមួយលានតោន ខណៈដែល កម្ពុជា កែច្នៃខ្លួនឯងបានតិចតួចណាស់ ដែលបានយកមកតាំងពិព័រណ៍ លក់នាពេលកន្លងមក។
សម្ដេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងដូច្នេះថា៖« គោល នយោបាយ ស្វាយចន្ទី ដែលយើងបានដាក់ចេញកាលពីប៉ុន្មានខែមុននោះ គឺសំដៅទាក់ទាញការកែច្នៃនៅក្នុងស្រុក។វៀតណាមនិងឥណ្ឌា គឺជា ប្រទេសដែលចែកចាយគ្រាប់ស្វាយចន្ទីទៅកាន់ច្រើនកន្លែងនៅលើពិភពលោក។ប៉ុន្តែវៀតណាមគាត់ទៅដឹកគ្រាប់ស្វាយចន្ទីមួយចំនួនពីប្រទេសអាហ្វ្រិកមួយចំនួនយកមកកែច្នៃ ហើយក៏មានមួយផ្នែក ដែលកម្ពុជាយើងពឹង ផ្អែកលើទីផ្សារវៀតណាម ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅទីនោះ។ឥណ្ឌាក៏ដូចគ្នា មួយផ្នែក ដាំដុះនៅក្នុងស្រុក តែមួយផ្នែកទៀតក៏ គាត់នាំ ចូលដែរ។ គ្រាប់ស្វាយចន្ទីនេះ វានាំចេញទៅកាន់គោលដៅទេសចរណ៍ នៅតាមទីផ្សារនានានៅលើពិភពលោក»។
ទោះជាយ៉ាង ណាក៏ដោយ ខាងសមាគមស្វាយចន្ទីកម្ពុជា បានស្នើ អាជ្ញាធរពាក់ព័ន្ធ ឱ្យពន្លឿនការអនុវត្តគោលនយោបាយជាតិស្វាយចន្ទី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីជំរុញការដោះស្រាយបញ្ហាទីផ្សារបញ្ហាធ្លាក់ចុះទិន្នផលស្វាយចន្ទីដោយសារអាកាសធាតុ និងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម សម្រាប់ការនាំចេញ៕
ដោយ៖វណ្ណ សុជាតា