កាសែតថៃផ្សាយថា ថៃនឹងមិនផ្ដល់ប្រាក់៨០ម៉ឺនដុល្លាដល់កម្ពុជា ដើម្បីទិញសិទ្ធិផ្សាយផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេមឡើយ
ថៃ៖កាលពីថ្ងៃទី២៥ខែកុម្ភៈអង្គភាពព័ត៌មាន thaipbsworld ផ្សាយ ថា កម្ពុជាបានដាក់តម្លៃ ៨០ម៉ឺនដុល្លារអាមេរិក (ប្រហែល២៨លាន បាត) សម្រាប់សិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេម ដែលខ្លួននឹងធ្វើជា ម្ចាស់ផ្ទះក្នុងខែឧសភា ។ប៉ុន្តែមិនទាន់មានប្រទេសណាមួយព្រម ព្រៀងនៅឡើយ ក្នុងនោះប្រទេសថៃក៏ទំនងជានឹងមិនបង់ប្រាក់តាមការ ស្នើឡើងពីកម្ពុជាដែរក្រោមហេតុផលថា តម្លៃនេះខ្ពស់ពេក។
Thaipbsworldបានស្រង់សំដីមន្ត្រីនៅអាជ្ញាធរកីឡាថៃ (SAT) ដែលបាននិយាយថា ពួកគេមិនអាចទិញសិទ្ធិផ្សាយផ្ទាល់តាម តម្លៃ នេះទេ ព្រោះមិនដឹងថាលុយនឹងមកពីណាទេ។ យ៉ាងណាក៏ដោយ ពួកគេនឹងព្យាយាមចរចាជាមួយសមភាគីកម្ពុជា ដើម្បីកាត់ បន្ថយ ថ្លៃសេវា ដោយបន្ថែមថា គេមិនដឹងថាទូរទស្សន៍ណា ចាប់ អារម្មណ៍ ទិញសិទ្ធិនោះដែរ។
ប្រភពដដែលលើកឡើងថា អាជ្ញាធរកីឡាថៃ ប្រហែលជាត្រូវស្វែងរក ជំនួយពីឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ាន់(Prawit Wongsuwan) ប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ។ក្នុង នោះថវិកានេះប្រហែលជាត្រូវយកមកពីកម្មវិធីស្រាវជ្រាវ និង អភិវឌ្ឍន៍ របស់គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិថៃ ក្រោមហេតុផងផលថាស៊ីហ្គេម គឺជាព្រឹត្តិការណ៍កីឡាមួយក្នុង ចំណោមកីឡាទាំងប្រាំពីរដែលថៃចាំបាច់ត្រូវតែចូលរួម។
ប្រភពបានចង្អុលបង្ហាញថា ជាធម្មតា ម្ចាស់ផ្ទះស៊ីហ្គេម គិតថ្លៃលើ សិទ្ធិផ្សាយផ្ទាល់ក្នុងចំនួនមួយទាប ដោយលើកឧទាហរណ៍ពី ករណី វៀតណាម គិតថ្លៃផ្សាយផ្ទាល់មួយម៉ឺនដុល្លារ និងហ្វីលីពីន គិត តែ៥.០០០ដុល្លារ។ ករណីប្រទេសឡាវ ដែលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកដំបូង កាលពីឆ្នាំ២០០៩ គណៈកម្មាធិការស៊ីហ្គេម យល់ព្រម អនុញ្ញាតឱ្យប្រទេសម្ចាស់ផ្ទះលក់សិទ្ធិផ្សាយបន្តផ្ទាល់ក្នុងតម្លៃប្រមាណ៣០ម៉ឺនដុល្លារ ប៉ុន្តែមិនមានប្រទេសណាមួយនៅតំបន់នេះ ព្រមបង់ ប្រាក់ឡើយ។
ចាប់តាំងពីពេលនោះមក មិនមានប្រទេសម្ចាស់ផ្ទះណាម្នាក់ព្យាយាម គិត ថ្លៃលើសពី ១០.០០០ ដុល្លារអាមេរិកក្នុងកិច្ចការលក់សិទ្ធិផ្សាយ ផ្ទាល់នេះទេ។
ទោះជាយ៉ាងណាសារព័ត៌មានថៃមិនទាន់បានសម្ភាសន៍ប្រភពពីគណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមរបស់កម្ពុជានៅឡើយទេ៕
ដោយ៖វណ្ណ ស័ក្ដិ