មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងសឹង្ហបុរីជួបពិភាក្សាគ្នា ក្នុងរាជធានីភ្នំពេញ (Video Inside)
មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសកម្ពុជា និងប្រទេសសឹង្ហបុរី បានធ្វើកិច្ចប្រជុំជាមួយគ្នា លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំង២។ មន្ត្រីកងទ័ពជើងគោកបានថ្លែងថាជំនួបនេះធ្វើឡើងនៅថ្ងៃទី២៧កុម្ភៈឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសដែលមេបញ្ជាការកងទ័ពជើង គោកសិង្ហបុរីលោកឧត្តមសេនីយ៍ទោ ដេវីត នីអូ កំពុងដឹកនាំគណៈប្រតិភូយោធាបំពេញ ទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកម្ពុជា។
មន្ត្រីយោធាកម្ពុជាបានថ្លែងថា មេបញ្ជាការកងទ័ពជើងគោកទាំង២ប្រទេស បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំបណ្តុះបណ្តាល ធនធានមនុស្ស, ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារៈ ជាដើម និងបានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការទាំងនេះឱ្យកាន់តែសកម្មបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។
កិច្ចពិភាក្សារបស់មេបញ្ជាការកងទ័ពជើងគោកទាំងពីរ បានផ្តោតលើទិសដៅសហប្រតិបត្តិការ និងការរៀបចំសកម្មភាពរួមគ្នាមួយចំនួន រួមមាន៖ ការហ្វឹកហ្វឺន, លំហាត់រួមក្នុងប្រតិបត្តិការ សង្គ្រោះគ្រោះមហន្តរាយ, ការលោតឆ័ត្រមិត្តភាព, ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ព្រមទាំងការពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការទំនាក់ទំនងការងាររវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យបានជាប់ជាប្រចាំ។
ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ទោមេបញ្ជាការកងទ័ពជើងគោកសឹង្ហបុរី គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ ហើយនៅកម្ពុជា ដែលដំណើរទស្សនកិច្ចនេះ ត្រូវបានចាត់ទុកថា នឹងក្លាយជាកម្លាំងចលករបន្ថែមទៀតដែលជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែសកម្មស៊ីជម្រៅ និងរឹងមាំ៕