បុរសឆ្លងវីរុសបក្សីបានចាកចេញពីមន្ទីរពេទ្យហើយ (Video Inside)
បុរសអាយុ៤៩ឆ្នាំដែលគេរកឃើញឆ្លងវីរុសផ្តាសាយបក្សីH5N1 បានចាកចេញពីមន្ទីរពេទ្យហើយ ក្រោយការព្យាបាលរយៈពេល៤ថ្ងៃកន្លងមកនេះ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាការឆ្លងជម្ងឺផ្តាសាយបក្សីកន្លងមក នៅក្នុងស្រុកស៊ីធរកណ្តាល នៃខេត្តព្រៃវែង គឺមានអ្នកឆ្លងតែចំនួន២នាក់ទេ ក្នុងនោះគឺកុមារីអាយុ១១ឆ្នាំបានស្លាប់ និងបុរសជាឳពុកដែលបានឆ្លងនឹងវីរុសបក្សី និងទើបព្យាបាលជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យហើយ។
មន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថាករណីឆ្លងនេះ គឺជាការឆ្លងពីបក្សីមកមនុស្ស និងមិនមែនជាការឆ្លងពីមនុស្ស មកមនុស្សឡើយ។ បុរសជាឳពុកដែលមានវីរុសបក្សីនោះ ក៏បានឆ្លងពីបក្សីនៅក្នុងភូមិ និងមិនមែនជាការឆ្លងមកពីកូនស្រីរបស់គាត់ឡើយ។
សេចក្តីរាយការណ៍របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ដែរថាវីរុសដែលឆ្លងក្នុងខេត្តព្រៃវែងនោះ ត្រូវបានគេកំណត់ថាជាអំបូរ Clade 2.3.2.1C ដែលធ្លាប់បានឆ្លងលើ សត្វបក្សីនៅកម្ពុជាកន្លងមក។ អង្គការសុខភាពពិភពលោក នៅថ្ងៃទី២៨ ខែកុម្ភៈ បានផ្តល់នូវឱសថឈ្មោះតាមីហ៊្វ្លូ Tamiflu ចំនួន៣ពាន់ដូស ដល់ប្រទេសកម្ពុជាសម្រាប់ព្យាបាល និងបង្ការជំងឺផ្តាសាយបក្សីថែមទៀត ក្នុងករណីដែលអាចកើតមានណាមួយជាយថាហេតុ។