ប្រមុខការទូតកាហ្សាក់ស្ថាន ប្រាប់អ្នកកាសែតអាមេរិកថា កាហ្សាក់ស្ថានមិនមានហានិភ័យ ឬមើលឃើញការគំរាមកំហែងពីរុស្ស៊ីនោះទេ
អាស្តាណា៖ សាធារណរដ្ឋកាហ្សាក់ស្ថានមើលមិនឃើញហានិភ័យ ឬការគំរាមកំហែងណាមួយ ដែលនឹងកើតចេញពីប្រទេសរុស្ស៊ីនោះទេ។ រដ្ឋមន្រ្តីការបរទេសកាហ្សាក់ស្ថាន លោក ម៊ូកតា ទីលូប៊ឺឌី បានអះអាងបែបនេះ ក្នុងអំឡុងសន្និសិទសារព័ត៌មានរួមគ្នាជាមួយសមភាគីអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃអង្គារសប្តាហ៍នេះ។
រដ្ឋមន្រ្តីការបរទេសកាហ្សាក់ស្ថាន លោក ម៊ូកតា ទីលូប៊ឺឌី បានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតជនជាតិអាមេរិកម្នាក់ថា នៅពេលនេះ យើងមើលមិនឃើញ និងមិនមានអារម្មណ៍ថា មានការគំរាមកំហែងណាមួយពីសហព័ន្ធរុស្ស៊ីនោះទេ។
លោក ទីលូប៊ឺឌី បានលើកឡើងថា ប្រទេសរបស់គាត់ជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី, អង្គការសន្ធិសញ្ញាសន្តិសុខ និងសមូហភាពនៃរដ្ឋឯករាជ្យ (CIS) ហើយក៏ជាក្រុមក្នុងតំបន់ដែលបង្រួបបង្រួមអតីតរដ្ឋសូវៀតមួយចំនួន។ ដូច្នេះកាហ្សាក់ស្ថានចាត់ទុកទំនាក់ទំនងជាមួយរុស្ស៊ីថា ជា “សម្ព័ន្ធមិត្តដែលដំណើរការក្នុងក្របខ័ណ្ឌនៃរចនាសម្ព័ន្ធពហុភាគីទាំងនេះ”។
លោក ទីលូប៊ឺឌី បន្ថែមថា ទីក្រុងអាស្តាណានឹងបន្តអនុវត្តគោលនយោបាយការបរទេសពហុវ៉ិចទ័រ (multi-vector) សម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្តាប្រទេសមកពីជុំវិញពិភពលោក។
លោកថា កាហ្សាក់ស្ថានមិនបានជួយក្រុមហ៊ុនរុស្ស៊ីឱ្យគេចវេសពីការដាក់ទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនោះទេ ប៉ុន្តែបានទទួលស្គាល់ថា មានស្ថានការណ៍ពិបាកសម្រាប់កាហ្សាក់ស្ថាន ដោយសារតែសេដ្ឋកិច្ចរបស់ខ្លួនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ទីណា
