សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំធ្លាប់បានរំលឹកចំពោះមិត្តភក្តិបរទេសខ្លះថា សូមកុំសាងកំហុសទី៣ មកលើកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ អន្តរ ជាតិ កោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអតីតកាលដ៏ជូរចត់ ដែលធ្វើឱ្យកម្ពុជា ធ្លាក់ចូលក្នុងជ្រោះមរណៈនៃសង្គ្រាម និងរបបប៉ុលពត ដោយសារតែបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ។
សម្ដេចបានរំលឹកថា សម្ដេចធ្លាប់បានរំលឹកចំពោះមិត្តភក្តិបរទេសខ្លះថា កុំឱ្យកសាងកំហុសលើកទី៣ មកលើកម្ពុជា។ សម្តេចតេជោបន្តថា កំហុសទី១ ពួកអ្នកឯង តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ។ ប៉ុន្តែមិននឹកស្មានថា ពួកអ្នកឯង គាំទ្ររដ្ឋប្រហារឆ្នាំ១៩៧០ គាំទ្រនូវរដ្ឋប្រហារយោធាមួយ ដែលនាំប្រទេសរបស់ខ្ញុំ ឈានទៅកាន់សង្គ្រាមមួយ ដែលបើកផ្លូវឲ្យរបបប៉ុលពត ចូលមក។ កំហុសទី២ អ្នកឯងបានគាំទ្រខ្មែរក្រហម នៅក្នុងអង្គការសហប្រជាជាតិ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩១ ។ ដូចនេះ សូមអ្នកកុំបង្កកំហុសទី៣ ដល់កម្ពុជា ដល់ប្រទេស ខ្ញុំបន្តទៀត ដោយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ។
សម្តេច ថា កំហុសដែលពួកគេបានធ្វើ គឺគេមិនដែលសុំទោសនោះទេ គេបានត្រឹមបង្ហាញការសោកស្ដាយ ។ សម្តេច ប្រកាសថា កម្ពុជា មិនអនុញ្ញាតឱ្យបរទេសទាំងឡាយ កសាងកំហុសដ៏ឈឺចាប់មកលើប្រទេសកម្ពុជាបន្តទៅទៀតឡើយ ៕ ដោយ វណ្ណលុក

