មនុស្សស្លាប់ និងរបួសជាង ១១០នាក់ ក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅក្រិក
អាថែន៖ ផ្នែកពន្លត់អគ្គិភ័យបានរាយការណ៍ថា មនុស្ស២៦នាក់បានស្លាប់ និងយ៉ាងហោចណាស់៨៥នាក់រងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងបានបុកគ្នានៅក្នុងប្រទេសក្រិក កាលពីល្ងាចថ្ងៃអង្គារសបា្តហ៍នេះ។
រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងដែលកំពុងធ្វើដំណើរពីទីក្រុងអាថែន ឆ្ពោះទៅកាន់ភាគខាងជើងនៃទីក្រុងថេសាលឡូនីគី បានបុកគ្នាជាមួយនឹងរថភ្លើងដឹកទំនិញមួយគ្រឿងទៀតនៅខាងក្រៅទីក្រុងឡារីសា ភាគកណ្តាលប្រទេសក្រិក។ នេះបើតាមការបញ្ជាក់ពីអភិបាលតំបន់ថេសាលី។ស្របពេលជាមួយគ្នានេះដែរ អ្នកដំណើរប្រហែល ២៥០នាក់ត្រូវបានជម្លៀសទីតាំងកើតហេតុដោយសុវត្ថិភាពទៅកាន់ទីក្រុងថេសាលឡូនីគី តាមរយៈឡានក្រុង។
បើតាមផ្នែកពន្លត់អគ្គិភ័យ ការជម្លៀសអ្នកដំណើរបានប្រព្រឹត្តទៅនៅក្នុងស្ថានភាពលំបាកខ្លាំង ដោយសារស្ថានភាពធ្ងន់ធ្ងរនៃការបុករវាងរថភ្លើងទាំងពីរគ្រឿង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា រថភ្លើងដឹកអ្នកដំណើរផ្ទុកមនុស្សប្រមាណ៣៥០នាក់ នៅពេលវាជួបឧបទ្ទវហេតុ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា

