តេជោសែនព្រមានបរទេសកុំចង់កសាងកំហុសធំទី៣ដាក់កម្ពុជា (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនបរទេសកុំចង់កសាងកំហុសធំផ្សេងទៀតដាក់មក លើប្រទេសកម្ពុជា គ្រាដែលអតីតកាលកម្ពុជាឆ្លងកាត់សង្គ្រាមស៊ីវិល មានមនុស្សរងគ្រោះថ្នាក់ច្រើនលាននាក់ និងធ្វើឱ្យដំណើរអភិវឌ្ឍន៍របស់កម្ពុជា មានសភាពយឺតយ៉ាវជាងគេ។
កម្ពុជាបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមក្នុងខែមីនា ឆ្នាំ១៩៧០ ដោយអំពើរដ្ឋប្រហាររបបសាធារណរដ្ឋខ្មែរគាំទ្រដោយសហរដ្ឋអាមេរិក ដែលរដ្ឋប្រហារនោះហើយ បាននាំឱ្យប្រទេសកម្ពុជាបាន ធ្លាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថារបបវាលពិឃាតខ្មែរក្រហម។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានជួយរំដោះប្រទេសចេញរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩…និងជាគណបក្សក្រាញននៀលបន្តរស់នៅជាមួយប្រជាជនរបស់ខ្លួន កសាងរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ ក្នុងពេលដែលសហគមន៍អន្តរជាតិធ្វើគថ្លង់ និងបិទភ្នែកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេស កម្ពុជានាពេលនោះថែមទៀត។
បន្ទាប់ពីប្រទេសកម្ពុជា បានទទួលសន្តិភាពសាឡើងវិញ ក្រោមការដាក់ចេញយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បំបាត់ចលនាឧទ្ទាមខ្មែរក្រហមអស់ទាំងស្រុងនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨មក ការប៉ុនប៉ងរៀបឧបាយកលនយោបាយអមិត្តចង់នាំប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាម ក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បានកើតឡើងថែមទៀត ប៉ុន្តែត្រូវបានបង្ក្រាបវិញទាន់ពេលវេលា។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ បានថ្លែងប្រាប់អ្នកចូលរួមថាសម្តេចធ្លាប់បានរំលឹកដាស់តឿនប្រាប់បរទេសខ្លះថា សូមកុំបង្កើតកំហុសធំទី៣ឱ្យសោះដាក់មកលើប្រទេសកម្ពុជា។
គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច បានបង្កើតនូវសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ខ្លួន បានជាច្រើនចាប់តាំងពីថ្ងៃរំដោះទី៧ មករា ឆ្នាំ១៩៧៩។ ក្នុងចំណោមស្នាដៃធំដែលលេចធ្លោនោះ គឺទី១ ការជួយសង្គ្រោះជីវិតពលរដ្ឋចេញពីរបបកាប់សម្លាប់ខ្មែរក្រហមថ្ងៃទី៧ មករា ឆ្នាំ១៩៧៩, ទី២ ការធ្វើឱ្យប្រទេសមានសុខសន្តិភាពពិតប្រាកដអស់សង្គ្រាម និងមានការរួបរួមទឹកដីសាឡើងវិញ មិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ តាមរយៈនយោបាយ ឈ្នះឈ្នះ, និងទី៣ ការជួយពលរដ្ឋចៀសរួចផុតពីការស្លាប់ដោយវិបត្តិឆ្លង នៃជម្ងឺកូវីដ-១៩។
គណបក្សប្រជាជនកម្ពុជាកាន់អំណាច នៅបានដាក់ចេញនូវគោលនយោបាយថ្មីមួយបន្ថែមទៀត គឺការធ្វើឱ្យប្រទេសអស់គ្រាប់មីនទាំងស្រុងក្នុងឆ្នាំ២០២៥។