មេបញ្ជាការកងទ័ពជើងគោកថ្កោលទោសអំពើប្រមាថព្រះមហាក្សត្រ (Video Inside)
មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ និងអសីលធម៌។ ប្រសាសន៍ថ្លែងនេះ បានធ្វើឡើង ក្នុងពិធីសម្ពោធអគារទីបញ្ជាការនិងសមិទ្ធផលនានារបស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងពិធីថា ”ក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោកសូមប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព និងការបង្រួប បង្រួមជាតិ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ដោយប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ”។
ប្រសាសន៍បញ្ជាក់ភាពប្តេជ្ញាចិត្តនេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពជើងគោក, បណ្តាស្ថាប័ន និងអង្គភាពនានាទូទាំងប្រទេស បានធ្វើការថ្កោលទោសដល់ទណ្ឌិត សម រង្ស៊ី ដែលបន្តប្រើសម្តីប្រមាថដាក់មកលើព្រះមហាក្សត្រជាទីគោរពសក្ការៈ បន្ទាប់ពីព្រះអង្គមានព្រះរាជបន្ទូលតាមព្រះរាជសារអំពាវនាវពលរដ្ឋសូមចូលរួមការបោះឆ្នោតថ្ងៃទី២៣កក្កដាឆ្នាំ២០២៣ ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់កងកម្លាំងក្រោមបង្គាប់ក្នុងពិធីនោះទៀតថា «អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ៖ (i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅ ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និង (ii) ត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីការពារសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម និងស្ថិរភាពជាតិ។