លោក ម៉ាក្រុង ផ្តើមទស្សនកិច្ច នៅអាហ្រ្វិក ខណៈនិន្នាកាប្រឆាំងបារាំងកើនឡើង ក្នុងប្លុកនេះ

ប្រធានាធិបតីនៃប្រទេសបារាំងបានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច នៅប្រទេសចំនួន៤ ក្នុងប្លុកអាហ្វ្រិក។ ប្រធានាធិបតីបារាំងលោក មេននូអែល ម៉ាក្រុង (Emmanuel Macron) បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្រ្វិកកណ្តាល កាលពីថ្ងៃពុធ សប្តាហ៍នេះ ក្នុងការជំរុញការទូតដើម្បីសាកល្បង “ទំនាក់ទំនងប្រកបដោយទំនួលខុសត្រូវ” ថ្មីមួយ ជាមួយទ្វីបនេះ ហើយក៏ស្របពេលដែលនិន្នាកាប្រឆាំងនឹងបារាំងកើនឡើងខ្ពស់ នៅក្នុងតំបន់ដែលធ្លាប់ជាអាណានិគមរបស់បារាំង សម្រាប់ប្រទេសមួយចំនួន។

លោក ម៉ាក្រុង បានអញ្ជើញទៅដល់រដ្ឋធានី លីប្រេវីល (Libreville) របស់ប្រទេស ហ្គាបុង (Gabon) កាលពីថ្ងៃពុធ សប្តាហ៍នេះ ហើយក្រោយមក លោកត្រូវធ្វើដំណើរទៅកាន់ប្រទេស អង់ហ្គោឡា (Angola), ប្រទេស កុងហ្គោ ប្រាហ្សាវីល (Congo-Brazzaville) និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលនៅជិតខាង។

ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង កើតឡើងស្របពេលដែលមានការជូនដំណឹង នៅទីក្រុងប៉ារីស ជុំវិញការកើនឡើងឥទ្ធិពលរបស់រុស្ស៊ី នៅក្នុងបណ្តាប្រទេសអាហ្វ្រិក និយាយភាសាបារាំង ដែលមានវត្តមាននៅក្នុងតំបន់ អស់រយៈពេលជាច្រើនឆ្នាំ។

នៅក្នុងសុន្ទរកថា ស្តីពីគោលនយោបាយអាហ្វ្រិក របស់ប្រទេសបារាំង កាលពីថ្ងៃចន្ទ លោក ម៉ាក្រុង បានអំពាវនាវឱ្យមាន “ទំនាក់ទំនងទៅវិញទៅមក និងប្រកបដោយការទទួលខុសត្រូវ” ជាមួយទ្វីបនៃប្រទេសជាង ៥០ ហើយក៏មានប្រធានបទស្តីពីបញ្ហាអាកាសធាតុផងដែរ។

លោក ប្រធានាធិបតីបារាំងក៏បាននិយាយផងដែរថា យោធាបារាំងនឹងកាត់បន្ថយការបោះជំហានរបស់ខ្លួន នៅលើទ្វីបនេះ ក្នុងប៉ុន្មានខែខាងមុខនេះ ទោះបីជាប្រភពយោធា និងអ្នកវិភាគបាននិយាយថា មេទ័ពបារាំងអាចនឹងមានការស្ទាក់ស្ទើរ ក្នុងការធ្វើដូច្នេះក៏ដោយ។

យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ទាហានបារាំងជាង ៣០០០ នាក់ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេស សេណេហ្គាល់ កូតឌីវ័រ ហ្គាបុង និងជីប៊ូទី ហើយ៣០០០ នាក់ទៀតស្ថិតនៅក្នុងតំបន់ សាហែល (Sahel) ភាគខាងជើងទ្វីបអាហ្រ្វិកបន្ថែមទៀត រួមទាំង មាននៅប្រទេស នីហ្សេរ (Niger) និង ប្រទេស ឆាដ (Chad) ទៀតផង ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner