បាញ់ប្រហារលើហាងគ្រួសាររបស់កីឡាករ Messi មានប្រតិកម្មពីប្រធានាធិបតីអាហ្សង់ទីន
ប៊ុយណូស៊ែ៖ លោក ប្រធានាធិបតីអាហ្សង់ទីនបានប្រតិកម្មនឹងការវាយប្រហារលើហាង ដែលជាកម្មសិទ្ធិនៃគ្រួសារភរិយា របស់តារាបាល់ទាត់ដ៏ល្បីលើពិភពលោក មេស៊ី ( Messi) ដោយគេដឹងថា ជាកីឡាករមានសញ្ជាតអាហ្សង់ទីន។
លោក ប្រធានាធិបតីអាហ្សង់ទីន អាល់បឺតូ ហ្វឺណានដេស (Alberto Fernandez) បាននិយាយថា “អ្វីមួយនឹងត្រូវធ្វើ” បន្ទាប់ពីបុរសពីរនាក់បានបាញ់ប្រហារនៅផ្សារទំនើបបិទជិតដែលជាកម្មសិទ្ធិរបស់គ្រួសារភរិយារបស់កីឡាករ លីអនណេល មេស៊ី (Lionel Messi) ក្នុងទីក្រុង រ៉ូសារីយ៉ូ (Rosario) ហើយថែមទាំងបានបន្សល់ទុកសារគំរាមកំហែងសរសេរ ទុកនៅលើដី សំដៅទៅលើកីឡាករ ដែលជាម្ចាស់ពានរង្វាន់ បល់ឡន ដ៏ (Ballon d’Or) ៧សម័យកាល»
គួរបញ្ជាក់ថា កាលពីថ្ងៃព្រសហ្បត៍ សប្តាហ៍នេះ មានការបាញ់ប្រហារនៅហាងគ្រួសារ Messi ដោយបានបន្សល់ទុកការគំរាមកំហែង ដល់ មេស៊ី ក្នុងនោះ នាពេលយប់ជ្រៅ មានបុរសពីរនាក់បានបាញ់ប្រហារនៅផ្សារទំនើបបិទជិត ដែលជាកម្មសិទ្ធិរបស់គ្រួសារភរិយា របស់ លីអនណេល មេស៊ី (Lionel Messi) ដោយបានបន្សល់ទុកសារគំរាមកំហែងនៅលើដី សំដៅទៅលើម្ចាស់ពានរង្វាន់ បល់ឡន ដ៏ (Ballon d’Or) ៧សម័យកាល។
សារនោះ មានខ្លឹមសារថា «មេស៊ី (Messi), យើងកំពុងរង់ចាំអ្នក… ចាគគីន (Javkin) គឺជាអ្នកជួញដូរគ្រឿងញៀន… គេនឹងមិនមើលថែអ្នកទេ»។ សំណេរនេះត្រូវបានសរសេរដោយដៃ ដែលបានបន្សល់ទុកនៅលើដី គេជឿថាដោយអ្នកបាញ់ ១៤ គ្រាប់ចូលទៅក្នុងផ្នែកខាងមុខនៃហាង ស្ថិតក្នុងផ្សារទំនើប នៅព្រឹកព្រលឹមនៃថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។
លោក ប៉ាប្លូ ចាគគីន (Pablo Javkin) គឺជាអភិបាលក្រុង រ៉ូសារីយ៉ូ (Rosario) ដែលជាស្រុកកំណើតរបស់កីឡាករ មេស៊ី ជាកន្លែងដែលផ្សារទំនើបស្ថិតនៅ មានចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រភាគពាយព្យ នៃរដ្ឋធានី ប៊ុយណូស៊ែ ( Buenos Aires) ប្រទេសអាហ្សង់ទីន ។
លោក ប៉ាប្លូ ចាគគីន ចេញមុខមកបញ្ជាក់ថា គោលបំណងនៃការវាយប្រហារនេះគឺដើម្បី “បង្កើតភាពចលាចលនៅក្នុងទីក្រុង” ។ លោក ចាគគីន បាននិយាយថា “រឿងនេះបានបន្តមួយរយៈមកហើយ” ។ “យើងមានកងកម្លាំងសន្តិសុខប្រាំនាក់ដែលកំពុងប្រតិបត្តិការនៅ Rosario នៅឡើយ ដែលពួកគេអាចធ្វើបាន ពីព្រោះគ្មាននរណាម្នាក់ដេញតាមពួកគេ” ។
សាក្សីម្នាក់បានបញ្ជាក់ថា ឃើញបុរសទាំងពីរជិះម៉ូតូមកដល់មុនម៉ោង៣ទៀបភ្លឺ ។ ម្នាក់ក្នុងចំណោមពួកគេបានចុះពីលើ បាញ់ទម្លាក់ក្រដាសប្រាក់ ហើយពួកគេទាំងពីររត់គេចខ្លួន។
រីឯ ជំនួយការប៉ូលិសប្រចាំតំបន់ លោក អ៊ីវ៉ាន ហ្គនហ្សាឡេស (Ivan Gonzalez) បានប្រាប់ស្ថានីយទូរទស្សន៍ កាឌេណា ៣ (Cadena 3) ថា សារនេះមិនមែនជាការគំរាមកំហែងទេ ប៉ុន្តែជាការប៉ុនប៉ងដើម្បីទាក់ទាញការចាប់អារម្មណ៍។ លោកថា គ្មាននរណាម្នាក់រងរបួសទេ ព្រោះគ្មានអ្នកនៅក្នុងបរិវេណនោះទេ នៅម៉ោងនោះ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

