ជនជាតិអ៊ីស្រាអែលប្រកាស «សង្គ្រាមនៃការតវ៉ា» ប្រឆាំងរដ្ឋាភិបាល
ប្រជាជនជាតិអ៊ីស្រាអែលបានប្រកាស “សង្រ្គាម” នៃការតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលខ្លួនឯង បន្ទាប់ពីកើតមានការបង្ក្រាបបាតុកម្មដ៏កម្រ។
ជនជាតិអ៊ីស្រាអែលស្រែកពាក្យស្លោក ក្នុងអំឡុងពេលតវ៉ានៅមុខសភា ក្នុងទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃព្រហស្បត៍ សប្តាហ៍នេះ ប្រឆាំងនឹងច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាល។
ក្រុមអ្នកតវ៉ាបានទទូចថា ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើ “សង្រ្គាម” ប្រឆាំងនឹងរដ្ឋាភិបាល តាមរយៈបាតុកម្ម ដើម្បីរារាំងផែនការរបស់ខ្លួន។
ជាការកត់សម្គាល់ កាលពីថ្ងៃពុធ សប្តាហ៍នេះ នគរបាលប្រទេសអ៊ីស្រាអែលបានបង្ក្រាបការតវ៉ាកំណែប្រឆាំងនឹងការធ្វើកំណែទម្រង់ច្បាប់ ស្របពេលដែលអ្នករិះគន់ថា ទង្វើនេះគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។ នគរបាលបានប្រើគ្រាប់បែកដៃ កាណុងបាញ់ទឹក និងនគរបាលនៅលើខ្នងសេះ ក្នុងការប្រើប្រាស់កម្លាំងបង្ក្រាបដ៏កម្រ នៅក្នុងទីក្រុង តែល អាវីវ ជាក្រុងឆ្នេរសមុទ្រ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) បានចេញសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ កាលពីថ្ងៃពុធ ដោយលោកបានថ្លែងថា៖ «សិទ្ធិធ្វើបាតុកម្មមិនមែនជាសិទ្ធិបិទប្រទេសទេ» ដោយចោទបាតុករថាឆ្លងកាត់ «ខ្សែក្រហម»។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏ធ្លាប់បានសង្កត់ធ្ងន់លើការគាំទ្ររបស់លោក ចំពោះប៉ូលីស ដែល “ធ្វើសកម្មភាពប្រឆាំងនឹងអ្នកបំពានច្បាប់ ដែលរំខានដល់ជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋអ៊ីស្រាអែល”។
ការប្រមូលផ្តុំគ្នាធ្វើសកម្មភាពតវ៉ាជាបន្តបន្ទាប់ទាំងនៅក្រុងតែល អាវីវ និង រដ្ឋធានី ហ្សេរុយសាឡឹមបានកើតឡើង នៅពេលដែលសមាជិកសភាអ៊ីស្រាអែល បានអនុម័ត ក្នុងការអានសេចក្តីព្រាងច្បាប់បឋម ដែលកំណត់ឱកាសនៃការចោទប្រកាន់នាយករដ្ឋមន្ត្រី៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត