ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គាំទ្រសំណើរបស់ចិន ក្នុងការស្វែងរកដំណោះស្រាយសន្តិភាព សង្គ្រាមនៅអ៊ុយក្រែន
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គាំទ្រសំណើរបស់ចិន ក្នុងការស្វែងរកដំណោះស្រាយសន្តិភាព សង្គ្រាមនៅអ៊ុយក្រែន ។ ការប្រកាសគាំទ្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមាសន្តិភាព នាល្ងាចថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ។
សម្ដេចតេជ ហ៊ុន សែន បានមានប្រសាសន៍ថា នៅក្នុងឱកាសគម្រប់ខួបមួយឆ្នាំ នៃសង្គ្រាមអ៊ុយក្រែន ប្រទេសចិន បានដើមតួនាទីឈានមុខមួយក្នុងការស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងសំណើ ១២ចំណុច ក្នុងការជំរុញដល់ភាគីពាក់ព័ន្ធគោរពនូវច្បាប់អន្តរជាតិ, ការអំពាវនាវឱ្យបញ្ចប់សង្គ្រាម ងាកមករកការចរចារ និងការផ្តល់ជំនួយ ដើម្បីស្ដារឡើងវិញ គឺស្របនឹងគោលជំហររបស់កម្ពុជា និងបានអំពាវនាវឱ្យភាគីនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទទួលយកសំណើរនេះធ្វើជាដំណោះស្រាយផងដែរ។
សម្ដេចតេជោ បានបន្តថា៖ កម្ពុជាគាំទ្រសំណើរ ១២ ចំណុចរបស់ចិន ដោយសារសំណើរបស់ប្រទេសចិន ចែងអំពីការគោរពច្បាប់អន្តរជាតិ គោលការណ៍រដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលជាវិធានសម្រាប់ទំនាក់ទំនងសម្រាប់រដ្ឋអធិបតេយ្យ ដូចជារដ្ឋអធិបតេយ្យ អធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនិយម ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បាបន្ថែមថា តាមបទពិសោធន៍ សង្គ្រាមគឺជាមធ្យោបាយអាក្រក់បំផុតសម្រាប់ការបញ្ចប់សង្គ្រាម ឯបទឈប់បាញ់គឺមធ្យោបាយល្អបំផុតសម្រាប់បញ្ចប់នូវសង្គ្រាម។ ឯបទឈប់បាញ់ គឺជាមធ្យោបាយល្អបំផុត ដើម្បីឈានទៅបញ្ចប់សង្គ្រាម ។ កម្ពុជា ក៏អំពាវនាវភាគីពាក់ព័ន្ធទាំងអស់ ពិចារណាដោយយកចិត្តទុកដាក់បំផុត ចំពោះសំណើរបស់ចិន ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា បញ្ចប់ការឈឺចាប់របស់ប្រជាជន ការបំភ្លេចបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ នាំត្រឡប់មកវិញនូវសន្តិភាព ៕ អត្ថបទ៖ វណ្ណលុក, រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ











